មន្ត្រីស្ថានទូតភូមាប្រចាំប្រទេសសិង្ហបុរីបានពន្យាពេលនៃការបោះឆ្នោតមុនពេលកំណត់នៅទីនោះរហូតដល់យ៉ាងហោចណាស់ក៏ថ្ងៃពុធដែរ។ ការពន្យានេះកើតមានឡើងក្នុងពេលដែលមានការរិះគន់ពីការបន្លំការបោះឆ្នោតនៅឯស្ថានទូតភូមានានានៅក្នុងប្រទេសជាច្រើន។
ក្រុមមន្ត្រីបានប្រាប់អ្នកបោះឆ្នោតនៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យថា មានអ្នកបោះឆ្នោតតែ៣.០០០នាក់ដំបូងប៉ុណ្ណោះ ដែលឈរតម្រង់ជួរនឹងត្រូវអនុញ្ញាតឲ្យបោះឆ្នោតបាន។ អ្នកបោះឆ្នោតខ្លះបានមកបោះជំរុំរង់ចាំតាមចិញ្ចើមថ្នល់អស់រយៈពេលមួយយប់។ មានជនជាតិភូមាប្រហែលពីរម៉ឺននាក់រស់នៅក្នុងប្រទេសសិង្ហបុរីបានស្នើសុំបោះឆ្នោតមុនពេលដែលប្រទេសភូមាត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។
មានការតវ៉ាថា ស្ថានទូតភូមាដាក់កំហិតលើសិទ្ធិបោះឆ្នោតឲ្យបានបោះតែអ្នកដែលមានសញ្ជាតិភូមាសម្រាប់ការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកានេះ។
ស្ថានទូតភូមានៅ ប្រទេសជាច្រើនរួមទាំងសិង្ហបុរី និងប្រទេសថៃផងបានប្រឈមនឹងការខឹងសម្បារបស់ក្រុមអ្នកបោះឆ្នោត ដែលបានតវ៉ាថា មានការពន្យាពេល និងបដិសេធសិទ្ធិបោះឆ្នោតរបស់ពួកគេ។
ប្រទេសថៃមានពលរដ្ឋភូមារស់នៅជាច្រើនលាននាក់ ប៉ុន្តែមានមនុស្សតែមិនដល់៧០០នាក់ផងត្រូវបានគេយល់ថា មានសិទ្ធិបោះឆ្នោតបាន ហើយអ្នកទាំងនោះមួយចំនួនជួបប្រទះការលំបាកជាច្រើននៅពេលដែលពួកគេទៅបោះឆ្នោតនៅស្ថានទូតក្នុងទីក្រុងបាងកក៕