ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អវកាស​​អាមេរិក​សម្រេច​ពន្យារ​ការ​បាញ់​បង្ហោះ​​សាកល្បង​យាន​ទៅ​ព្រះចន្ទ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស


 កាំជ្រួច​របស់​ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក (NASA) ដែល​គ្រោង​នឹង​ត្រូវ​បង្ហោះ​ទៅ​កាន់​ភពព្រះចន្ទ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy Space នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២។ (AP Photo/John Raoux)
កាំជ្រួច​របស់​ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក (NASA) ដែល​គ្រោង​នឹង​ត្រូវ​បង្ហោះ​ទៅ​កាន់​ភពព្រះចន្ទ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy Space នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២។ (AP Photo/John Raoux)

ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក(NASA) បាន​ពន្យារ​ពេលគម្រោង​បង្ហោះ​សាកល្បង​កាំជ្រួច​និង​យាន​សម្រាប់​ដឹក​អ្នក​អវកាស​ទៅ​ភព​ព្រះចន្ទ កាលពី​ថ្ងៃ​ចន្ទ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ហៀរ​សាំង និង​ការ​លំបាក​ក្នុងការ​បន្ថយ​កម្តៅ​ម៉ាស៊ីន​ជំរុញ​មួយ​នៅ​មុនពេល​គ្រោង​បាញ់​បង្ហោះ។

ប្រសិន​បើ​បញ្ហា​បច្ចេកទេស​ទាំង​នេះ​ត្រូវ​បាន​គេ​ដោះស្រាយ​រួច​រាល់ ទីភ្នាក់ងារ NASA គ្រោង​នឹង​សាកល្បងបាញ់​បង្ហោះ​កាំជ្រួច​ម្តង​ទៀត​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

លោក Bill Nelson ប្រធាន​ទី​ភ្នាក់ងារ​អវកាស NASA បាន​ថ្លែង​អំពី​ការ​សម្រេច​ពន្យារ​ពេល​ការ​បាញ់បង្ហោះ​នោះ​ថា៖ «យើង​នឹង​មិន​បង្ហោះ​ទេ ដរាប​ណា​វា​មិន​ទាន់​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ។‍ យើង​មិន​អាច​ធ្វើ​វា​បាន​ទេ។ មាន​នីតិវិធី​ណែនាំ​ជាក់លាក់ ហើយ​ខ្ញុំ​គិត​ថា​នេះ​បង្ហាញថា វា​ជា​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ ជា​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ ហើយ​ផ្នែក​ទាំង​អស់​ត្រូវ​តែ​ដំណើរការ​ឱ្យ​បាន​ត្រឹមត្រូវ‍»។‍

បុគ្គលិក​ NASA កាល​ពី​ថ្ងៃ​ចន្ទ​ ក៏សម្រេច​ពន្យារ​គម្រោង​បាញ់បង្ហោះ​មួយ​ផ្នែក​ទៀត​ដោយ​សារ​មាន​ខ្យល់​ព្យុះ​ដែល​បក់​នៅ​ក្បែរ​កន្លែង​បាញ់​បង្ហោះ​នៅ​រដ្ឋ​ Florida ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

គម្រោង​បាញ់​សាកល្បង​នេះ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម Artemis ដើម្បី​បញ្ជូន​អ្នក​អវកាស​អាមេរិក​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ​វិញ ​គឺ​នៅ​រយៈពេល​៥០​ឆ្នាំ​បន្ទាប់​មក ​ក្រោយពី​បេសកកម្ម Appollo ទៅ​ឋាន​ព្រះចន្ទ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​បញ្ចប់​។ នៅពេល​នេះ NASA គ្រោង​ប្រើ​កាំជ្រួច​ដ៏​ខ្លាំង​បំផុត​របស់​ខ្លួន ដើម្បី​សាកល្បង​បញ្ជូន​យាន Orion គ្មាន​មនុស្ស​បើក ទៅ​ក្រឡឹង​ជុំវិញ​ព្រះចន្ទ​ រួច​ត្រឡប់​មក​ភព​ផែនដី​វិញ​ក្នុង​រយៈពេល​៦​សប្តាហ៍។

ប្រសិន​បើ​បេសកកម្ម Artemis នេះ​បាន​ជោគជ័យ នោះ​ NASA អាច​បញ្ជូន​អ្នក​អវកាស​ត្រឡប់ទៅ​លើ​ផ្ទៃ​ព្រះចន្ទ​វិញ​នៅឆ្នាំ​២០២៥។

គោលដៅចុងក្រោយរបស់​បេសកកម្ម Artemis នេះ គឺ​ទី​ភ្នាក់ងារ NASA ​គ្រោង​បង្កើត​មូលដ្ឋានអវកាស​អចិន្ត្រៃយ៍​មួយ​លើ​ឋាន​ព្រះចន្ទ ដើម្បី​រៀន​សូត្រ​ពី​ភព​នេះ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ជូន​មនុស្ស​បន្ត​ទៅ​ភព​ព្រះអង្គារ ដែលមិន​ធ្លាប់​មាន​មនុស្ស​ទៅ​ដល់ ហើយ​នៅ​ឆ្ងាយ​ខ្លាំង​ជាង​ព្រះចន្ទ​ទៅ​ទៀត៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះមាន​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP ទី​ភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG