ក្នុង​ជំហាន​ដំបូង​ រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​មន្ត្រី​កសិកម្មឃុំ​ក្នុង​ខេត្តចំ​នួន​១៧​ ដើម្បី​ជួយ​កសិករ

រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈលោក​ ហ៊ុន ម៉ានី​​ (កណ្តាល) និង​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ លោក​ ឌិត ទីណា (ស្តាំ)​

ក្រសួង​ចំនួន២​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យដឹង​អំពី​តម្រូវ​ការ​ចាំបាច់​នៃ​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឲ្យ​បម្រើ​ការ​នៅ​តាម​ឃុំ​ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​នានា​របស់​កសិករ។

នៅ​ក្នុង​ឆ្នាំ​ដំបូង រដ្ឋាភិបាល​នឹង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ចំនួន​២៥០នាក់​ ​ឲ្យធ្វើ​ការ​ក្នុង​ឃុំនៃខេត្ត​ចំនួន​១៧​ ហើយ​ឆ្នាំ​បន្ទាប់ ពោល​គឺ​ឆ្នាំ​២០២៤​ រដ្ឋាភិបាល​នឹង​ជ្រើស​រើស​មន្ត្រីកសិកម្ម​បន្ថែម​ចំនួន​៨០០​នាក់​ទៀត​។ ហើយ​នៅ​ឆ្នាំ​២០២៥​ រដ្ឋាភិបាល​នឹង​ជ្រើស​រើស​មន្ត្រី​កសិកម្មឲ្យបាន​ដល់១៦០០​នាក់​ ដើម្បី​ត្រៀម​ជួយ​កសិករ​ ឬ​បំពេញ​បន្ថែម​កន្លែង​ដែល​មានអ្នក​បោះបង់​ការងារ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​កសិកម្ម​។

​ក្នុង​សន្និសីទសារព័ត៌​មាន​ស្តីពី«ការប្រឡង​ប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ ឆ្នាំ​២០២៣​» រៀប​ចំឡើងនៅ​សាលា​ភូមិន្ទរដ្ឋបាល​ កាលពី​ថ្ងៃចន្ទ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក​ ហ៊ុន ម៉ានី ប្រាប់​អ្នក​កាសែត​ថាមាន​បេក្ខជន​ចំនួន​៣.៣២៩នាក់ដែលបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់ការ​ចូលរួម​ការ​ប្រឡង​នៅថ្ងៃទី​១៧​ខែធ្នូ​ ខាង​មុខ។ បេក្ខជន​ទាំង​នោះ​ត្រូវ​បាន​សម្រិត​សម្រាំង​ចេញ​ពី​អ្នក​ដែល​បាន​ដាក់​ពាក្យ​ចំនួន​ជាង​១២.០០០​នាក់​ដែលមាន​ជំនាញ​ផ្សេងៗ​គ្នា។

លោក​ ហ៊ុន ម៉ានី​ លើក​ឡើង​ទៀត​ថា​ការប្រឡង​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយតម្លាភាព​ ហើយ​ផ្អែក​លើ​ចំណេះ និងជំនាញ​ក្នុង​វិស័យ​កសិកម្ម​។

លោក​ថ្លែងថា​៖ «អ៊ីចឹង​ អ្វីដែល​យើង​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​ ដែល​ក្រសួង​មុខ​ងារ​សាធារណៈ​បាន​ទទួល​គោលការណ៍​ពីសម្តេចមហាបវរ​ធិបតី​ហ៊ុន ម៉ាណែត​ គឺ​ការ​រៀប​ចំ​ប្រព័ន្ធ​មួយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​មាន​បំណង​ចូលរួម​ ក្នុង​ការ​ប្រឡង​ ប្រកួតប្រជែង​ចូល​បម្រើ​ការ​ងារនៅ​ក្នុង​វិស័យ​មុខងារ​សាធារណៈ​ គឺ​មានឱកាស​ស្មើ​ៗគ្នា ហើយ​ផ្អែក​ទៅ​លើ​សមត្ថ​ភាព​រៀង​ៗ​ខ្លួន​ គឺ​អាច​នឹង​ជាប់​ ហើយ​និង​ចូលបម្រើ​។ អ៊ីចឹង ចំពោះ​មុខ​ គឺ​យើង​មានការ​ជ្រើស​រើស​មន្ត្រី​ក្របខណ្ឌ​កសិកម្ម​២៥០នាក់​»។ ​

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក​ ហ៊ុន ម៉ានី (ឆ្វេង) និង​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ ឌិត ទីណា

លោក​បន្ថែម​ថា​រដ្ឋាភិបាល​ក៏គ្រោង​ជ្រើស​រើស​មន្ត្រីអប់រំ​ យុវជន និងកីឡា​ ចំនួន​២.០៨៨នាក់​ឲ្យចូល​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​នៅ​ឆ្នាំ​២០២៤​ ហើយ​ការ​ជ្រើស​រើស​នោះ​ទៀត​សោត​ក៏នឹង​ធ្វើ​ឡើង​តាម​នីតិវិធី​ស្តង់​ដារ​ត្រឹមត្រូវ​ ដើម្បី​ជ្រើស​រើសបេក្ខជន​ ដោយ​ផ្អែក​លើ​គោលការណ៍​ចម្បង​មួយ​គឺសមត្ថភាព​។

លោក​ថ្លែង​ថា៖ «តែសរុប​មក​វិញឲ្យ​ខ្លី​ គឺ​យើង​រៀប​ចំ​ SOP ​មួយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ទាំង​អស់​គ្នា​ មិន​ថា​ ទីប្រជុំ​ជន​ ឬក៏ទីជន​បទ​ទេ​ គឺ​មាន​ឱកាស​ទទួល​ព័ត៌មាន​គ្រប់​ៗគ្នា ដោយ​យើង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​នូវ​ការ​ផ្សព្វផ្សាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ មានពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ ហើយ​ចុះ​ឈ្មោះ​អន​ឡាញ​តែ​ម្តងហើយ​ធ្វើ​ការ​ប្រកួត​ប្រជែង​ផ្អែក​លើ​មូលដ្ឋាន​សមត្ថភាព​សុទ្ធ​សាធ​»។

បើ​តាម​លោក​ហ៊ុន ម៉ានី​ ក្នុង​ចំណាម​អ្នកដែល​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ធ្វើ​ជា​មន្ត្រី​កសិកម្ម​ឃុំ មាន​៣៣,៤៨​ភាគរយ​ ​ដែល​មាន​ជំនាញ​ហិរញ្ញ​វត្ថុ និង​ ធនាគារ ហើយនិង​ជំនាញ​ផ្សេង​ទៀត ដែលមិន​ពាក់​ព័ន្ធ​ខាង​កសិកម្ម​។

ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ ឌិត ទីណា​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌​មាន​ដដែល​ថា​នៅតាម​ឃុំ​នីមួយៗ​នឹង​មាន​មន្ត្រី​កសិកម្ម​មួយ​រូប​ ហើយ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​ក្នុង​ខេត្ត​ចំនួន​១៧ដែលមាន​សកម្មភាព​កសិកម្ម​ ជាពិសេស​ការ​ដាំដុះ​ដំណាំ​ស្រូវ។ លោក​បន្ថែមថា​ រដ្ឋា​ភិបាល​ចង់​បាន​អ្នកដែល​ដឹង​អំ​ពី​ស្ថាន​ភាព​ភូមិ​ឃុំ​របស់​ខ្លួន​ នៅ​ពេល​បំពេញការងារ​ជា​មន្ត្រី​កសិ​កម្ម​ឃុំ​។

លោក​ថ្លែង​ថា​៖ «​ជាទូទៅ​ យើង​ចង់​ឲ្យ​អ្នក​ដែល​មាន​ គេហៅ​ថា​ គាត់​មាន​ ជើង​ជាប់​ដី​នៅ​ឃុំ​ហ្នឹង​ ស្គាល់​ឃុំ​ហ្នឹង​ ស្រលាញ់​ឃុំ​ហ្នឹង​ គាត់​ទៅ​ឃុំ​ហ្នឹង​ ប្រាកដ​ជា​នៅ​បានយូរ​ ជាជាង​អ្នកថ្មី​ ទៅ​ពី​ភ្នំពេញ​ ឬក៏ទៅ​ពី​ទីណា​សោះ​ គាត់​ទៅ​ពីខេត្ត​មួយ​ ស្រាប់​តែ​គាត់​ទៅ​នៅ​ឃុំ​មួយ​ដាច់​ស្រយាល​ផ្សេង​ គាត់មិន​ដែល​ ដឹង​ពី​ស្ថាន​ភាព​ភូមិសាស្ត្រ​អី​ទាល់​តែ​សោះ​ ទៅ​ដល់​ថ្មី​ស្រឡាង​ហ្នឹង​ ក៏ជា​ការ​លំបាក​ដែរ​»។

លោក​បន្ថែមថា៖ «អ៊ីចឹង​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយរបស់​យើង យើង​បាន​កំណត់​ហើយ​១៧ខេត្ត​ ប៉ុន្មាន​ស្រុក​? ឃុំ​ណាខ្លះ​? ហើយ​គាត់​ចាប់​អារម្មណ៍​ទៅ​ខេត្តណា? ឃុំ​ស្រុក​ណា? គាត់​អាច​ដាក់​បាន​។ អ៊ីចឹង​វា​មាន​ទិន្នន័យ​នេះ​ទាំង​អស់​។ ហើយ​អ្នកដែល​ដាក់​ចូលមក​ហ្នឹង​ ក៏គាត់​បាន​ដឹង​ ការងារ​ហ្នឹង​ថា​ គាត់​នឹង​បើជាប់ទៅ​ គាត់​អាច​ទៅ​ខេត្តណា​ យ៉ាង​ហោចណាស់​ ក៏​ខេត្ត​ ឬស្រុក​ណា​ដែរ​»។

នៅ​ពេល​អ្នក​កាសែត​សួរ​ថា​ហេតុ​អ្វី​បាន​ជារដ្ឋាភិបាល​ត្រូវ​ការ​ដាក់​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​ លោក​ឌិត ទីណា​ បក​ស្រាយ​ថា​ នៅ​ពេល​មាន​មន្ត្រី​ជំនាញ​នៅ​ចាំជួយ​ផ្តល់​ជំនួយ​បច្ចេក​ទេស​ផ្សេង​ៗ​នៅ​តាម​ឃុំ​ កសិករ​នឹង​កាត់​បន្ថយ​ការ​ខាតបង់​មួយចំនួន​ ដូចជា​ការ​ប្រើប្រាស់​ជី​មិន​ត្រូវ​នឹង​ស្ថានភាព​ដី​ ឬ​ការប្រើ​ប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត​ដែលមិន​ចាំបាច់​។ លោក​ថា​ មន្ត្រីកសិកម្ម​ឃុំ​ អាច​ធ្វើការ​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​ស្ថានភាព​ប្រឈម​នៃការ​ដាំដុះដើម្បីមក​ធ្វើ​ការ​វិភាគ​ រួច​ផ្តល់​ដំណោះ​ស្រាយ​ជាក់​លាក់។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​នៅពេល​ដែល​យើង​មាន​មន្ត្រី​ឃុំ​ទៅ​ ការ​ងារ​មួយចំនួន​ គឺ​ចាប់​ផ្តើមគេហៅ​ថា​ កាត់​អាវ​តម្រូវ​តាម​រាង​ហើយ​។ អ៊ីចឹង​កន្លែង​ហ្នឹង​ ស្ថានភាពយ៉ាង​ម៉េច? មន្ត្រី​កសិកម្ម​ឃុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ មាន​សមត្ថភាព​គ្រប់​គ្រាន់ក្នុង​ការ​ផ្តល់​ព័ត៌មាន​ត្រឡប់​មក​វិញ​ ដើម្បី​យើង​វិភាគ​ថា​ តើ​បច្ចេក​ទេស​ដែល​គួរប្រើ​ គឺ​ក្នុង​កម្រិតណា ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​។ អ៊ីចឹង​គឺ​ជា​ការ​គិត​គូរ​ស៊ីជម្រៅ​ ក្នុង​ការ​រៀបចំគោល​នយោបាយ​នេះឡើង​ ហើយ​សំដៅ​ទៅរ​ក​ប្រជាពលរដ្ឋ​យើង​ ឲ្យ​កាន់​តែ​មាន​ប្រាក់​ចំណេញច្រើន​ឡើង​»។

លោក​ឌិត ទីណា​បន្ថែម​ថា​ រដ្ឋាភិបាល​មាន​គោលដៅ​ដាក់​មន្ត្រីកសិកម្ម​នៅ​ក្នុងឃុំចំនួន​១៥៥២ដែល​មាន​សកម្មភាព​កសិកម្ម​
​។

ការប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ ឃុំ​នេះ​ ធ្វើ​ឡើង​ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី​៧ក្រោមការដឹកនាំរបស់​កូនប្រុស​របស់​អតីតនាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន សែន​គឺ​លោក ហ៊ុន ម៉ាណែត​ ដែលបាន​ឲ្យដឹង​កាលពី​កន្លងមកថា​ រដ្ឋាភិបាល​របស់​លោកបាន​តៀម​កញ្ចប់ថវិការួច​រាល់​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម និងការ​ដាក់មន្ត្រី​កសិកម្មនៅតាម​ស្រុក​ និងឃុំ​ នៅ​ទូទាំង​ប្រទេស​។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

​បើតាមលោក ហ៊ុន ម៉ាណែត​ ​រដ្ឋា​ភិបាលរបស់​លោក​បានត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុលា្លរ ដើម្បី​ពង្រឹងវិស័យ​កសិកម្ម និង​ការ​ដាក់​មន្រ្តី​កសិ​កម្ម​តាម​ស្រុក ឃុំ​នីមួយៗ ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​កសិករ​តាម​តំបន់​មូល​ដ្ឋាន។ ស្របពេល​មានការ​ដាក់​ពង្រាយ​មន្ត្រីកសិកម្មនៅ​តាម​ឃុំ​ រដ្ឋា​ភិបាល​ក៏នឹង ដាក់ចេញ​នូវ យន្ត​ការ​សម្របសម្រួល​កម្មវិធី​ហិរញ្ញប្បទាន​ សំដៅ​លើក​ស្ទួយ​កសិផល​ រកទីផ្សារ​ និង ផ្តល់​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា ក្នុងការ​ធានានូវតម្លៃ​កសិផល​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​។

នៅ​ឯសន្និសីទ​សារព័ត៌មាន​ស្តីពីការ​ប្រឡង​ជ្រើស​រើសមន្ត្រីកសិកម្ម​ឃុំ​កាលពីថ្ងៃ​ចន្ទ មាន​វត្តមាន​របស់​បេក្ខជន​មួយចំនួន​ ​ដែលនឹ​ង​ចូលរួម​ការ​ប្រឡង​នៅ​ពាក់​កណ្តាល​ខែធ្នូ​នេះ​ផង​ដែរ​។

កញ្ញា ​ខេង ឆេងហ៍រ​ វ័យ​១៩ឆ្នាំ​ ជា​បេក្ខនារី​ ដែល​ត្រៀមប្រឡងធ្វើ​ជា​មន្ត្រី​កសិកម្ម​ឃុំ​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី​/វីអូអេ)

កញ្ញា ​ខេង ឆេងហ៍រ​ វ័យ​១៩ឆ្នាំ​ ដែល​បាន​រៀនជំនាញ​ក្សេត្រ​សាស្ត្រ​នៅ​វិទ្យាល័យហ៊ុន សែន​ ពាម​ជីកង​ក្នុង​ខេត្ត​កំពង់ចាម​ ប្រាប់​វីអូអេ​ថា​កញ្ញា​ចង់ក្លាយ​ជាមន្ត្រី​កសិកម្ម​ឃុំ​ ដើម្បី​ជួយ​កសិករ​នៅ​ឯ​ស្រុក​កំណើត​របស់​កញ្ញា​គឺ​ខេត្ត​កំពង់​ចាម​។

កញ្ញា​ថ្លែង​ថា​៖ «ភូមិ​ឃុំ​ខ្ញុំ​ មាន​គេ​ដាំស្រូវច្រើន​ ហើយ​ទៅ​ណាមួយ​ គាត់​ដាំស្រូវហ្នឹង​ គាត់​អត់​សូវយល់​ដឹង​អំពី​ការ​ដាក់​ជី​ ឬមួយ​ក៏បច្ចេក​ទេស​ផ្សេង​ៗ​ ដល់​ពេល​អ៊ីចឹងខ្ញុំចង់​រៀន​ខាង​ហ្នឹង​ ដើម្បី​យក​ទៅ​បង្រៀន​ពួកគាត់​ឲ្យ​យល់​ដឹង​អំពីការ​ដាក់​ជី និង​បច្ចេក​ទេស​ផ្សេង​ៗ»។
កញ្ញា​ក៏​បាន​ស្នើ​ឲ្យរដ្ឋាភិបាល​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​មន្ត្រី​ដែល​ចុះទៅបំពេញការងារ​តាម​ឃុំ​ ហើយ​សម្រួលឲ្យ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ និងផ្តល់​នូវកា​របណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​ដែល​ចុះ​ធ្វើ​ការ​ផ្នែក​កសិកម្ម​តាម​ឃុំនីមួយៗ​។

លោក​ឆាត់ សម្បត្តិ អាយុ​៣២ឆ្នាំ​ ជា​បេក្ខជនមួយ​រូប​ទៀត ដែល​ត្រៀមប្រឡងធ្វើ​ជា​មន្ត្រី​កសិកម្ម​ឃុំ​ ឆ្នាំ​២០២៣​។ (ហ៊ុល រស្មី​/វីអូអេ)

បេក្ខជន​មួយរួប​ទៀត​ គឺ​លោក​ឆាត់ សម្បត្តិ អាយុ​៣២ឆ្នាំ​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​ផ្សព្វផ្សាយនិង​ក្សេត្រសាស្ត្រ មានបំណង​ជួយកសិករ​នៅឯភូមិឃុំ​របស់​លោក​ក្នុង​ខេត្ត​កំពត​ ទីដែល​កសិករ​ភាគច្រើន​ ខ្វះ​ការ​យល់​ដឹង​ អំពី​របៀប​ថែទាំ​ដំណាំ​ស្រូវ។

លោក​ថ្លែង​ថា​៖ «ភាគ​ច្រើន​ទាក់​ទង​ជាមួយ​នឹង​ការ​ធ្វើ​ដំណាំស្រូវ​ ហើយ​ជាមួយ​នឹង​បន្លែ​ខែប្រាំង​ ពួក​គាត់​ខ្វះខាត​ទឹក​ សម្រាប់​ស្រោច​ស្រព​ដំណាំ​ខែ​ប្រាំង​ ហើយនៅ​ក្នុង​ការ​ធ្វើ​ដំណាំស្រូវ​ហ្នឹង​ពួកគាត់​មិន​សូវ​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ថែទាំ​ស្រូវ។​ ភាគ​ច្រើន​ពួក​គាត់​ដាំ​ស្រូវ​ហើយ​ គាត់​ទៅធ្វើ​អី​ផ្សេង​ គាត់​អត់​បាន​ថែទាំ​អាហ្នឹង​។ គាត់​គិត​ថា​ វា​មិន​មែន​ជា​ការ​ងារ​ចាំបាច់​ក្នុង​ការ​ថែ​ទាំ​។ អ៊ីចឹង​ បើសិនជា​យើង​បាន​ទៅ​ចូលរួម​ជាមួយ​នឹង​ពួកគាត់​ យើង​អាច​ពន្យល់​ពួក​គាត់​ថា​ អ្វីដែល​យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​ដំណាំ​ដែល​យើង​ធ្វើ​ហ្នឹង​ គឺយើង​ត្រូវ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ ទើប​យើង​ទទួល​បាន​ទិន្នផល​ខ្ពស់​»។

បេក្ខ​ជន​រូប​នេះរំពឹង​ថា​លោក​នឹង​ទទួល​ជោគជ័យ​នៅពេល​ប្រឡង​ ព្រោះ​លោក​មាន​បទ​ពិសោធន៍ និង​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​ដែល​ទទួល​បាន​ពីការ​ធ្វើ​ការ​ដោយផ្ទាល់​ជាមួយ​កសិករ​និង​ការចុះ​ធ្វើ​កម្ម​សិក្សា​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​អ៊ីស្រា​អែល​។

ដោយ​ឡែក​ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង សាវឿន ថ្លែង​ថាការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាមឃុំ​មិន​ទាន់​គ្រប់​គ្រាន់សម្រាប់​ជួយ​កសិករ​ទេ ពោល​គឺ​រដ្ឋា​ភិបាល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទីផ្សារ​ និង​ការ​ផ្តល់​ទុន​ដល់​កសិករ។​

លោក​ប្រាប់​វីអូអេ​ថា​៖ «មិន​ត្រឹម​តែ​ដាក់​ពង្រាយ​មន្ត្រីកសិកម្ម​ទេ​ គឺ​ត្រូវ​តែ​គិតគូរ​ទៅ​លើ​ការ​រៀប​ចំ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ ខ្សែ​ច្រវាក់​ទីផ្សារ​ រួម​ជាមួយ​នឹង​ការ​ដោះ​ស្រាយ​ បញ្ហា​អាទិភាព​ដូច​ជា​ទឹក​ ទុន​ ទីផ្សារ​ ហើយ​និង​បចេ្ចក​ទេស​ការ​វេច​ខ្ចប់​ រួម​ជាមួយ​នឹង​ការ​ផ្តល់​នូវ​កម្ចី​ឥណទាន​ ហើយ​និង​ការ​ធានា​រ៉ាប់​រង​ទៅ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

​លោក​បន្ថែម​ថា​រដ្ឋាភិបាល​គួរ​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់ ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​បាន​ប្រើ​ប្រាស់​ដី ដើម្បី​បង្កើន​ផល​កសិកម្ម​។

គួររំឭក​ថា​គម្រោង​នៃ​ការ​ដាក់​មន្រ្តី​ជំនាញ​កសិកម្ម​តាម​ឃុំ​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​អតីត​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន មុន​ពេល​លោក​ចុះ​ចេញ​ពី​តំណែង។ លោក ហ៊ុន ម៉ាណែត​ ដែល​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​របស់​លោក​លើក​ឡើងថា​ការ​ដាក់​មន្ត្រីកសិកម្ម​តាម​ឃុំ​នេះ គឺជា​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ផ្តល់ជា​ជំនាញ​ដល់​កសិករ និង​ធ្វើ​ទំនើប​កម្ម​បច្ចេក​ទេស​ក្នុង​ការ​ដាំដុះ​ និង​ការ​ចិញ្ចឹម​សត្វ​ជា​ដើម​៕