វិវាទការងាររបស់បុគ្គលិកដែលភាគច្រើនជាសមាជិកសហជីព និងថ្នាក់ដឹកនាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) បន្តកើនកម្ដៅ នៅពេលក្រុមអង្គការសង្គមស៊ីវិលជាច្រើនបានរួមគ្នាស្នើឲ្យក្រុមហ៊ុន ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុងមួយនេះ បញ្ឈប់ផែនការកាត់បន្ថយបុគ្គលិក និងការប៉ុនប៉ងរំលាយសហជីព។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បណ្តុំក្រុមអង្គការ និងសមាគមចំនួនជាង៧០ បានថ្លែងការណ៍រួមគ្នា ប្រឆាំងនឹងគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន១៣២៩នាក់ ដែលភាគច្រើនជាថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីព។
ក្រុមអង្គការ និងសមាគមដដែលនោះ ក៏បង្ហាញការមិនពេញចិត្តនឹងការប៉ុនប៉ងរំលាយសហជីពនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើល ដែលមានទីតាំងអាជីវកម្មនៅចំកណ្តាលរាជធានីភ្នំពេញ។
បុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដែលមានឈ្មោះត្រូវកាត់ចេញពីការងារនៅកាស៊ីណូណាហ្គាវើលដ៍ បានចោទថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចុប្បន្នថា កំពុងរំលោភសិទ្ធិការងារ ខណៈមានការរៀបចំគម្រោងកាត់បុគ្គលិកដែលគ្មានកំហុស។
ពួកគេថា ក្រមហ៊ុនក៏កំពុងបង្កើនសម្ពាធហិរញ្ញវត្ថុលើបុគ្គលិក ដែលកំពុងជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុឯកជនផ្សេងៗ តែត្រូវមានឈ្មោះកាត់ពីការងារជាមួយសំណងដែលមិនអាចទទួលយកបាន។
អ្នកស្រី រិទ្ធ ណាវី អាយុ៤១ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរនាក់ ដែលមានតួនាទីជាអ្នកមើលការខុសត្រូវផ្នែកតុល្បែងក្នុងកាស៊ីណូណាហ្គាវើលដ៍ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកស្រីមិនព្រមទទួលយកសំណង ទោះក្នុងកញ្ចប់ទឹកប្រាក់ណាក៏ដោយ។
«ខ្ញុំធ្វើការ ខ្ញុំមេម៉ាយកូនពីរ ខ្ញុំចិញ្ចឹមកូនផង ហើយដល់ទៅពេលគាត់កាត់ចំឈ្មោះខ្ញុំទៀត ហើយខ្ញុំមានបន្ទុកត្រូវបង់ធនាគារ ហើយកូនខ្ញុំកំពុងពេញរៀនទៀត ចឹងខ្ញុំនៅកណ្តាលទន្លេទាំងអស់ ឡេះឡះសព្វបែបយ៉ាង។កូនក៏កំពុងតែរៀន។ កូនអាបងបាក់ឌុបឆ្នាំក្រោយ ហើយដល់ពេលគាត់កាត់ចំឈ្មោះខ្ញុំ ហើយខ្ញុំមិនអាច ទទួលយកសំណងហ្នឹងបានទេ ដោយសារតែគាត់ធ្វើវាអត់ស្របតាមច្បាប់ត្រឹមត្រូវ»។
អ្នកស្រីយល់ថា អ្វីដែលក្រុមហ៊ុនកំពុងធ្វើនេះ ប្រៀបដូចជា ការបណ្តេញបុគ្គលិកទាំងអយុត្តិធម៌ ក្រោមហេតុផលថា បុគ្គលិកដែលប្រឹងរកផលចំណេញឲ្យក្រុមហ៊ុន ហើយគ្មានកំហុស តែបែរជាមានឈ្មោះត្រូវកាត់ចេញពីការងារ។
អ្នកស្រីបានថ្លែងបន្ថែមថា៖ «ហើយពួកខ្ញុំអត់មានកំហុសអីផងហើយត្រូវកាត់។ បើសិនជាក្រុមហ៊ុនណាហ្គាវើលដ៍គាត់ក្ស័យទុន គាត់អត់ចំណេញ គាត់យកវិបត្តិកូវីដ អាហ្នឹងក៏ពួកខ្ញុំមិនទៅតវ៉ាទាមទារអីដែរ។ ប៉ុន្តែដំណាក់កាលនេះ សម័យកូវីដ វិបត្តិកូវីដហើយ ពួកបុគ្គលិកនៅរកចំណូលឲ្យណាហ្គាចំណេញជាង១០០លានទៀត...គាត់ធ្វើហ្នឹងវាអយុត្តិធម៌។ ចង់និយាយថា ក្រុមហ៊ុនហ្នឹងគាត់ធ្វើវាអយុត្តិធម៌ពេក ហើយគាត់ចង់រំលាយសហជីព។ សហជីពអត់ដែលទៅធ្វើអីឲ្យពិបាកមានផលប៉ះពាល់ ខាតអីដល់ក្រុមហ៊ុនទេ តែក្រុមហ៊ុនទេ ជាអ្នកជ្រើសរើសផ្លូវខាតខ្លួនឯង»។
អ្នកស្រី ទូច សុភា ជាបុគ្គលិកនៅផ្នែកតុល្បែង នៅកាស៊ីណូណាហ្គាវើលដ៍។ ដោយបានបម្រើការនៅកាស៊ីណូនេះ ជិត១៥ឆ្នាំមកនោះ អ្នកស្រីនិយាយថា អវត្តមានរបស់សហជីព នឹងបង្កការលំបាកដល់បុគ្គលិកនៅបនល្បែងស៊ីសងមួយនេះ ព្រោះកន្លងមក ពេលភ្ញៀវបង្កទំនាស់ជាមួយបុគ្គលិក ថ្នាក់គ្រប់គ្រងមិនសូវអើពើទេ គឺមានតែសហជីពតែប៉ុណ្ណោះ។
អ្នកស្រីបដិសេធមិនទទួលយកសំណងណាមួយ ហើយទាមទារឲ្យក្រុមហ៊ុនបន្តការងារអ្នកស្រីជាធម្មតា ដោយមានវត្តមានសហជីព ដើម្បីទប់ទល់នឹងការរំលោភបំពានសិទ្ធិពីភាគីខាងនយោជក។
«ពេលភ្ញៀវចាញ់ ភ្ញៀវជះទឹក ឬក៏ភ្ញៀវចង់យកអា spray [ទឹកអាល់កុលបាញ់] គប់ពួកខ្ញុំ ភ្ញៀវជេរប្រមាថពួកខ្ញុំ ក្រុមហ៊ុនមិនដែលដោះស្រាយឲ្យពួកខ្ញុំទេ មានតែសហជីពដែលអាចទៅដោះស្រាយជាមួយនឹងក្រុមហ៊ុន ដើម្បីរកដំណោះស្រាយជាមួយភ្ញៀវ។ អីចឹងក្រុមហ៊ុនអត់មានដោះស្រាយជាមួយនឹងភ្ញៀវឲ្យពួកខ្ញុំគេ ហើយសម្រាប់អត្ថប្រយោជន៍ផ្សេងៗ ដែលមាននៅក្នុងក្រុមហ៊ុន ទាល់តែមានសហជីព បានពួកខ្ញុំមាន។ បើសិនជាអត់មានសហជីព ពួកខ្ញុំគឺអត់មានទាំងអស់»។
វិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់ដែលបានអូសបន្លាយមកពេលនេះ កើតមានឡើងក្រោយការជូនដំណឹងរបស់ក្រុមហ៊ុនទៅកាន់បុគ្គលិកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា ក្រុមហ៊ុនចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងដែលពាក់ព័ន្ធនឹងជំហានមួយចំនួនដែលរួមមានផែនការកាត់បន្ថយបុគ្គលិកតាមរយៈការបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងគ្នា។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសមាគមចំនួន៧៣ ចុះថ្ងៃទី១០ ខែមិថុនា ផែនការរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលគ្រោងកាត់បន្ថយបុគ្គលិកចំនួន១៣២៩នាក់ ក្នុងចំណោមបុគ្គលិកប្រមាណជាង៨ពាន់នាក់នោះ មានលក្ខណៈជាប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។
ក្រុមអង្គការសមាគម ដែលក្នុងនោះ មានអង្គការការពារសិទ្ធិមនុស្ស និងសហជីពជាច្រើន មានជំនឿថា ក្រុមហ៊ុនមានបំណងបំបាត់សំឡេងតំណាងការពារប្រយោជន៍កម្មករនៅក្រុមហ៊ុន ព្រោះអ្នកតំណាងក្បាលម៉ាស៊ីនសហជីពទាំងអស់ មានប្រធាន អនុប្រធាននិងលេខាធិការរបស់សហជីព ព្រមទាំងសកម្មជនសហជីពភាគច្រើនបំផុត នៅគ្រប់ផ្នែកនៃក្រុមហ៊ុន ក៏បានទទួលការជូនដំណឹងបញ្ឈប់ពីការងារដូចគ្នា។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលអធិប្បាយថា៖
«ទាំងនេះបញ្ជាក់ឲ្យឃើញថា នៅពីក្រោយហេតុផលគម្រោងកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាគាស់រំលើងសហជីពមិនឲ្យមានវត្តមាននៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុននេះធ្លាប់បានធ្វើលើក្រុមអតីតថ្នាក់ដឹកនាំសហជីពកាលពីឆ្នាំ២០០៩។ ទង្វើទាំងនេះ បង្ហាញពីចេតនានៃការរើសអើងសហជីព និងរំលោភបំពានទៅលើការអនុវត្តសិទ្ធិជាមូលដ្ឋានផ្នែកសមាគម»។
ក្រុមអង្គការសមាគមកត់សម្គាល់ទៀតថា បើមើលទៅលើផលចំណេញដែលក្រុមហ៊ុនណាហ្គាវើលដ៍បន្តទទួលបាន ក្នុងពេលប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩នោះ ការកាត់បន្ថយបុគ្គលិក គួរតែត្រូវជៀសវាង។ លើសពីនេះទៀត គម្រោងអភិវឌ្ឍអគារថ្មីនៃណាហ្គា៣កំពុងមានដំណើរការជាធម្មតារៀងរាល់ថ្ងៃ ដែលអគារថ្មីនេះនឹងត្រូវការកម្លាំងការងារបន្ថែមយ៉ាងតិច៤០០០នាក់។
បើតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយដែលចេញផ្សាយកាលពីកន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍ដែលចុះបញ្ជីក្នុងទីក្រុងហុងកុងបានរកប្រាក់ចំណេញប្រមាណ១០២លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ទោះបីប្រទេសកម្ពុជាស្ថិតក្រោមការគំរាមកំហែងនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសមាគមខាងលើ កើតមានឡើង បន្ទាប់ពីក្រុមថ្នាក់ដឹកនាំសហជីពនិងបុគ្គលិកនៅកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) បានដាក់ពាក្យបណ្តឹងទៅក្រសួងការងារកាលពីថ្ងៃអង្គារនេះដើម្បីទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់ការកាត់បន្ថយបុគ្គលិក និងសុំឲ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈការកោះហៅឲ្យទៅជួបថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន ដោយគ្មានវត្តមានអ្នកតំណាងសហជីពចូលរួម។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានប្រតិកម្មទៅនឹងសំណើររបស់ក្រុមអង្គការសមាគមតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃសុក្រនេះថា នៅកម្ពុជារោងចក្រ សហគ្រាស តែងតែមានការជ្រើសរើសបន្ថែម ឬកាត់បន្ថយបុគ្គលិក។
លោកបន្តថា ក្នុងបរិបទកូវីដ១៩ នេះក៏មានករណីនេះដូចគ្នា។ នៅប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ក៏មានការកាត់បន្ថយបុគ្គលិកជាច្រើន។
លោក ហេង សួរ អធិប្បាយតាមន័យដើមថា៖ «មកដល់ម៉ោងនេះ ក្រសួងមិនទាន់ដឹងថាអ្នកណាខ្លះនឹងត្រូវគេកាត់បន្ថយនោះទេ។ ដូច្នេះបើអ្នកដទៃដឹងមុន ថាអ្នកណាត្រូវបានគេបញ្ឈប់ មានតែអ្នកនោះជាអ្នកកាត់ ឬមួយជាព័ត៌មានក្លែងក្លាយ? ឬមួយជាការបែកធ្លាយព័ត៌មានសម្ងាត់ប៉ុន្តែក្លែងក្លាយ?»។
លោកបន្ថែមថា៖ «ខ្ញុំសូមទុកពេលឲ្យមន្ត្រីមានសមត្ថកិច្ចអនុវត្តនីតិវិធីរបស់ខ្លួន នៅពេលដែលយើងទទួលបានការជូនដំណឹងពីនិយោជកថាស្នើសុំកាត់បន្ថយ ឬបញ្ឈប់អ្នកណា ដោយសារមូលហេតុអ្វី? បើយើងមិនទាន់ដឹងផង យើងស្រែកថាកាត់កាត់កាត់ តើកាត់អ្នកណា? បានព័ត៌មានពីណាមក? បានបញ្ជីឈ្មោះពីណាមក? បើក្រុមហ៊ុនមិនទាន់មានជូនដំណឹងមក ហើយក៏មិនទាន់មានបុគ្គលដែលត្រូវគេកាត់ជាអ្នកដាក់ពាក្យប្តឹងតវ៉ានៅឡើយ?»។
នៅពេលសួរលោកអំពីបណ្តឹងរបស់ក្រុមសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ ដែលបានដាក់ជូនក្រសួងកាលពីពេលថ្មីៗនេះ លោក ហេង សួរ មិនផ្តល់ការអធិប្បាយបន្ថែមនោះទេ។
យ៉ាងណាក៏ដោយ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងថា ក្រសួងការងារបានកោះអញ្ជើញ ភាគីសហជីពទៅចូលរួមនីតិវិធីសាកសួរព័ត៌មានបំភ្លឺ ពាក្យបណ្តឹងរបស់ភាគីសហជីព និងបុគ្គលិកនៅថ្ងៃច័ន្ទសប្តាហ៍ខាងមុខនេះ។
«អីចឹងបន្ទាប់ពីភាគីត្រូវបាន ក្រសួងអញ្ជើញទៅសួរព័ត៌មានអីហើយ បំភ្លឺអីហើយ និងចូលដល់នីតិវិធីផ្សះផ្សា អីចឹងយើងអត់ទាន់ដឹងថា ថ្ងៃណាដែលត្រូវបានក្រសួងកោះអញ្ជើញភាគីទៅផ្សះផ្សាទេ»។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារ របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ និយាយថា ក្រសួងការងារគួរចាប់ផ្តើមធ្វើអធិការកិច្ចស្វែងយល់ពីទំនាស់ ដែលផ្តើមចេញពីផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដើម្បីបញ្ចៀសការរុញសំណុំរឿងនេះទៅដល់អង្គការពលកម្មអន្តរជាតិ។
លោកបន្ថែមថា ប្រសិនបើគ្មានដំណោះស្រាយសមស្របតាមនីតិវិធីច្បាប់ដើម្បីបញ្ចប់វិវាទ ដែលលោកជឿថា ជាផ្នែកមួយនៃការប៉ុនប៉ងផ្តាច់ដង្ហើមសហជីពនៅកាស៊ីណូណាហ្គាលវើលដ៍ទេនោះ និយោជកផ្សេងទៀត អាចត្រាប់តាមក្រុមហ៊ុននេះមកកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក ដែលការណ៍នេះ ធ្វើឲ្យខូចដំណើរការកសាងនីតិរដ្ឋរបស់កម្ពុជា។
«ការអនុវត្តច្បាប់ស្តីពីការងារ នៅក្នុងការអនុវត្តនីតិរដ្ឋហើយ ចឹងអាហ្នឹងៗ យើងមិនអាចឲ្យករណីអីចឹងវាកើតឡើងទេ ពីព្រោះកាលណាកើតឡើងវាមិនជារឿងល្អសម្រាប់ប្រទេសកម្ពុជាទេ»។
លោក Hein Dames ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ឆ្លើយតបសំណួរដែលផ្ញើតាមសារអ៊ីមែល គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
ក្រុមអង្គការសមាគម ចំនួន៧៣ខាងលើ បានបញ្ជាក់ថា ពួកគេនឹងបន្តតាមដានលើករណីនេះដោយទុកចិត្តទុកដាក់ និងស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ធ្វើការចរចាជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានដោយភាគីទាំងសងខាងប្រកបដោយសេចក្តី ស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ៕