ក្រុម​ចលនាតស៊ូ​មីយ៉ាន់ម៉ា​ប្រកាស​បង្កើត​ក្រុមប្រឹក្សា​រដ្ឋ​ដំបូង​ប្រឆាំង​នឹង​របប​យោធា

រូប​ឯសារ៖ សមាជិក​កងទ័ព​ជាតិ​ Karenni និង Kareni នៅ​កន្លែង​ឆែកឆេរ​មួយ​នៅ​រដ្ឋ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១។

ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​វិវត្ត​ចុងក្រោយ​របស់​ក្រុម​ចលនា​តស៊ូ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​បង្កើតរដ្ឋាភិបាលឯករាជ្យ​ក្នុង​ស្រុក​នោះ​ បង្ហាញ​ពី​ទំនោរ​នៃ​ការ​កកើត​ក្រុម​ចលនា​តស៊ូ​ប្រឆាំង​បែប​នេះកាន់​តែ​ច្រើន​ ហើយ​វា​អាច​ជំរុញ​ឲ្យ​មាន​សកម្មភាព​ស្រដៀងគ្នា​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស។

ក្រុម​អ្នក​វិភាគ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​កកើត​នេះ​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្វែង​គំនិត​គ្នា​មិន​ចេះ​ចប់ នៅ​ក្នុង​ចំណោម​ចលនា​តស៊ូ​ដែល​កាន់​តែ​រីក​ធំឡើង​នេះ​ដែរ។

ការ​អត្ថាធិប្បាយ​បែប​នេះ មាន​ឡើង​បន្ទាប់​ពីការ​ប្រកាស​បង្កើត​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​អន្តរកាល​នៃ​រដ្ឋ Karenni កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ដោយ​ក្រុម​សម្ពន្ធ​ប្រដាប់​អាវុធ ក្រុម​នយោបាយ និង សង្គម​ស៊ីវិល​ ដើម្បី​ដឹកនាំ​ដំណើរការ​រដ្ឋាភិបាល​ដោយ​ឯករាជ្យ​ ពី​របប​យោធា​ដែល​បាន​ក្ដោប​ក្ដាប់​ប្រទេស​មីយ៉ាន់ម៉ា ​តាម​រយៈ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០២១។

ក្រុម​ប្រឹក្សា​នេះ​ មាន​គោលដៅ​ការពារ​ជីវិត និង ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ ផ្ដល់​សេវា​សាធារណៈ ​និង​ បំពេញ​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ រួមមាន​ការអប់រំ ​សុខភាព​ អាហារ​ និង តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ផ្សេង​ទៀត។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​របស់​ក្រុម​ប្រឹក្សា​នេះប្រកាស​នៅ​ថ្ងៃ​ដដែល​នោះ។

ក្រុម​ប្រដាប់​អាវុធ​តូចៗ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា បាន​បន្ត​ប្រយុទ្ធ​ជាមួយ​របប​យោធា ចាប់តាំង​ពី​ពួក​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត និង​បាន​វាយ​កម្ទេច​បាតុកម្ម​នានា​ដោយ​មាន​ទាំង​ការប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ផ្តាច់​ផ្តិល​ជីវិត​មនុស្ស​ផង​ដែរ។ ខណៈ​ពេល​ដែល​ក្រុម​យោធា នៅ​តែ​កាន់​កាប់​ទីក្រុង​សំខាន់ៗ​ និង​ក្រុង​តូចៗ​ជាច្រើន​ ក្រុម​ចលនា​តស៊ូ​ត្រូវ​គេ​ជឿថា ​បាន​កាន់​កាប់​ ឬ ​ដណ្ដើម​យក​បាន​តំបន់​ជនបទ​សឹង​ពាក់​កណ្ដាល។

ក្រុម​ទាំងនោះ​ត្រូវ​បាន​របប​យោធា​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវករ។​ ពួក​គេធ្វើ​ប្រតិបត្តិការជំនួស​កិច្ចការ​ រដ្ឋាភិបាល​ជា​មូលដ្ឋាន​ក្នុង​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​មាន​តែ​ក្រុម​ចលនា​តស៊ូនៅ​រដ្ឋ​ Karenni​ ទេ​ ដែល​ជាក្រុម​ដំបូង​គេ ​ធ្វើ​កិច្ចការ​នេះ​នៅ​ទូទាំង​រដ្ឋ​។ នេះ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង ១៤ ​របស់​មីយ៉ាន់ម៉ា។

របៀបរបប​ថ្មី

លោក Khu Plu Reh គឺជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​នេះ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​សប្ដាហ៍​មុន​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ថ្មី​នេះ មាន​ភាព​ចាំបាច់​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​មូលដ្ឋាន ​ដែល​បន្សល់​ទុក​ពី​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​ចាស់​នៅ​រដ្ឋ​នេះ​បន្ទាប់​ពី​រដ្ឋ​ប្រហារ។

លោក​បន្ត​ថា ក្រុមប្រឹក្សា​នេះ​បាន​តែងតាំង​មនុស្ស​ដើម្បី​ដឹកនាំ​នាយកដ្ឋាន​ខ្លះ​ហើយ ក្នុង​ចំណោម​នាយកដ្ឋាន​ទាំង​ ១២ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដំណើរ​ការ​សាលារៀន ​មន្ទីរពេទ្យ​ និង​សេវា​ផ្សេងៗ​ទៀត។ លោក​ថា​ នាយកដ្ឋាន​ទាំង​នោះ កំពុង​ទាក់ទាញ​មន្ត្រី​រដ្ឋការ​ស៊ីវិល​ដែល​បដិសេធ​មិន​ចូល​ធ្វើការ​ជាមួយ​របប​យោធា​ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ។ នាយកដ្ឋាន​ទាំង​នោះ​ក៏​បាន​បង្កើត​របៀបរបប​នានា​ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​ ដូចជា​តាមរយៈ​ពន្ធដារ​ ការ​បរិច្ចាគ ​និង វិធី​ផ្សេងៗ​ទៀត។

លោក Khu Plu Reh បាន​បន្ត​ថា លើស​ពី​នេះ​ទៀត ក្រុមប្រឹក្សា​នេះ​ក៏​បោះ​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ «សហភាព​ប្រជាធិបតេយ្យ​សហព័ន្ធ»​ ដែល​មិន​ត្រឹមតែ​ជំនួស​របប​យោធា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំនួស​រដ្ឋាភិបាល​កណ្ដាល​មីយ៉ាន់ម៉ា ដែល​បង្កើត​ឡើង​ចាប់តាំង​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ពី​ឆ្នាំ ១៩៤៨​ផងដែរ។

លោក​និយាយ​ថា៖ «ការ​បង្កើត​ក្រុមប្រឹក្សា​ប្រតិបត្តិ​អន្តរកាល​នេះ​ គឺជា​ជំហាន​ដំបូង​ដែល​ពួក​យើង​ចង់​បាន។ យើង​បង្កើត​ស្ថាប័ន​រដ្ឋបាល​របស់​យើង​ យើង​នឹង​បង្កើត​ភាពស្មើគ្នា​ ហើយ​យើង​នឹង​បំបាត់​អំណាច​ប្រមូល​ផ្តុំ​ទាំងស្រុង​ រួម​ទាំង​ក្នុង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ផង​ដែរ។ នេះ​ជា​របៀប​ធ្វើការ​ថ្មី​មួយ»។

ប៉ុន្មាន​ខែ​បន្ទាប់​ពី​រដ្ឋប្រហារ ក្រុម​ជា​ច្រើន​ទូទាំង​ប្រទេស​ដែល​ប្រឆាំង​ទៅ​នឹង​របប​យោធា បាន​ធ្វើ​សេចក្ដី​ព្រាងមួយ​ហៅថា «ធម្មនុញ្ញ​ប្រជាធិបតេយ្យ​សហព័ន្ធ» ដែល​ជា​ទម្រង់​សម្រាប់​ធ្វើ​ជា​រដ្ឋធម្មនុញ្ញ​នា​ពេល​អនាគត ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋ Karenni និង​ តំបន់​ដទៃ​ទៀត​គ្រប់គ្រង​ដោយ​ជនជាតិ​ដើម​ភាគតិច​ អាច​មាន​ស្វ័យភាព​កាន់​តែខ្លាំង។

លោក David Mathieson អ្នកវិភាគ​អំពី​បញ្ហា​មីយ៉ាន់ម៉ា មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ថ្លែង​ថា ការ​ចាប់​ផ្តើម​បង្កើត​ក្រុមប្រឹក្សា​រដ្ឋ Karenni បង្ហាញ​ថា ​ក្រុម​ចលនាតស៊ូ​កំពុង​រីក​កាន់​តែ​ធំ​ ទោះជា​មិន​កាន់​កាប់​ទាំងស្រុង​មែន​ តែ​ក្រុម​ចលនា​តស៊ូ​ជាច្រើន​ដែល​គ្រប់គ្រង​តំបន់​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស។

លោក​ថ្លែង​ប្រាប់​វីអូអេ ដូច្នេះ​ថា៖ «វា​ដូច​អ្វី​ដែល​ខ្ញុំ​គិត​ គឺថា ផ្នត់​គំនិត​ធ្វើ​បដិវត្តន៍​ដ៏​ស្មុគស្មាញ​ជាច្រើន​កំពុង​ផុស​ឡើង​កាន់តែ​ខ្លាំង»។ លោក​ថ្លែង​ដូច្នេះ​ សំដៅ​ទៅលើ​ការ​រួមបញ្ចូល​គ្នា​នៃ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ ក្រុម​នយោបាយ ​និង ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រួម​កម្លាំង​ដោយ​លក្ខខណ្ឌ​សមភាព​ក្នុង​ការ​ពង្រីក​តំបន់​គ្រប់គ្រង​នៅ​ជុំវិញ​ប្រទេស​មីយ៉ាន់ម៉ា។


ការ​ជំរុញ​ទឹកចិត្ត​ជា​ផ្នែក

លោក​ Mathieson បន្ត​ថា ក្រុមប្រឹក្សា​រដ្ឋ Karenni ​នឹង​ជំរុញ​ទឹកចិត្ត​ដល់​ក្រុម​ផ្សេង​ទៀត​ដែល​កំពុង​រង់ចាំ​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា​ ឬ​ជា​មេដឹកនាំ​រដ្ឋបាល​ស្រមោល ​កំពុង​លាក់ខ្លួន​និង​និរទេស​ខ្លួន​ដើម្បី​បណ្ដេញ​របប​យោធា​ដល់​ទីបំផុត​នោះ ​បង្ហាញ​ផ្លូវដល់​ពួកគេ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅមុខ​ទៀត។ ​

លោក Mathieson បាន​លើក​ឡើង​អំពី​ឥទ្ធិពល​នៃ​ក្រុមប្រឹក្សា​នេះ​ ដោយ​លោក​ថ្លែង​ថា៖ «វា​ក៏​ជា​ការ​លើក​ទឹកចិត្ត​មួយ​ផ្នែក​ដែរ។ វាដូច​ជា​ថា​ មើល​នែ! អ្នក​អាច​រិះ​រក​វិធី​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ ហើយ​ធ្វើ​វា​ដោយ​ខ្លួន​ឯងបាន។ អ្នក​មិន​ចាំបាច់​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​រួបរួម​ជាតិ​ មក​ដាក់​បញ្ជា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ។ បើ​និយាយ​ឲ្យ​ខ្លី​និង​ងាយ​ស្រួល​យល់​នោះ​គឺ​ថា វា​ជា​រដ្ឋបាល​ដែល​កើត​ចេញ​ពី​ថ្នាក់​ក្រោម វា​ជា​អភិបាលកិច្ច​ស្វ័យភាព​ចេញ​ពី​ក្រោម​ឡើង​ទៅ​លើ»។

ក្រុម​ចលនា​តស៊ូ​ប្រឆាំង​ជាច្រើន​នៅ​ក្នុង​រដ្ឋ​ និង តំបន់​មួយចំនួន​ផ្សេង​ទៀត ហាក់​ដូចជា​កំពុង​ចាប់​ផ្ដើមមាន​ចលនា​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ដោយ​ខ្លួន​ឯង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Mathieson ក៏ដូចជា​ការ​លើក​ឡើង​របស់លោក Aung Tun ​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak Institute មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។

លោក Aung Tun បាន​ថ្លែង​ថា មាន​ចលនា​ស្រដៀងគ្នា​នេះ​ហាក់​ដូចជា​កំពុង​កើត​ឡើង​នៅ​រដ្ឋ Rakhine ដែល​ស្ថិតនៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ថ្លែងប្រាប់​វីអូអេ​ថា៖ «សម្រាប់​រដ្ឋ Rakhine ពួក​គេ​មិន​ហៅ​ចលនា​នេះ​ចំៗ​ថា​ជា ក្រុមប្រឹក្សា​ប្រតិបត្តិ​អន្តរកាល​នោះ​ទេ ប៉ុន្តែ​ជាក់ស្ដែង ពួកគេ​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​រួចហើយ។ ពួកគេ​គ្រប់គ្រង​លើ​តំបន់មួយចំនួន​ ដោយ​ដាក់ឲ្យដំណើរការ​នូវ​ប្រព័ន្ធ​រដ្ឋបាល​ និង ប្រព័ន្ធ​យុត្តិធម៌​ដោយ​ខ្លួន​ឯង ហើយ​នៅ​តំបន់​ខ្លះ ពួកគេ​មាន​ទាំង​ការយក​ពន្ធដារ​ទៀតផង»។

យ៉ាងណា​ក៏ដោយ លោក Mathieson និយាយ​ថា អ្វី​ដែល​ក្រុម​ចលនា​តស៊ូ​នៅ​រដ្ឋ Karenni ​បាន​ធ្វើ ពិបាក​នឹង​ធ្វើតាម​នៅ​កន្លែង​ផ្សេង​ណាស់។ យ៉ាងណា ​លោក​ថា ការ​បង្កើត​អង្គភាព​គ្រប់គ្រង​ថ្មី​លាត​សន្ធឹង​ទៅ​កាន់​រដ្ឋ ឬ តំបន់​ផ្សេង ឬ ទៅកាន់​ផ្នែក​ធំៗ​ដទៃ​នៃ​តំបន់​ទាំង​នោះ អាច​កើត​មាន​ក្នុង​ទម្រង់​ផ្សេង។

រដ្ឋ​ Karenni ​មាន​ផ្ទៃដី​ប្រហាក់​ប្រហែល​ទៅនឹង​ប្រទេស​កាតា។ រដ្ឋ​នេះ​គឺជា​រដ្ឋ​តូច​ជាងគេ​ មាន​ប្រជាជន​រស់​នៅ​តិចជាង​គេ​នៅ​ក្នុង​ចំណោម​រដ្ឋ​ទាំងអស់​នៅ​មីយ៉ាន់ម៉ា និង ​មាន​ការ​រួបរួម​ផ្នែក​ជាតិ​សាសន៍​ខ្លាំង​ជាង​គេ​ផងដែរ។ ក្រុម​ចលនា​ប្រឆាំង​នានា​បាន​យក​បទ​ពិសោធន៍​ជាច្រើន​ពី​គណបក្ស​រីកចម្រើន​ជាតិ​រដ្ឋ​ Karenni (Karenni National Progressive Party) ដែល​បាន​ប្រយុទ្ធ​ទាមទារ​ស្វ័យភាព​ពី​របប​យោធា អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ បច្ចុប្បន្ន​នេះ លោក Khu Oo Reh ជា​ប្រធាន​គណបក្ស​នេះ​ក៏​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ថ្មី​នេះ​ដែរ។

ការ​ធុញថប់​រយៈពេល​វែង

ការ​កកើត​ក្រុមប្រឹក្សា​រដ្ឋ​ Karenni ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​ស្រមោល NUG ផងដែរ ដែល​កំពុង​ព្យាយាម​បញ្ចូល​ក្រុម​ចលនា​តស៊ូ​ប្រឆាំង​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យរួម​គ្នា។

ក្រុមប្រឹក្សា​រដ្ឋ Karenni ថ្មី​នេះ បាន​ប្ដេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ស្រមោល NUG។ លោក Khu Plu Reh បាន​ប្រាប់​វីអូអេ​ថា ភាគី​ទាំង​ពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អ។ រដ្ឋាភិបាល​ស្រមោល NUG ក៏​បាន​អបអរ​សាទរ​ជា​សាធារណៈ​ចំពោះ​ការ​ដាក់​ឲ្យ​ដំណើរការ​ក្រុមប្រឹក្សា​នេះ​ផងដែរ។

កាលពី​ខែ​មេសា មន្ត្រី​គណបក្ស​រីកចម្រើន​ជាតិ​នៃ​រដ្ឋ Karenni បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សាធារណៈ​មួយ ដោយ​ស្ដីបន្ទោស​រដ្ឋាភិបាល​ស្រមោល NUG និង​ក្រុម​តំណាង​រាស្ត្រ​ដែល​ត្រូវ​បណ្ដេញ​ចេញ​តាមរយៈ​រដ្ឋប្រហារ​ ដោយសារ​តែ​ពួកគេ​បាន​លើក​តម្កើង​ដល់​ការ​បង្កើត​ «រដ្ឋបាល​ពលរដ្ឋ» នៅ​ក្នុង​តំបន់​ខ្លះ​នៃ​រដ្ឋ Karenni ដោយ​មិន​បាន​សហការ​ជាមួយ​គណបក្ស​នេះ។

លោក Mathieson បាន​បន្ត​ថា ជម្លោះ​បែប​នេះ បង្ហាញ​ពី​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ក្រុម​ចលនាតស៊ូ​នានា ក៏ដូចជា​ ភាព​តានតឹង​អូស​បន្លាយ​រវាង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នានា​ជាមួយ​នឹង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​សមាជិក​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ភូមា​ បាន​ដឹកនាំ​រដ្ឋាភិបាល​ថ្នាក់​ជាតិ ហើយ​ត្រូវ​បាន​ទម្លាក់​នៅ​ឆ្នាំ ២០២១។ មនុស្ស​មួយ​ចំនួន​មើល​ឃើញ​គណបក្ស​នេះ​ថា កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ធំ​ហួស​ប្រមាណ​ តាមរយៈ​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល NUG។

អ្នកវិភាគ​និយាយ​ថា៖ «មាន​ការ​ធុញថប់​ក្នុង​រយៈ​ពេល​ដ៏​វែង ទៅ​លើ​ទង្វើ​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ប្រព្រឹត្ត​ចំពោះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាច្រើន កាលពី​ពួក​គេ​ឡើង​កាន់​អំណាច ក៏ដូចជា​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ដែរ​គឺថា ការ​ប្រមូលផ្តុំ​អំណាច​ក្នុង​រដ្ឋាភិបាល​ស្រមោល ​NUG​ និង​ផ្នត់គំនិត​អភិជនាធិបតេយ្យ ​ឬការ​ប្រកាន់​ឫក​ត្រួតត្រា​ជា​អភិជន​នោះ ពិត​ជាធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយ​ចិត្ត»។

លោក Aung Tun ថ្លែង​ថា ក្រៅពី​នេះ​ក៏​មាន​ចន្លោះ​ប្រហោងក្នុង​ការ​សន្ទនាគ្នា​ក្នុង​ចំណោម​ក្រុម​ចលនា​តស៊ូ​ប្រឆាំង​នានា​ ក៏ដូចជា​តម្រូវការ​ចាំបាច់​ដទៃ​ទៀត​ក្នុង​ចំណោម​ពួក​គេដែរ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​ត្រូវតែ​មាន​កិច្ច​ព្រមព្រៀង​មួយ ទាក់​ទិន​ទៅ​នឹង​អំណាច​រដ្ឋបាល ​អំណាច​នីតិប្រតិបត្តិ​ អំណាច​តុលាការ ​អំណាច​ហិរញ្ញវត្ថុ ​ការ​បែងចែក​ធនធាន ​និង​រឿង​ដទៃ​ផ្សេងទៀត។ វា​នឹង​ក្លាយ​ជា​ដំណើរការ​នយោបាយ​ដ៏​ស្មុគស្មាញ​ ប្រសិន​បើ​ពួក​គេ​មិន​អង្គុយ​ចរចា​ជាមួយ​គ្នា ហើយ​យល់​ព្រម​ទៅ​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​បែងចែក​អំណាច»៕

ប្រែសម្រួល​ដោយ នៀម ឆេង