មីយ៉ាន់ម៉ា៖ របាយការណ៍​អំពី​​ការទប់ស្កាត់​ការជួញដូរមនុស្ស​ធ្លាក់ចុះ​គឺ​ជា​ការ​ភ័ន្តច្រឡំ​មួយ

រូបភាពឯកសារ៖ កុមារឈ្មោះ Rorbiza អាយុ ១៧ ឆ្នាំសម្រាកក្នុងផ្ទះស្រុក Dapaing ភាគខាងជើង Sittwe ខាងលិចរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរត់គេចពីទូកជួញដូរមនុស្ស។

ប្រទេស​មីយ៉ាន់ម៉ា​កំពុង​តែ​ច្រានចោល​របាយការណ៍​មួយ​ដែល​សហរដ្ឋអាមេរិក​នឹង​ទម្លាក់​សន្ទស្សន៍​នៃ​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​របស់​ប្រទេស​នេះទៅកម្រិត​ដ៏​ទាប​។​

ការដាក់​ចំណាត់ថ្នាក់​ទៅ​លើប្រទេស​មីយ៉ាន់ម៉ា​ជាមួយ​នឹង​អ៊ីរ៉ង់ កូរ៉េខាងជើង និង​ស៊ីរី ដែល​ជា​ប្រទេស​ជួញ​ដូរ​មនុស្ស​ខ្លាំង​បំផុតគឺ​ជា​ភ័ន្តច្រឡំ​មួយ។ នេះ​បើ​យោង​តាម​មន្ត្រី​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ។

នៅ​ចុង​សប្តាហ៍​នេះ ក្រសួង​ការបរទេស​អាមេរិក​នឹង​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តី​ពី​ការជួញដូរ​មនុស្ស ហើយ​ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​ធ្លាក់​ចុះ​ដល់​កម្រិតទី៣​ដែល​ជា​កម្រិតទាប​បំផុត។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ស្រង់​ប្រភព​ព័ត៌មាន​នានា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​រាជធានី​បាងកក នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់​ដើម្បីឲ្យ​ចាត់វិធានការ​បន្ថែម​ទៀត​ក្នុង​ការទប់ស្កាត់​ការប្រើប្រាស់​កុមារ​ធ្វើ​ជា​ទាហាន​និង​ការបង្ខំ​កម្លាំង​ពលកម្ម ​ខណៈ​ពេល​ដែល​មាន​ការបន្ត​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​ទូលំទូលាយ​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​ដែល​សំបូរ​អ្នកកាន់ពុទ្ធសាសនា​ភាគច្រើន​មួយ​នេះ៕ ​