ទោះ​សង្ស័យ​ចិន មីយ៉ាន់ម៉ា​កំពុង​​រំកិល​ខ្លួន​ទៅ​កាន់តែ​កៀក​ចិន​ដើម្បី​សុវត្ថិភាព

  • Ralph Jennings

ទីប្រឹក្សា​រដ្ឋនៃ​ប្រទេស​មីយ៉ាន់ម៉ា​លោកស្រី​ Aung San Suu Kyi (រូបឆ្វេង​) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping​ ស្វាគមន៍​អ្នកសារព័ត៌​មាន​កំឡុងពេល​កិច្ចប្រជុំ​នៅរដ្ឋធានី​ប៉េកាំង​ (រូបថត​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០១៦)។

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ចាប់​យក​គោលនយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយមដើម្បី​ចៀសវាង​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​កម្លាំង​អំណាច​បរទេស​ណាមួយ​ ប៉ុន្តែ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​ចេះ​តែ​កើន​ឡើង​ កំពុង​រុញច្រាន​ប្រទេស​នេះ​ទៅ​រក​ប្រទេស​ចិន​ ដើម្បី​ធ្វើ​បង្អែក​តទល់​នឹង​ការ​ខឹងសម្បា​ពី​សហគមន៍​អន្តរជាតិ។

បណ្ដា​មេដឹកនាំ​បស្ចិម​លោក​មើល​ឃើញ​ថា​ប្រទេស​អាស៊ីអាគ្នេយ៍​ដ៏​ក្រីក្រ​តែ​មានការ​អភិវឌ្ឍ​លឿន​មួយ​នេះ​ កំពុងតែ​ព្យាយាម​បោស​សម្អាត​ជនជាតិ​រ៉ូហ៊ីងយ៉ា(Rohingya) ដែល​រស់នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​បង់ក្លាដែស។ ប្រមុខរដ្ឋមីយ៉ាន់ម៉ា​ លោកស្រី​ អោងសាន ស៊ូជី​(Aung San Suu Kyi) បាន​ជួប​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ លោក​ Wang Yi ដើម្បី​ពិភាក្សាបញ្ហា​នេះ​ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ​កន្លងទៅ​នេះ។

ប្រទេស​មីយ៉ាន់ម៉ា​ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​Rohingya ដែល​ជា​ក្រុម​ជនជាតិ​ភាគតិច​កាន់សាសនា​ឥស្លាម​ក្នុង​រដ្ឋRakhine ។

ប្រទេស​ចិន​បាន​ធ្វើ​ជា​បង្អែក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ ​ពេល​រដ្ឋាភិបាល​យោធា​ដឹកនាំ​ប្រទេស​ភូមាមុន​ឆ្នាំ​២០១១។ ​ប្រទេស​ចិន​ខ្លួន​ឯង ក៏​កំពុង​រក​លេស​ដោះ​សារ​តប​នឹង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​បង្ក្រាប​មិន​ឱ្យ​ងើប​រួច​លើ​អម្បូរ​ជនជាតិ​ដើម​ភាគ​តិច​ Uighur ដែល​ងើប​ឡើង​ប្រឆាំង​ការរស់នៅ​ក្រោម​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

លោក​ Thitinan Pongsudhirak សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​ក្រុម​មន្ត្រី​ប្រទេស​មីយ៉ាន់ម៉ា​ជួប​ប្រជុំ​ជា​មួយ​សម​ភាគី​ចិន​ ពីព្រោះ​ប្រទេស​មីយ៉ាន់ម៉ា​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ឯកា​ និង​កំព្រា​ពី​សហគមន៍​អន្តរជាតិ​លើ​ករណី​ Rohingya ក្នុង​រដ្ឋRakhine ។ សំណុំរឿង​នេះ ឥឡូវ​ក្លាយ​ជា​បុព្វហេតុ​តែមួយ​គត់​ ដែល​ធ្វើ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ បាត់បង់​ការ​ជឿជាក់​ពី​សហគមន៍​អន្តរ​ជាតិ»។

ការណ៍​ដែល​ប្រទេស​មីយ៉ាន់ម៉ា​មាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​នឹង​ចិន​ នឹង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ ព្រួយបារម្ភ​ចំពោះ​ការ​ពង្រីក​ឥទ្ធិពល​របស់ចិន​លើ​ប្រទេស​សមាជិកអាស៊ាន​បន្ថែម​ទៀត។

ចូលជួបចិន​សិន​ រួច​សឹម​បន្ត​ទៅ​ទី​ក្រុង​ឡាអេ​

ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៧-៨​ខែ​ធ្នូ​ឆ្នាំ​២០១៩​ រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ លោក Wang Yi បាន​ជួប​លោក​ស្រី​ Aung San Suu Kyi ដើម្បី​ពិភាក្សា​ពីវិធី​ដែល​ចិន​អាច​ជួយ​មីយ៉ាន់ម៉ា។

សម​ភាគី​ទាំងពីរ​ បាន​ពិភាក្សា​អំពី​ “ការ​បន្ត​ផ្ដល់​ជំនួយ​ដល់​កិច្ចប្រឹងប្រែង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ដំណើរ​ការ​សន្តិភាព​ និង​ការផ្សះផ្សា​ជាតិ​ ក៏ដូចជា​ដំណើរ​ការ​ក្នុង​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ប្រជាជន​ក្នុង​រដ្ឋ​ និង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ” ។ នេះ​បើ​យោង​តាមគេហទំព័រ​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា។

ប្រមុខ​រដ្ឋ​មីយ៉ាន់ម៉ា​ បានប្រាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ថា​សកម្មភាព​យោធា​របស់​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ប្រជាជន​ Rohingya គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភេរវកម្ម។ លោកស្រី​ បាន​ហៅ​បញ្ហា​នៅ​រដ្ឋ Rakhine ថា​ជា​«ការ​ផ្សះផ្សា»​ និង​ស្នើ​សុំ​ឱ្យ​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​លើ​ប្រទេស​លោកស្រី។

ក្រុម​យោធា​មីយ៉ាន់ម៉ា​ រង​ការ​ចោទ​ប្រកាន់​ពី​បទសម្លាប់​រង្គាល​ ការ​ចាប់​រំលោភ​ និង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ភាគតិចRohingya ដែល​កាន់​សាសនា​ឥស្លាម​នៅ​ឆ្នាំ​២០១៧​ និង​ការ​បង្ខំ​ឱ្យ​មនុស្ស​ជាង​៧០០.០០០នាក់​រត់​ភៀស​ខ្លួន​ចូល​ប្រទេស​បង់ក្លាដែស។

លោក​ Stephen Nagy អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ International Christian University ក្នុង​ទី​ក្រុង​តូក្យូ​ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង គឺ​ត្រូវតែ​ទៅ​រក​ប្រទេស​ចិន​បែប​ហ្នឹង​ឯង​ ដើម្បី​អាច​រក​ដំណោះស្រាយ​រួម​ធំ​មួយ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគតិច»។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ចាត់​ទុក​ជនជាតិ​ Rohingya ​ជា​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ដែល​បាន​ចូល​មក​រស់​នៅ​ប្រទេស​នេះ​ ក្រោយពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨​ និង​បន្ទាប់​ពី​សង្គ្រាម​រំដោះ​ប្រទេស​បង់ក្លាដែស​នៅ​ឆ្នាំ​១៩៧១​ ដែល​នៅ​ពេល​នោះ ​ប្រជាជន​ទាំងនេះ​ ​បាន​ភៀសខ្លួន​មក​រស់នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​រត់គេច​ចេញ​ពី​អំពើ​ហិង្សា។

ការ​មិនទុក​ចិត្ត​លើ​ចិន​

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រឹងប្រែង​រក្សា​គោលនយោបាយ​ការ​បរទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ។ ការ​ធ្វើ​បែប​នេះ​គឺ​ប្រហែល​ដើម្បី​ចៀស​វាង​ការ​ធ្លាក់​ចូល​ក្នុង​នឹម​អាណានិគមនិយម​ម្ដង​ទៀត។ នេះ​បើ​តាម​សំដី​របស់​លោកស្រី​ Priscilla Clapp អតីត​ភារធារី​អចិន្ត្រៃយ៍​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា។ ចក្រភព​អង់គ្លេស​ បាន​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​ជាង​មួយ​សតវត្ស។

លោកស្រី​ Priscilla Clapp បន្ថែម​ថា​ រដ្ឋាភិបាល​បច្ចុប្បន្នមិន​ទុកចិត្ត​ប្រទេស​ចិនទេ។ ពេលខ្លះ​ ក្រុម​វិនិយោគិន​មីយ៉ាន់ម៉ា​ មាន​អារម្មណ៍​ថា​ដៃគូ​ចិន«‍ធ្វើឫក​ធំ»​ដាក់​ពួកគេ​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ Yangon ប្រឹងប្រែង​គេច​ពី​បំណុល​អធិបតេយ្យ​ណាមួយ។ គម្រោង​ទំនប់​វារីអគ្គិសនី​ Myitsone ដែល​ទឹក​ប្រាក់៣,៦ពាន់​លាន​ដុល្លារ​ខ្ចី​ពី​ចិន​ និង​ប្រាក់​ចិន​ដែល​បោះ​ទុនលើ​កំពង់ផែ​សមុទ្រ​មួយ​ក្នុង​ប្រទេស​ បាន​បង្ក​ក្ដី​បារម្ភ​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​លើ​ទំហំ​ប្រាក់​បំណុល​រួច​ទៅ​ហើយ។

លោកស្រី​ Clapp បាន​ពន្យល់​បន្ថែម​ថា​ បច្ចុប្បន្ន​ ប្រទេស​មីយ៉ាន់ម៉ា​ ចង់​បាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​នេះ​ គឺ​មិនមែន​ផ្ដល់​ប្រយោជន៍​ដល់តែ​វិនិយោគិននោះ​ទេ។ ប្រទេស​នេះ តែង​តែ​ពិនិត្យ​គម្រោង​វិនិយោគ​ទាំងអស់​តាម​ស្តង់ដារ​អន្តរជាតិ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ដើម​ខែ​ធ្នូឆ្នាំ​២០១៩ លោក​ស្រី​ Aung San Suu Kyi និង​រដ្ឋ​មន្រ្តី​ការបរទេស​ចិន បាន​ពិភាក្សា​លើ“ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី”ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ក្រុង​Yangon។ គំនិត​ផ្ដួចផ្ដើម​ដែល​មាន​ទឹក​ប្រាក់​១​លាន​លាន​ដុល្លារ​នេះ ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ប្រើប្រាស់​ថវិកា​កម្ចី​ចិន​នៅ​ជុំវិញ​តំបន់​អាស៊ី​ក្នុង​គោល​ដៅ​កសាង​ផ្លូវ​ពាណិជ្ជកម្ម​ថ្មីៗ។

លោក​ស្រី ​Clapp បន្ត​ថា ការ​បង្ហាញ​ភាព​កាន់​តែ​ស្និទ្ធស្នាល​ទៅ​រក​ចិន​នៅ​ពេល​នេះ​ បង្ហាញ​ពី​អតីតកាល​ដែល​ចិន​បាន​ការពារ​ប្រទេស​មីយ៉ាន់ម៉ា​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ។

លោក​ស្រី និយាយ​ថា៖ «ប្រទេស​មីយ៉ាន់ម៉ា​ ជានិច្ច​កាល​ ពឹង​ពាក់​ប្រទេស​ចិន​ឱ្យគាំទ្រ​ផ្នែក​នយោបាយ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​យោធា​ដឹក​នាំ​ប្រទេស​ ដែល​នៅ​ពេល​នោះ ប្រទេស​ចិន និង​រុស្ស៊ី​ បាន​ការពារ​មីយ៉ាន់ម៉ា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ដោយ​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​មីយ៉ាន់ម៉ា​ ហើយ​បច្ចុប្បន្ន​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​ ក៏​នៅតែ​ការពារ​រដ្ឋាភិបាល​ស៊ីវិល​មីយ៉ាន់ម៉ា​ ប្រឆាំង​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​ដដែល ប៉ុន្តែ​ដោយ​ផ្អែក​លើ​ហេតុផល​ផ្សេង​វិញ»។

ប្រទេស​បស្ចិម​លោក​ បាន​ថ្កោលទោស​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ប្រទេស​នេះ​អស់​រយៈពេល​ជិត​៥០ឆ្នាំ​ ហើយ​ក៏​ថ្កោលទោស​ដូច​គ្នាលើ​ការ​ប្រព្រឹត្ត​របស់​ប្រទេស​ចិន​ទៅលើ​ក្រុម​អ្នក​ប្រឆាំង​ខាង​នយោបាយ។

អាស៊ី​ កំពុង​តែ​ឃ្លាំ​មើល​

​លោក​ Pongsudhirakនិយាយ​ថា​ទំនាក់​ទំនង​កាន់តែ​ស្និទ្ធស្នាល​រវាងមីយ៉ាន់ម៉ា​និង​ចិន​ នេះ នឹង​មិន​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ឈរ​អោប​ដៃ​មើល​ឡើយ។

ប្រទេស​ឥណ្ឌា​ មាន​ជម្លោះ​តាម​តំបន់​បណ្ដោយ​ព្រំដែន​ជាមួយ​ចិន​ហើយ​ឥឡូវ​កំពុង​ប្រឹង​ជម្នះ​នឹង​ឱនភាព​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ផង​ដែរ។ ប្រទេស​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​ជាមួយ​មីយ៉ាន់ម៉ា​កាលពី​ខែ​កក្កដា។ ប្រសិន​បើ​មាន​ប្រទេស​ណាមួយ​ប្រឆាំង​ចិន "ឥណ្ឌា​នឹង​ចូល​ខ្លួន​ប្រឆាំង​ដែរ"។ នេះ​បើ​តាម​ការ​លើកឡើង​របស់​បញ្ញវន្ត​ថៃ​រូប​នេះ។

លោក​ Pongsudhirak បន្ថែម​ថា​ ​អាស៊ាន​ដែល​មាន​សមាជិក​១០ប្រទេស​ រួម​ទាំង​មីយ៉ាន់ម៉ា​ដែរ​នោះ ចង់​មាន​ទំនាក់ទំនង​ជាមួយ​ចិនប៉ុន្តែ​មិន​ចង់​រង​ឥទ្ធិពល​ខ្លាំង​ពេក​ពី​ចិន​ឡើយ។ អាស៊ាន​រំពឹង​ថា​ ការ​រត់​ភៀសខ្លួន​របស់​ជនជាតិ​Rohingya នឹង​មិន​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ឬ​ម៉ាឡេស៊ី​ទេ​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​លើសលប់​ក្នុង​ចំណោម​ប្រជាជាតិក្នុង​ប្លុក​អាស៊ាន៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​