បក្ស​ប្រឆាំង​សុំ​ឱ្យ​រដ្ឋាភិបាល​កែប្រព័ន្ធ​សុខាភិបាល​បន្ទាប់ពី​ផ្ទុះ​ការឆ្លង​មេរោគ​អេសដ៍​ជាថ្មី

អាជ្ញាធរ​មាន​ សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ឆែកឆេ​លំនៅដ្ឋាន​គ្រូពេទ្យ​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ព្យាបាល​ពលរដ្ឋ​ឃុំរកា​ស្រុកសង្កែ​ខេត្តបាត់ដំបង​ហើយ​បាន​នាំឱ្យ​មាន​ការចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជាង​១០០​នាក់ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ ជា ជីវ)

គណៈកម្មការ​សុខាភិបាល​និង​សង្គម​កិច្ច​របស់​រដ្ឋសភា​បាន​កោះ​អញ្ជើញ​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​មក​ធ្វើ​ការ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​គ្រូពេទ្យ​ម្នាក់​ដែល​បាន​ចាក់​ថ្នាំ​ខុស​បច្ចេក​ទេស​បណ្តាល​ឱ្យ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ។​

អ្នក​ស្រី​ កែ សុវណ្ណារតន៍ ប្រធាន​គណៈកម្មការ​សុខាភិបាល​និង​ សង្គម​កិច្ច​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ទទូច​ដល់​ក្រសួង​សុខា​ភិបាល​ធ្វើ​ការ​កែទម្រង់​វិស័យ​សុខា​ភិបាល​ឡើង​វិញ​ប្រយោជន៍​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ដល់​ប្រជាពលរដ្ឋ។

អ្នក​ស្រី​បាន​និយាយ​ថា៖​«គឺ​ស្នើ​សុំ​ឱ្យ​ឯក​ឧត្តម​កែទម្រង់​ប្រព័ន្ធ​សុខា​ភិបាល​ឡើង​វិញ។ ​រៀបចំ​ត្រួត​ពិនិត្យ​និង​គ្រូពេទ្យ​ត្រូវ​តែមាន​ វិជ្ជាជីវៈ​ ត្រូវ​តែ​គោរព​ ក្រម​សី​លធម៌​ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ ហើយ​ត្រួត​ពិនិត្យ​គ្លី​និក​ឯក​ជន​មួយ​ចំនួន​ដែល​មិន​មាន​ច្បាប់»។​

កា​រទាមទារ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ២២៦​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ភូមិ​រកា ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។​

គ្រូពេទ្យ​ជនបទម្នាក់​ដែល​សង្ស័យ​ថា​បាន​ចាក់​ថ្នាំ​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​សម្រេចឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះ​ទោស​ពីបទ៖«មនុស្ស​ឃាត​ដោយ​ចេតនា»។​

អ្នកស្រី​ កែ សុវណ្ណារតន៍​មាន​ប្រសាសន៍​ថា​ក្រសួង​សុខា​ភិបាល​ត្រូវ​តែ​ត្រួត​ពិនិត្យ​មន្ទីរ​ពេទ្យ​ និង​ មណ្ឌល​ សុខភាព​ នៅ​គ្រប់ទី​កន្លែងទាំង​អស់​ដើម្បី​ចៀស​វាង​ការ​ថ្លោះ​ ធ្លោយ​បន្ត​ទៅ​ទៀត។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា​យើង​ក៏បាន​ស្នើ​សុំ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស។​

លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា​ក្រសួង​សុខា​ភិបាល​មាន​វិធាន​ការ​រួមគឺ​ការ​ត្រួត​ពិនិត្យ​សេវា​ឯក​ជន​ និង​ អ្នក​រកដែល​គ្មាន​សញ្ញាបត្រ ​ខុស​ច្បាប់​ ហើយ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ឱ្យ​កាន់​តែ​រឹង​មាំ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែមាន​ទំនុក​ចិត្ត។​

លោក​បាន​បញ្ជាក់ថា​សម្រាប់​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ក្រសួង​សុខា​ភិបាល​មាន​កញ្ចប់​ថវិកា​និង​បាន​ចែក​ថ្នាំ​សម្រាប់​ពន្យា​អាយុ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពួក​គេ។​

លោក​និយាយ​ថា៖​«ពង្រីក​មណ្ឌល​សុខភាព​របស់​យើង​ ការ​ផ្តល់​ប្រឹក្សា​ ការ​ផ្តល់់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​និង​ឱសថ​ សម្រាប់​ថែទាំ​ព្យាបាល​ មេរោគ​បន្ទាប់​បន្សំ​ ហើយ​យើង​បញ្ជូន​រថ​យន្ត​សង្គ្រោះ​មួយ»។​

គិត​មក​ដល់ដើម​ឆ្នាំ​២០១៥​ ក្រសួង​សុខាភិបាល​មាន​បុគ្គលិក​ចំនួន​២​ម៉ឺន​នាក់​ និង​ មណ្ឌល​សុខភាព​ចំនួន​១.០៨៨​ ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​រាជ​ធានី​ខេត្ត​ ក្រុង។​

លោក​ ម៉ម ប៊ុនហេង ​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ​២០១៥​នេះ​ក្រសួង​និង​ស្នើ​សុំ​ធនធាន​មនុស្ស​ប្រមាណ​១.៥០០​នាក់​បន្ថែម​ទៀត​ក៏ប៉ុន្តែ​ទៅ​តាម​លទ្ធភាព​របស់​រដ្ឋាភិបាល។​

លោក​បាន​បញ្ជាក់​ថា​បុគ្គលិក​សុខាភិបាល​ចំនួន​២ម៉ឺន​នាក់​នេះ​មិន​គ្រប់​គ្រាន់​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ​ទេ។​

សូម​បញ្ជាក់​ថា ​ដើម​ហេតុ​នៃ​របក​គំហើញ​អ្នក​ឆ្លង​ជំងឺ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ភូមិ​រកា​ ខេត្តបាត់​ដំបង​បានកើត​មាន​ក្រោយ​ពី​បុរស​វ័យ​៧៤​ឆ្នាំ​ម្នាក់​ ចៅ​ស្រី​របស់​គាត់​ និង​កូន​ប្រសារ​ប្រុស​របស់​គាត់ ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤។​ ​បុរស​ចំណាស់​នេះ​បាន​ប្រាប់​ទៅ​អ្នក​ភូមិ​ថា​ គាត់​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ឯកជន​ម្នាក់​នៅ​ក្នុ​ងភូមិ​ ហើយ​គាត់​ក៏​បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ភូមិ​ដទៃៗ​ផ្សេង​ទៀត​ដែល​ធ្លាប់​ទទួល​ការព្យាបាល​ជាមួយ​គ្រូ​ពេទ្យ​ដដែល​នេះ​ ទៅ​ពិនិត្យ​ឈាម​ដូច​ក្រុម​គ្រួសារ​របស់​គាត់​ដែរ៕