ណាសា​បង្ហោះ​យាន Perseverance ទៅ​ស្វែង​រក​ដាន​ជីវិត​នៅ​ភព​ព្រះ​​អង្គារ​

អង្គការ​អវកាស​ណាសា​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហោះ​យាន​រុករក​ថ្មី​មួយ​ឈ្មោះ Perseverance ទៅ​កាន់​ភព​ព្រះ​អង្គារ ពី​បន្ទាយអាកាសCape Canaveral ក្នុង​ Cape Canaveral រដ្ឋ Florida កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

អង្គការ​អវកាស​ណាសា​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហោះ​យាន​រុករក​ថ្មី​មួយ​ឈ្មោះ Perseverance ទៅ​កាន់​ភព​ព្រះ​អង្គារ ដែល​នេះ​កត់សម្គាល់បេសកកម្ម​ទី​៩របស់​អង្គការ​ណាសា​ទៅ​កាន់​ភព​ក្រហម​នេះ។

យាន​Perseverance ដែល​ឈ្មោះ​នេះ​មាន​ន័យ​ថា «ស្មាតី​តស៊ូ​មោះមុត» ត្រូវ​បាន​បាញ់​បង្ហោះ​ពី​លើ​កាំជ្រួច Altas 5 ពី​មជ្ឈមណ្ឌល​អវកាស Cape Canaveral ក្នុង​រដ្ឋ Florida ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​អាកាសធាតុ​ល្អ​និង​មេឃ​ស្រឡះ។ បេសកកម្ម​នេះ​មាន​តម្លៃ​២.៤០០​លាន​ដុល្លារ ដើម្បី​ស្វែង​រកដាន​នៃ​ជីវិត​ពី​អតីតកាល​នៅភព​អង្គារ​ដែល​នៅជិត​ខាង​ភព​ផែនដី និង​សាកល្បង​ឧបករណ៍​សម្រាប់​បេសកកម្ម​បញ្ជូនមនុស្ស​ទៅ​ភព​អង្គារ​នៅ​ពេល​អនាគត។

យាន Perseverance ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ភព​អង្គារ​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ដោយ​ចុះចត​នៅ​ក្នុង​មាត់​ភ្នំភ្លើង Jezero ជម្រៅ​២៥០​ម៉ែត្រ​លើ​ភព​អង្គារ ដែល​ធ្លាប់​ជា​បឹងមួយ​កាល​ពី​ប្រមាណ​៣.៥០០​លាន​ឆ្នាំ​មុន ហើយ​ដែល​អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​ថា​មាន​ដាន​នៃ​ជីវិត​ពី​អតីតកាល។

អ្នក​វិទ្យាសាស្ត្រ​តែងសង្ស័យថា​ភព​ព្រះអង្គារ​ធ្លាប់ជា​ភព​ដែល​មាន​បរិយាកាស​អំណោយ​ផល​អាច​ទ្រទ្រង់​ជីវិត​បាន។ កន្លង​មក​ពួក​គេ​បាន​រក​ឃើញ​ស្លាកស្នាម​នៃ​ទឹក​នៅ​លើ​ភព​អង្គារ ហើយ​ទឹក​ជា​សារធាតុ​ទ្រទ្រង់​សំខាន់​មួយ​នៃ​ជីវិត។​

ការ​បង្ហោះរបស់​សហរដ្ឋ​អាមេរិក​នេះ​ជា​ការ​បង្ហោះ​យាន​អវកាស​ទី​៣​ទៅ​កាន់​ភព​អង្គារនៅ​ក្នុង​ខែ​កក្កដា​នេះ​បន្ទាប់​ពី​អេមីរ៉ាត​អារ៉ាប់​រួម និង​ប្រទេស​ចិន ដោយ​សារ​អំឡុង​ខែ​កក្កដា ជា​ពេល​ដែល​គន្លង​ភព​អង្គារ​ខិត​មក​ជិត​ភព​ផែនដី​បំផុត៕