មីយ៉ាន់ម៉ាកាត់​ទោស​មនុស្ស​៣​នាក់​ពី​បទ​ប្រមាថ​មើល​ងាយ​ព្រះ​ពុទ្ធ​សាសនា

លោក​ Philip Blackwoodស្តាំ​ទី​២​ ជា​ជន​ជាតិ​នូវែលសេឡង់​ ជា​ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​រង្គសាល​ V Gastro ដើរ​ជាមួយ​ដោយ​ជនជាតិ​ភូមា​លោក​ Tun Thurein ​ជា​ម្ចាស់​បារ​ ឆ្វេង​ទី​២​ និង​លោក​ Htut Ko Ko Lwin ជា​អ្នក​គ្រប់​គ្រង​ ដើរ​ពី​ក្រោយ​លោក​ Blackwoodពេល​មក​ដល់​តុលាការ​សម្រាប់​ការកាត់​ក្តី​របស់​ពួក​គេ​​កាល​ពី​ថ្ងៃ​អង្គារ។

តុលាការក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កាត់​ទោស​អ្នក​ចាត់​ចែងរង្គសាល​និង​សហការី​២​នាក់​ទៀត​ឲ្យ​ជាប់​គុក​២​ឆ្នាំ​៦​ខែ​នៅ​ថ្ងៃ​អង្គារ​នេះ​ ចំពោះ​ការ​ប្រើ​ប្រាស់រូបព្រះ​ពុទ្ធក្នុង​ខិតប័ណ្ណផ្សព្វផ្សាយ​ ដែល​ចៅក្រម​និយាយ​ថា​បាន​ប្រមាថ​មើល​ងាយ​ដល់​ព្រះពុទ្ធ​សាសនា។

ខិតប័ណ្ណ​នោះ​បាន​ផ្សព្វផ្សាយ​ការចុះ​តម្លៃ​ភេសជ្ជៈ​និង​តូរ្យតន្រ្តី​អេឡិចត្រូនិក​នៅ​ឯ​រង្គសាល VGastro ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ Facebook ​កាល​ពី​ខែ​ធ្នូ​ ​បង្ហាញ​ពី​រូប​ព្រះ​ពុទ្ធ​ពាក់​ស្បង់ពណ៌​ស្រស់​ដោយ​មាន​ពាក់​ប្រដាប់​ស្តាប់​សំឡេង​ដ៏​ធំ។​ ក្រោយ​មក​នោះ​រូប​នោះ​ត្រូវ​បាន​ជំនួស​ដោយ​ការ​សុំ​អភ័យទោស។

តុលាការ​ទីក្រុង​យ៉ាំង​ហ្គោន​ (Yangon) ​បាន​កាត់​ទោស​លោក Philip Blackwood ​មក​ពី​ប្រទេស​នូវែលសេឡង់ និង​លោក​ Tun Thurien ​ហើយ​និងHtut Ko Ko Lwin ​ ជន​ជាតិ​ភូមាឲ្យ​ធ្វើ​ការ​ជា​ទំងន់រយៈពេល​២​ឆ្នាំ​ចំពោះ​ការប្រមាថ​មើល​ងាយ​សាសនា​ និង​៦​ខែ​ទៀត​ចំពោះ​ការមិន​គោរព​បញ្ជារ​ពីមន្រ្តី​សាធារណ។

រឿងក្តី​នេះ ​កើត​មាន​ឡើង​នៅពេល​ដែល​មីយ៉ាន់ម៉ា​កំពុង​មើល​ឃើញ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ជាតិ​និយម​ខាង​ព្រះពុទ្ធ​សាសនា។

លោក Phil Robertson ជា​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្សទទួល​បន្ទុកតំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​បាន​និយាយ​ថា ​ការកាត់​ទោស​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បង្ហាញ​ថា ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​បាន​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែងខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា នៅ​ពេល​ដែល​ប្រទេស​នេះ​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ​បោះឆ្នោត។

លោក​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ក្រុម​អាជ្ញាធរ​គួរ​ទទួល​យក​ការ​សុំ​អភ័យ​ទោស​អស់​ពី​ចិត្ត​ពី​ថ្លើមជា​សាធារណ​របស់​ជន​ទាំង​៣​នាក់​នោះ កុំឲ្យ​ពួកគេ ជាប់​ទោស ​ហើយ​និង​បញ្ជារ​ឲ្យ​ដោះ​លែ​ង​ពួកគេ​ជាបន្ទាន់​ដោយគ្មាន​លក្ខខណ្ឌ៕