ប្រទេសភូមាចង់ឲ្យស្ថានទូតសហរដ្ឋអាមេរិកបញ្ឈប់ការប្រើប្រាស់ពាក្យ «រ៉ូហ៊ីងយ៉ា» នៅពេលដែលនិយាយសំដៅដល់ជនជាតិភាគតិចដែលមិនត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសភូមានោះ នេះតាមការបញ្ជាក់របស់មន្រ្តីរដ្ឋាភិបាលម្នាក់ដែលបានប្រាប់ VOAនៅថ្ងៃពុធនេះ។
លោក អោង លីន លេខាធិការអចិន្រ្តៃយ៍របស់ក្រសួងការបរទេសបាននិយាយថា«យើងនឹងសប្បាយរីករាយ ប្រសិនបើ ស្ថានទូតសហរដ្ឋអាមេរិក ចៀសវាងប្រើប្រាស់ពាក្យនេះ។ ការបន្តប្រើប្រាស់ពាក្យនេះ នឹងមិនជួយយើងទេ»។
ទោះជាយ៉ាងនោះក៏ដោយ មន្រ្តីរូបនោះ បាននិយាយទៀតថា លោក មិនទាន់ដឹងនៅឡើយថា តើក្រសួងការបរទេស បានធ្វើសំណើរជាផ្លូវការទៅស្ថានទូតសហរដ្ឋអាមេរិកអំពីការប្រើពាក្យនេះកាលពីថ្ងៃអង្គារហើយឬនៅទេ។
នៅថ្ងៃពុធនេះ ស្ថានទូតសហរដ្ឋអាមេរិក បានបដិសេធពុំព្រមធ្វើការបញ្ជាក់ថាតើពិតមានការប្រាស្រ័យទាក់ទងគ្នាបែបនេះកាលពីមុនដូចដែលបណ្តាញផ្សាយព័ត៌មានបានរាយការណ៍ដែរឬទេ។អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងយ៉ាំងហ្គោនដែលមិនចង់បញ្ចេញឈ្មោះ បានប្រាប់ VOAថា «យើង មិនធ្វើអត្ថាធិប្បាយពីការពិភាក្សាខាងការទូតរបស់យើងជាមួយរដ្ឋាភិបាលទេ»។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៨ ខែមេសា លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានច្រានចោលពីការចៀសវាងប្រើប្រាស់ពាក្យនោះ បើទោះបី រដ្ឋាភិបាលភូមា នឹងមិនប្រើវាក៏ដោយនិយាយថា វាជាការអនុវត្តធម្មតាសម្រាប់សហរដ្ឋអាមេរិកហើយនឹងសហគមន៍អន្តរជាតិដើម្បីទទួលស្គាល់ថា សហគមន៍នៅទីកន្លែងណាក៏ដោយ មានសមត្ថភាពដើម្បីសម្រេចពីអ្វីដែលគេគួរតែត្រូវបានហៅ។ ហើយជាធម្មតានៅពេលដែលបញ្ហានេះ កើតឡើង យើងនឹងហៅពួកគេស្របទៅនឹងអ្វីដែលពួកគេចង់ឲ្យយើងហៅ។ វាមិនមែនជាការសម្រេចចិត្តរបស់នយោបាយទេ វាគ្រាន់តែជាការអនុវត្តធម្មតា៕