ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុនណាហ្គា វើលដ៍​ស្ថិត​ក្នុង​ស្ថានភាព​ទ័ល​ច្រក​ ខណៈ​កូដករ​ត្រូវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់

រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រីសង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​និង​ការងារ​បាន​បន្ត​តាមដាន​សំណុំរឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ភាព​ចម្រើន​ទៅមុខ​ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​ក្រុមហ៊ុន​និង​អតីត​បុគ្គលិក​ឬ​បុគ្គលិក​ក្រុមហ៊ុន​ទេ​ហើយ​មាន​ការ​ចាប់​ខ្លួន​និង​នាំខ្លួន​កូដករ​ទៅ​សាកសួរ​ពី​សំណាក់​មន្ត្រី​នគរបាល និង​តុលាការ​។

កាលពី​ដើម​ខែកុម្ភៈ​កូដករ​៣​នាក់​គឺ​លោក​សេង វណ្ណារិទ្ធ​លោក​ជួប​ចាន់ណាត​និង​លោក​សៅ សម្បត្តិ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​កូដករ​ជាស្ត្រី​៤​នាក់​ត្រូវ​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​បំពាន​វិធានការ​ទប់ស្កាត់​ដដែល​នោះ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​ថា​អាជ្ញាធរ​ពាក់ព័ន្ធក្នុង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ខក​ខាន​មិន​បាន​រក​ដំណោះ​ស្រាយ​ដល់​ក្រុម​កូដករ​ហើយ​ក្រុម​កូដករ​បែរ​ជារង​ការ​ចាប់​ខ្លួន​ទៅ​វិញ។​

«ដំណោះ​ស្រាយ​នៃ​វិវាទ​ការងារ​ហ្នឹង​ហាក់​ដូច​ជា​មិន​ឃើញ​មាន​ការ​វិវឌ្ឍ​ឬ​ភាព​វិជ្ជមាន​ប៉ុន្តែ​ទៅ​ជា​វិវឌ្ឍ​នឹង​ភាព​វិជ្ជមាន​ទាក់​ទង​នឹង​ការ​ចាប់​និង​ការ​ឃុំ​ខ្លួន​ហើយ​អនុវត្ត​វិធានការ​សុខាភិបាល។​ ជាការណ៍​ពិត​រឿង​វិធាន​ការ​សុខាភិបាល​ដើម្បី​សុខភាព​សាធារណៈ​ក៏ប៉ុន្តែ​បើសិន​ជា​ការ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​និង​អតីត​ឬក៏​បុគ្គលិក​ណាហ្គាវើលដ៍​ដែល​ធ្វើ​កូដកម្ម​ហ្នឹង​ឲ្យ​បាន​ឆាប់​ប្រហែល​ជា​មិន​មាន​វិធាន​ការ​សុខាភិបាល​ហ្នឹង​ទេ។​ អាហ្នឹង​គឺ​ជា​ចំណុច​ឆក​ល្វែង​នៃ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​មិន​បាន​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​ហ្នឹង»។​

បើ​តាម​ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​សេង ហៀង​ចុះ​ថ្ងៃទី​៦​ខែ​កុម្ភៈ​កូដករ​ជាស្ត្រី​៤​នាក់​ដែល​រួមមាន​អ្នកស្រី​ខេង ចិន្តាអ្នកស្រី​អ៊ុក​សុភ័ក្រម៉ូលីកា​អ្នកនាង​អេង ស្រីបូ​និង​កញ្ញា​ម៉េង​កាន់នីកា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ។​

ប៉ុន្តែ​កូដករ​ជាស្ត្រី​ទាំង​៤​រូប​នោះ​បាន​បដិសេធ​ថា​ពួក​គេ​មិន​បាន​បំពាន​វិធានការ​នោះ​ទេ​ហើយ​ពួកគេ​ក៏​គ្មាន​តួនាទី​ណា​ទៅ​បង្គាប់​បញ្ជា​ឲ្យ​កូដករ​ផ្សេង​ទៀត​មិន​គោរព​តាម​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​នោះ​ដែរ។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

សេចក្តី​ជូន​ដំណឹង​របស់​សហជីព​បាន​រៀបរាប់​ថា​អំឡុង​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ កូដករ​ត្រូវ​បាន​មន្ត្រី​ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ទៅ​ផ្តល់​សំណាក​ធ្វើ​តេស្ត​រក​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​នៅ​កោះពេជ្រ​ ប៉ុន្តែ​កូដករ​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​មក​យក​សំណាក​នៅ​កន្លែង​កូដកម្ម។​

កាលពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​នោះ​ដោយសារ​ការ​រៀប​ចំ​សម្ភារៈ​ពី​គ្រូពេទ្យ​បាន​អូស​បន្លាយ​ពេល​ដល់​ពេល​ល្ងាច​ កូដករ​ក៏ស្នើ​ឲ្យ​មាន​ការ​យក​សំណាក​ថ្ងៃ​បន្ទាប់​ហើយ​នៅ​ថ្ងៃ​បន្ទាប់​នោះ​គឺ​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​កូដករ​៣​នាក់​ដែល​ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​បង្ការ​ការ​ឆ្លង​ជំងឺកូវីដ​ដោយ​ការ​ផ្តល់​សំណាក​តេស្ត​រក​ជំងឺ​កូវីដ១៩។​ ដោយឡែក​កូដករមួយ​រូប​ទៀត​គឺ​អ្នក​នាង​អេង​ស្រីបូ​មាន​ធុរៈ​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ហើយ​ក៏​មិន​បាន​ចូល​រួម​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០២២​មក​ម្ល៉េះ។

សេចក្តី​ជូន​ដំណឹង​ចុះ​នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​នោះ​ផ្តល់​សេចក្តី​ពន្យល់​ក្នុង​ន័យ​ដើម​ថា៖​«ដូច្នេះ​ការដែល​លើក​ឡើង​ថា​ កូដករ​ទាំង​៤​នាក់​នេះ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​គឺ​មិន​ពិត​ទេ​ជាក់​ស្តែង​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ទៅ​យក​សំណាក​គ្រប់ៗ​គ្នា​តាម​ពេលវេលា​កំណត់​ព្រម​ទាំង​ធ្វើការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​រួមទាំង​ធ្វើ​ចត្តាឡីស័ក​១០​ថ្ងៃ​បន្ទាប់​ពី​ធ្វើ​សំណាក​រួច​មក»។​

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​លើក​ឡើង​ទៀត​ថា៖​«យើង​ខ្ញុំ​ជា​កូដករ​ដែល​កំពុង​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សូម​ទទូច​ដល់​ព្រះ​រាជអាជ្ញា​មេត្តា​ធ្វើការ​ត្រួត​ពិនិត្យ​ដោយ​សុភវិនិច្ឆ័យ​សុចរិត​សច្ចភាព​យុត្តិធម៌​ចំពោះ​កូដករ​ដែល​កំពុង​ធ្វើការ​ទាម​ទារ​សិទ្ធិ​សហជីព​ដើម្បី​ឲ្យ​មាន​វត្តមាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍»។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក​ឃុន ថារ៉ូ​ យល់​ថា​ការ​នាំ​ខ្លួន​ឬ​ការ​ចោទ​ប្រកាន់​លើ​ក្រុម​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អាច​នឹង​កើត​ឡើង​បន្ត​បន្ទាប់​ទៀត​ដែល​ញាំង​ឲ្យ​សង្គម​ស៊ីវិលបន្ត​ឃ្លាំមើល​សំណុំ​រឿង​កូដកម្ម​នេះ​បន្ត​ទៀត​ខណៈ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជូន​ដល់​ក្រុម​កូដករ​នៅ​ឡើយ។​

សំណុំ​រឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិធាន​ការ​មិន​ស៊ី​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ​និង​ក្រុម​កូដករ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។​

បើ​តាម​សេចក្តី​ប្រកាស​មួយ​ធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ថា៖​«យើង​ឃើញ​មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ជារួម​និង​កង្វះ​តម្លាភាព​ក្នុង​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩​របស់​កម្ពុជា»។​

អ្នក​ជំនាញ​ក៏​បាន​បន្ត​ថា៖​«ក្នុង​ករណី​នេះ​អាជ្ញាធរ​ហាក់​ដូចជា​ប្រឹងប្រែង​រារាំង​សកម្មភាព​ការងារ​ដោយ​សន្តិវិធី​និង​ស្រប​ច្បាប់​ដោយ​សំអាង​លើ​វិធានការ​សុខភាព​សាធារណៈ។អាជ្ញាធរ​មិន​គួរ​ប្រើប្រាស់​វិធាន​មួយ​សម្រាប់​អនុវត្ត​ជាមួយ​ក្រុម​កូដករ​ និង​វិធាន​មួយ​ទៀត​សម្រាប់​សាធារណជន​ទូទៅ​នោះ​ទេ»។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​កង្វល់​ផង​ដែរ​ថាជាង​មួយ​សប្តាហ៍​បន្ទាប់​ពីការ​បង្ខំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​កូដករ​រាប់​រយ​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​មិនទាន់​បាន​ដឹង​ពី​លទ្ធផល​ឬ​ភាព​ច្បាស់លាស់​ថាពេល​ណា​ដែល​ពួកគេ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ចត្តាឡីស័ក។​

ប៉ុន្តែ​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ​បាន​ច្រាន​ចោល​ការ​អត្ថាធិប្បាយ​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ដោយ​បាន​លើក​ឡើង​ថា​អ្នក​ជំនាញ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រភព​ព័ត៌មាន​តែ​មួយ​ជ្រុង​និង​ពុំបាន​ផ្ទៀង​ផ្ទាត់​ត្រឹមត្រូវ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ក្នុង​ចំណោម​ក្រុម​កូដករ​និង​ការចោទ​ប្រកាន់​អំពី​ការរឹត​ត្បិត​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​ពលរដ្ឋ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​« អាជ្ញាធរ​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​វិជ្ជាជីវៈ​និង​មិន​ធ្វើ​នយោបាយ​នូបនីយកម្ម​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សុខភាព​សាធារណៈ​មិន​ដូច​ក្រុម​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ជា​អាវុធ​វាយ​ប្រហារ​នោះ​ឡើយ»។​

ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​បន្ថែម​ថា​ការ​អត្ថាធិប្បាយ​របស់​អ្នក​រាយ​ការណ៍​ពិសេស​ពាក់​ព័ន្ធ​នឹង​លទ្ធ ផល​មេរោគ​កូវីដ១៩បង្ក​ការ​ភាន់​ច្រឡំ​ពោល​ការណ៍​ពិត​នោះ​គឺ​យ៉ាងហោច​ណាស់​បាតុករ​ចំនួន​៥៨​នាក់​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២២​មក​ម្ល៉េះ។​

យ៉ាងណាក៏​ដោយ​មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា​កូដករ​៤​នាក់​ដែល​តុលាការ​កោះហៅ​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​សុក្រ​នេះប៉ុន្តែ​មន្ត្រី​នគរបាល​ថា​ផុតដែន​សមត្ថកិច្ច​របស់​ខ្លួន​ហើយ​ថា​ការ​សាកសួរ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។​

លោក​ឃុន ថារ៉ូ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ថ្លែង​ថា៖​«ពេល​ដែល​គាត់​ចូល​ទៅ​ស្នងការ​ហ្នឹង​ខាង​ស្នង​ការ​បញ្ជាក់​មក​វិញ​ថា​ វា​ផុត​ដែន​សមត្ថកិច្ច​របស់​ខាង​ស្នងការ​ហើយ​ ហើយ​ឥឡូវ​វា​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​ចៅ​ក្រម​ស៊ើប។​អ៊ីចឹង​មាន​ន័យ​ថា​គេ​រុញ​រឿង​ហ្នឹង​ទៅ​ខាង​ចៅ​ក្រម​ស៊ើប​វិញ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ ។​ ចំណែក​លោក​អ៊ី រិន្ទ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​ថា​ ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ចាត់​ការ​សំណុំ​រឿង​របស់​កូដករ​ទាំង​៤​រូប​ខាង​លើ​ទៅ​តាម​នីតិវិធី។​

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ផ្ទុះ​ឡើង​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០២១​បាន​ជាប់​គាំង​មិន​អាច​ដោះស្រាយ​រួច​ដោយសារ​ខាង​ភាគី​កូដករ​ទាមទារ​ចំណុច​ស្នូល​មួយ​គឺ​ឲ្យ​មាន​វត្តមាន​អង្គការ​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​កូដករ​មួយ​ចំនួន​លើក​ឡើង​ថា​មិន​សូវ​គោរព​សិទ្ធិការងារ​និង​ជា​ញឹក​ញាប់​បង្ក​ជម្លោះ​ជាមួយ​អ្នក​សហជីព។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ញត្តិ​ជា​បន្តបន្ទាប់​ដោយ​ស្នើ​សុំ​អន្តរាគមន៍​ពី​សភា​និង​ក្រសួង​មហាផ្ទៃ​ឲ្យ​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ពីស្ថាប័ន​ទាំង​នោះ៕