កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) បានច្រានចោលការកោះហៅរបស់ក្រសួងការងារឱ្យជួបចរចាដោះស្រាយវិវាទការងាររ៉ាំរ៉ៃរយៈពេលជិត៩ខែដោយលើកហេតុផលថាពួកគេគ្មានថ្នាក់ដឹកនាំសហជីពដែលបានទទួលការទុកចិត្តពីកម្មករនិយោជិតនៅក្រុមហ៊ុនឱ្យធ្វើជាអ្នកចរចាបញ្ចប់វិវាទ។
នៅព្រឹកថ្ងៃចន្ទនេះកម្មករនិយោជិតស្រ្តីជិត២០នាក់ដែលមិនសុខចិត្តនឹងការបញ្ឈប់បុគ្គលិកទាំងបង្ខំនិងបំណងរំលាយសហជីពដោយក្រុមហ៊ុនណាហ្គាវើលដ៍បានមកប្រមូលផ្តុំគ្នានៅមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងបានដាក់ញតិ្តសុំឱ្យមានការសម្រួលដោះលែងតំណាងសហជីព៨នាក់ដែលកំពុងជាប់ឃុំ ដើម្បីបើកផ្លូវឱ្យមានការជួបពិភាក្សាដោះស្រាយវិវាទដែលបានបង្កឱ្យមានកូដកម្មអស់រយៈពេល២២ថ្ងៃ។
ការមកដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីសប្តាហ៍មុនបានចេញលិខិតអញ្ជើញតំណាងឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
នៅមុខទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតនៅជាប់មហាវិថីសហព័ន្ធរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទតំណាងកូដករមួយរូបគឺអ្នកស្រី វ៉ាន់ រីណា ដែលបម្រើការងារនៅកាស៊ីណូណាហ្គាវើលដ៍បានប្រាប់សន្និសីទព័ត៌មានមួយថាកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍មិនព្រមទទួលយកការពិភាក្សាណាមួយទេ បើគ្មានវត្តមានថ្នាក់ដឹកនាំសហជីពនិងសកម្មជនសហជីព។
អ្នកស្រីថ្លែងថា៖ «បើសិនជាអត់មានតំណាងរបស់ពួកខ្ញុំទេ...ទាំង៨នាក់ហ្នឹងទេ...ពួកខ្ញុំមិនចូលរួមធ្វើការពិភាក្សាអីទាំងអស់ព្រោះពួកខ្ញុំទាំងអស់គ្នាបានបោះឆ្នោតផ្ទេរសិទ្ធិទៅឱ្យពួកគាត់ធ្វើជាតំណាងពួកខ្ញុំ»។
អ្នកស្រី សុភ័ក្ត្រ មុលីកា ជាកូដករដែលចូលរួមដាក់ញត្តិនៅក្រសួងការងារផងដែរនោះនិយាយថាក្រសួងការងារធ្វើការដោយមានភាពមិនប្រក្រតីព្រោះក្រសួងមិនព្រមចេញលិខិតអញ្ជើញឱ្យមកទូទាត់សំណងខូចខាតផ្សេងៗដែលផ្តើមចេញពីការបណ្តេញកម្មករនិយោជិតឡើយនៅពេលតំណាងសហជីពនៅក្រៅឃុំ។
កូដកររូបនេះថ្លែងថា៖ «មួយទៀតសុំបញ្ជាក់ទៅខាងក្រសួងដែរអ្វីដែលពួកខ្ញុំចង់បានគឺត្រូវការឱ្យក្រុមហ៊ុនចូលតុចរចាជាមួយតំណាងរបស់ខ្ញុំទាំង៨រូបដែលពួកគាត់[ត្រូវ]បានឃាត់ខ្លួនទៅ។អ៊ីចឹងអ្វីដែលពួកខ្ញុំចង់បានពេលនេះគឺត្រូវតែដោះលែងពួកគាត់ឱ្យចូលតុចរចា មិនមែនគ្រាន់តែគុណលុយឱ្យត្រូវហើយឱ្យពួកខ្ញុំទៅយកលុយដើរចេញចប់ទេ»។
កម្មករនិយោជិតនិងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុនកាលពីចុងខែមេសាឆ្នាំ២០២១ពោលគឺនៅពេលកម្មករនិយោជិតជាង១.៣០០នាក់ត្រូវបានបញ្ឈប់ពីការងារហើយបុគ្គលិកអះអាងថាក្រុមហ៊ុនមិនផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដូចជាប្រាក់អតីតភាពការងារ។
ក្រុមហ៊ុនត្រូវតំណាងសហជីពចោទថាមានចេតនាបំបាត់សំឡេងតំណាងបុគ្គលិកដោយសារក្រុមហ៊ុនមិនព្រមបើកផ្លូវឱ្យថ្នាក់ដឹកនាំនិងតំណាងសហជីពនិងបុគ្គលិកចំនួន៣៦៥នាក់នៅក្រុមហ៊ុនបានវិលត្រឡប់មកកន្លែងការងារវិញ។
ក្នុងការធ្វើសន្និសីទកាសែតនៅថ្ងៃចន្ទនេះតំណាងកូដករផ្សេងទៀតបានលើកឡើងពីការរារាំងរបស់ជនស៊ីវិលមួយរូបមិនឱ្យតំណាងកូដករយកញត្តិចូលទៅក្នុងក្រសួងការងារដែលនាំឱ្យមានការជជែកដេញដោលគ្នារវាងតំណាងកូដករមួយរូបនិងមន្ត្រីទទួលបន្ទុកដោះស្រាយការធ្វើបាតុកម្មគឺលោកអ៊ូ រតនាដែលបានប្រាប់តំណាងកូដករថាគ្មានការរារាំងពីបុគ្គលណាមិនឱ្យចូលទៅក្នុងបរិវេណក្រសួងទេ។
លោក អ៊ូ រតនា ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់ក្រសួងការងារបានសួរតំណាងកូដករថា៖ «មានបំណងចូលទៅជជែកពិភាក្សាក្នុងក្រសួងដែរឬទេ?»តែតំណាងកូដករបដិសេធដាច់អហង្ការមិនចូលទៅក្នុងក្រសួងល្គឹកណាមិនមានវត្តមានតំណាងរបស់ពួកគេទាំង៨នាក់ដែលកំពុងជាប់ឃុំពីបទញុះញង់។
លោក អ៊ូ រតនា ប្រាប់តំណាងកូដករមួយរូបថាការជួបជុំនៅមុខក្រសួងគួរបញ្ឈប់ បើសិនមិនចង់មានការពិភាក្សា។
លោកនិយាយថា៖ «ការដោះស្រាយគឺការអង្គុយនៅតុទល់មុខគ្នា មិនមែនការនៅអ៊ីចឹងទេ។ តែបើសិនជាប្អូនអត់ទេគឺសុំអូខេ[មិនអីទេ]យើងអាចបញ្ចប់បញ្ហាទៅ។ សុំយើងបញ្ចប់»។
កញ្ញា មៀច ស្រីអូន ដែលជាតំណាងកូដករនិយាយតទល់គ្នាជាមួយលោកអ៊ូ រតនាបានតបថា៖«ខ្ញុំមានតំណាងមានអាណាព្យាបាលត្រឹមត្រូវក្នុងការចូលតុ[ចរចា]។ សួរថាបើក្រុមហ៊ុនណាហ្គាវើលដ៍នេះចាប់តំណាងពួកខ្ញុំទាំង៨រូបយ៉ាងអយុត្តិធម៌ដាក់គុកព្រៃសសួរថាតើយុត្តិធម៌នៅត្រង់ណាសម្រាប់កូដករកម្មករដែលទាមទារសិទ្ធិសេរីភាពសម្រាប់អាហារ៣ពេលនេះពូ?»
ដោយឡែកអ្នកស្រី លឹម ដានី វ័យ៣៧ឆ្នាំកម្មករនិយោជិតមួយរូបដែលត្រូវក្រុមហ៊ុនបញ្ឈប់និងដែលមានអតីតភាពការងារ១៥ឆ្នាំប្រាប់វីអូអេថាក្រុមហ៊ុនណាហ្គាវើលដ៍មិនព្រមធ្វើតាមការទាមទាររបស់កម្មករនិយោជិតដោយសារក្រុមហ៊ុននេះមានបំណងចម្បងមួយគឺរំលាយសហជីពចោលតែម្តង។
អ្នកស្រីថ្លែងថា៖ «ចេតនាដ៏ធំគឺចង់រំលាយសហជីពហ្មង។អត់មានវិបត្តិកូវីដអីទេ។គាត់យកមក...ចេតនាគាត់យកលេសវិបត្តិកូវីដ។ប៉ុន្តែយើងមើលឱ្យឃើញទៅក្រុមហ៊ុននៅតែចំណេញរហូតហើយណាហ្គាមួយណាហ្គាពីរណាហ្គាបី...ណាហ្គាបីនេះកំពុងតែសាងសង់បុកគ្រឹះទាំងយប់ទាំងថ្ងៃ។ អ៊ីចឹងគ្រាន់តែគាត់ទទួលពួកយើង៣៦៥នាក់ចូលធ្វើការវិញហើយគឺចប់ហើយ»។
គួររំឭកផងដែរថា អំឡុងពេលនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតណាហ្គាវើលដ៍៣សប្តាហ៍មកនេះមានការចាប់ខ្លួនកូដករនិងតំណាងសហជីពយ៉ាងហោចណាស់២៩នាក់ហើយពេលបច្ចុប្បន្ននេះមានថ្នាក់ដឹកនាំនិងសកម្មជនសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់កំពុងស្ថិតនៅក្នុងពន្ធនាគាររង់ចាំការកាត់ទោសបន្ទាប់ពីពួកគេត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រុមតំណាងកូដករនិងបុគ្គលិកដែលត្រូវបានបណ្តេញចេញពីការងារបានថ្លែងក្នុងសន្និសីទកាសែតនៅមុខក្រសួងការងារកាលពីព្រឹកថ្ងៃចន្ទនេះថាពួកគាត់មិនបារម្ភនឹងវិធានការច្បាប់របស់អាជ្ញាធររាជធានីដែលជារឿយៗចោទថាកូដកម្មខុសច្បាប់។ អ្នកតវ៉ានិយាយថាកូដកម្មនឹងបន្តធ្វើរាល់ថ្ងៃបើសិនជាគ្មានដំណោះស្រាយពាក់ព័ន្ធនឹងការជំរុញឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកចូលធ្វើការវិញនិងការដោះលែងតំណាងសហជីព។
ក្នុងញត្តិដែលតំណាងកូដករយកទៅដាក់នៅក្រសួងការងារនោះ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានស្នើសុំឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងការងារមួយរូបដែលកម្មករនិយោជិតមិនបញ្ចេញឈ្មោះ តែត្រូវគេដឹងថាជាអ្នកនាំពាក្យក្រសួងការងារនោះឱ្យសុំទោសជាសាធារណៈចំពោះការថ្លែងតាមប្រព័ន្ធសង្គមហ្វេសប៊ុកថាកូដកម្មរបស់កម្មករនិយោជិតនៅមុខកាស៊ីណូក្រុមហ៊ុនណាហ្គាវើលដ៍មានចរិតជាបដិវត្តន៍ពណ៌ ដោយសារមានស្រ្តីមានផ្ទៃពោះចូលរួម។
ញតិ្តរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បានសរសេរតាមន័យដើមថា៖«មន្ត្រីសាធារណៈណាមួយដែលចោទប្រកាន់ដ៏ក្លែងក្លាយដោយគ្មានមូលដ្ឋានគួរតែចេញមុខសុំទោសបងប្អូនបុគ្គលិកនិងប្រជាពលរដ្ឋទូទាំងប្រទេសចំពោះការបញ្ចេញមតិមិនពិតដែលមានលក្ខណៈបង្ខូចកេរ្តិ៍ដល់បងប្អូនបុគ្គលិកដែលគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការធ្វើកូដកម្មអហិង្សាដោយសន្តិវិធីស្របតាមច្បាប់ជាតិនិងអន្តរជាតិ»។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនផ្តល់ការអត្ថាធិប្បាយទៅលើសំណួរទាក់ទិនបញ្ហាបដិវត្តន៍ព៌ណ ប៉ុន្តែលោកថាដើម្បីអាចបញ្ចប់វិវាទដែលកំពុងកើតឡើងនៅក្រុមហ៊ុនណាហ្គាវើលដ៍បាននោះគឺមានតែការអង្គុយជជែកគ្នាប៉ុណ្ណោះព្រោះករណីវិវាទនេះក្រសួងបានផ្សះផ្សាតាំងពីខែមិថុនាហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានបើកសវនាការនិងចេញសេចក្តីបង្គាប់រួចហើយដែរ។
បើតាមលោក ហេង សួរ តាមច្បាប់គឺភាគីទាំងពីរអាចប្តឹងទៅតុលាការការងារ ប៉ុន្តែបច្ចុប្បន្នកម្ពុជាមិនទាន់មានតុលាការការងារដូច្នេះភាគីទាំងពីរត្រូវបន្តនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញហើយត្រូវមកអង្គុយជជែកគ្នាអំពីការគណនាប្រាក់សំណង។
លោក ហេង សួរ ផ្តល់សេចក្តីអធិប្បាយតាមន័យដើមថា៖ «ដូច្នេះមានតែអង្គុយជាមួយគ្នាទើបដឹងច្បាស់។ បើក្រុមហ៊ុនគណនាខ្វះគឺត្រូវបង់បន្ថែមឱ្យទៅអតីតបុគ្គលិកទាំងនោះ។ បើបងប្អូនម្នាក់ៗមិនមកដោះស្រាយផ្ទាល់ទេគឺមន្ត្រីបច្ចេកទេសរបស់យើងមិនអាចធានាលើសុក្រឹតភាពនៃព័ត៌មានដែលផ្តល់ដោយភាគីនិយោជកតែម្ខាងនោះឡើយ»។
ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames បដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅថ្ងៃចន្ទនេះ។
កូដកម្មដែលបានធ្វើឡើងចំនួន២២ថ្ងៃមកនេះមានការទាមទារ៩ចំណុចសំខាន់ៗក្នុងនោះគឺការទូទាត់ប្រាក់អតីតភាពការងារឱ្យបានសមស្របតាមច្បាប់ការងារការស្នើសុំដំឡើងប្រាក់ឈ្នួលនិងការលើកកម្ពស់ការគោរពច្បាប់ការងារ។
ក្រុមហ៊ុនណាហ្គាវើលដ៍ជាសាខារបស់ក្រុមហ៊ុន NagaCorp និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុងមានប្រតិបត្តិការកាស៊ីណូនិងសណ្ឋាគារនៅពីរទីតាំងធំៗនៅកណ្តាលទីក្រុងភ្នំពេញនិងផ្តល់ការងារឱ្យកម្មករនិយោជិតប្រមាណ៨ពាន់នាក់។ក្រុមហ៊ុនត្រូវកូដករមួយចំនួនចោទថាមិនសូវគោរពសិទ្ធិការងារ ហើយជាញឹកញាប់បង្កទំនាស់ជាមួយមន្ត្រីសហជីព៕