កូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ដែលនៅបន្តធ្វើកូដកម្មស្នើឱ្យរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយវិវាទការងាររ៉ាំរ៉ៃរបស់ពួកគេជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ដោយដោះលែងថ្នាក់ដឹកនាំសហជីព និងទទួលពួកគេចូលធ្វើការវិញ។
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជា ៥០ នាក់ បានបន្តធ្វើកូដកម្មនៅរសៀលថ្ងៃទី ៣១ ខែសីហា នៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ ២ ដោយមានស្លៀកពាក់សម្លៀកបំពាក់ជាអ្នកជាប់ឃុំពណ៌ទឹកក្រូច ឈរ និងអង្គុយលើកបដាមានសរសេរជាអក្សរទាមទាររកដំណោះស្រាយ និងមានរូបភាពម្ចាស់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍លើគ្រាប់ឡូតូជាក្រដាស ព្រមទាំងមានកាត់ក្រដាសជារូបរាងរបាំងជញ្ជាំងពន្ធនាគារតំណាងឱ្យភាពជាប់ឃុំផងដែរ។ ក្រុមកូដករទាំងនោះក៏បានទាមទារឱ្យមានការដោះលែងមន្ត្រីសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទលើសហជីពតទៅទៀត។
កំពុងលើកបដាឈរតវ៉ានៅមុខកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី សៀក បញ្ញា អាយុ៣៤ ឆ្នាំ កូដករមួយរូបប្រាប់វីអូអេថា អ្នកស្រីនិងកូដករផ្សេងទៀតបន្តចេញមកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ជារៀងរាល់ថ្ងៃ គឺដើម្បីទាមទារឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ស្តីពីការងារ គោរពសិទ្ធិសេរីភាពរបស់សហជីព និងគោរពសិទ្ធិការងាររបស់កម្មករខ្មែរ។ អ្នកស្រីបន្ថែមដោយសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីដែលកំពុងដឹកនាំរដ្ឋាភិបាលនឹងអាចដោះស្រាយវិវាទការងារដែលបន្តអូសបន្លាយជាយូរមកហើយនេះជូនពួកគេបាន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីដែលឡើងកាន់អំណាចថ្មីនេះលោក ហ៊ុន ម៉ាណែត គាត់នឹងបញ្ចេញស្នាដៃដ៏អស្ចារ្យមួយដើម្បីរកយុត្តិធម៌មួយឱ្យកម្មករខ្មែរ ជាពិសេសឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពច្បាប់ស្តីពីការងារ គោរពច្បាប់ប្រទេសកម្ពុជា គោរពសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យ (LRIQ) ជាពិសេសគោរពការងារកម្មករខ្មែរ»។
កូដករម្នាក់ទៀត អ្នកស្រី ម៉ម សុវឌ្ឍិន ក៏ជំរុញឱ្យរដ្ឋាភិបាលថ្មីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់ផងដែរ។ អ្នកស្រីប្រាប់វីអូអេថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីថ្មីគឺ លោក ហ៊ុន ម៉ាណែត អាចដោះស្រាយវិវាទការងាររបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍នេះបាន អ្នកស្រីថានោះក៏បង្ហាញពីសមត្ថភាពពិតប្រាកដរបស់ថ្នាក់ដឹកនាំដែរ។
អ្នកស្រីថា៖ «បើសិនជាគាត់មិនចង់ឱ្យមានភាពច្រំដែរ មិនចង់ឱ្យគេរិះគន់ឬមិនចង់ឱ្យគេឃើញថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គាត់ត្រូវតែធ្វើឱ្យខុសពីមុន។ មានន័យថា រកយុត្តិធម៌ឱ្យកម្មករ ដូចជាករណីនៅណាហ្គាវើលដ៍ បើសិនជាគាត់អាចដោះស្រាយចេញ….មិនបាច់ទៅព្យាយាមទៅសម្តែងជាមួយកម្មករអីផ្សេងទេ មកដោះស្រាយជាមួយកម្មករណាហ្គាវើលដ៍ គឺគេអាចមើលឃើញពីសមត្ថភាពគាត់ពិតៗតែម្តង»។
ក្រុមកូដករដែលបន្តធ្វើកូដកម្មទាំងនោះលើកឡើងថា ពួកគេនឹងបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍នេះ រហូតទទួលបានដំណោះស្រាយពេញលេញ។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣២៩ នាក់ត្រូវបានបញ្ឈប់ពីការងារ កាលពីខែមេសា ឆ្នាំ ២០២១។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធការអត្ថាធិប្បាយ ដោយថា វិវាទការងារនេះគឺជាភារកិច្ចរបស់ក្រសួងការងារដែលមានតួនាទីក្នុងការដោះស្រាយ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានទេ ដោយទូរសព្ទចូល តែមិនមានអ្នកទទួល ហើយលោកក៏មិនឆ្លើយតបនឹងសារដែលវីអូអេបានសួរតាមបណ្តាញសង្គមតេឡេក្រាមនោះដែរ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ឃើញថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិការងារជាលក្ខណៈប្រព័ន្ធមួយដែលមានរយៈពេលជិត៣ឆ្នាំមកហើយ។ លោកថា រដ្ឋាភិបាលអាណត្តិថ្មីគួរមានឆន្ទៈយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានេះដោយឯករាជ្យ ដើម្បីកុំឱ្យមានអំពើអយុត្តិធម៌កើតមានក្នុងសង្គម។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា បញ្ហានេះមិនមែនថ្នាក់ដឹកនាំរដ្ឋាភិបាលលោកមិនដឹងទេ តែបើសិនមានឆន្ទៈនៅក្នុងការដោះស្រាយ ខ្ញុំគិតថា ចំណុចមួយនេះវាកាន់តែមានការអបអរសាទរពីសំណាក់មហាជន ពីសំណាក់អង្គការសង្គមស៊ីវិល ពីសំណាក់កម្មករដែលគាត់ទទួលរងពីផលប៉ះពាល់ទាំងកត្តាសេដ្ឋកិច្ចនិងសិទ្ធិរបស់គាត់»។
លោកបន្ថែមថា ការណ៍ដែលមិនមានដំណោះស្រាយជូនកូដករក្នុងវិវាទមួយនេះ គឺជាគំរូអាក្រក់ដល់និយោជកផ្សេងទៀត។
ចាប់តាំងពីកម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មតាំងពីខែធ្នូ ឆ្នាំ ២០២១មក ថ្នាក់ដឹកនាំសហជីពរបស់ពួកគេយ៉ាងហោចណាស់៩នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងការតវ៉ានេះ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកសមាជិកសហជីពចំនួន ៨ នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ១ឆ្នាំទៅ ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា ដោយខ្លះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងខ្លះត្រូវបានព្យួរទោស៕