មេដឹកនាំ​សាសនា​​នៅ​មីយ៉ាន់ម៉ា​អំពាវនាវ​ឱ្យ​មាន​សន្តិភាព នៅ​ចំ​ពេល​មាន​ភាព​ចលាចល​កើន​ឡើង

រូបឯកសារ៖ កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​បាន​មក​ដល់​​រដ្ឋ Rakhine កាល​ពី​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០១២ ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ។

ស្រប​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ពេល​ដែល​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​នូវ​ភាព​តានតឹង​ខាង​ជាតិ​សាសន៍ និង​សាសនា មេដឹកនាំ​នានា​ខាង​សាសនា​ព្រះ​ពុទ្ធ សាសនា​គ្រិស្ត និង​សាសនា​ឥស្លាម បាន​អំពាវនាវ​ឱ្យ​មាន​គម្រោង​ផ្ដួចផ្ដើម​សន្តិភាព​ថ្មី​មួយ មុន​ពេល​ដែល​អ្វីៗ​ហួស​ពេល។

នៅក្នុង​លិខិត​អំពាវនាវ​មួយ មេដឹកនាំ​សាសនា​និង​អង្គការ​ខាង​ជំនឿ​សាសនា​ជិត ៥០ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា​កន្លង​ទៅ​នេះ អំពី​កំណើន​អំពើ​ហិង្សា និង «ការ​បែក​បាក់​គ្នា» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ព្រះ​តេជ​គុណ Badata Seindita ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​ម្នាក់​ក្នុង​ចំណោម​អ្នក​ចុះ​ហត្ថលេខា​លើ​លិខិត​អំពាវនាវ​នេះ មាន​សង្ឃដីកា​ប្រាប់​វីអូអេ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺ «ហួស​ពេល​យូរ​ហើយ» ដោយ​ព្រះអង្គ​បាន​សង្កត់​ធ្ងន់​ថា ជម្លោះ​នេះ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស។

ព្រះ​តេជគុណ Seindita ដែល​ជា​ចៅអធិការ​វត្ត​ពន្លឺ​អាស៊ី (Asia Light Monastery) នៅ​ក្នុង​ក្រុង Pyin Oo Lwin មាន​សង្ឃដីកា​ដូច្នេះ​ថា៖ «អាត្មា​មិន​យល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ក្រុម​ប្រដាប់​អាវុធ​ទាំងអស់​មិន​អាច​គិត​អំពី​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព។ យើង​ខ្ញុំ​ជំរុញ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ឈប់​សង្គ្រាម​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ»។

ចាប់​តាំង​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ១៩៤៨ មក ប្រទេស​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ជាតិ​សាសន៍ និង​បញ្ហា​សាសនា​នានា ជា​ពិសេស​នៅ​ក្នុង​រដ្ឋ Rakhine ជាប់​ឆ្នេរ​សមុទ្រ​ខាង​លិច​ប្រទេស និង​រដ្ឋ Chin នៅ​ជិត​ខាង។

ជម្លោះ​នេះ​នាំ​ឱ្យ​មាន​យុទ្ធនាការ​ដ៏​ប្រល័យ​របស់​កងទ័ព​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម​កាល​ពី​ឆ្នាំ ២០១៧។ អង្គកា​សហប្រជាជាតិ​ហៅ​យុទ្ធនាការ​បង្ក្រាប​នេះ​ថា​ជា «ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការ​បោស​សម្អាត​ជាតិ​សាសន៍» ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​មួយ​លាន​នាក់​រត់​គេច​ទៅ​កាន់​ប្រទេស​បង់ក្លាដេស។

លិខិត​ដែល​បាន​ផ្តើម​គំនិត​ដោយ​កាឌីណាល់ Charles Bo ដែល​ជា​មហា​សង្ឃ​នាយក​នៃ​ទីក្រុង​រ៉ង់ហ្គូន បាន​បញ្ជាក់​ថា ប្រទេស​មីយ៉ាន់ម៉ា​ត្រូវការ​បង្វែរ​ការ​ផ្តោត​របស់​ខ្លួន​ពី​សង្គ្រាម​ស៊ីវិល​ទៅ​ការ​ដោះស្រាយ​វិបត្តិ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ។

លិខិត​នេះ​បាន​បន្ថែម​ថា បញ្ហា​ប្រឈម​នៅ​លើ​សាកលលោក​ទាំង​បី​នេះ គឺ​ជា «ឱកាស​ដ៏​ល្អ​បំផុត​មួយ» សម្រាប់​ក្រុម​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឲ្យ​រូម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ​រួម​ទាំង​នេះ។

លិខិត​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ពលរដ្ឋ​ស៊ីវិល ក្រុម​ជាតិ​សាសន៍​ផ្សេងៗ ក្រុម​សកម្ម​ប្រយុទ្ធ គណបក្ស​នយោបាយ និង​មេដឹកនាំ​សាសនា​នានា​នេះ បាន​សរសេរ​ថា៖ «យើង​ធុញទ្រាន់​នឹង​សង្គ្រាម​ដែល​ហែកហួរ​ដោយ​សត្រូវ»។

សេចក្តី​អំពាវនាវ​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ទោះបីជា​មាន​សោភ័ណភាព​នៃ​ភាព​ចម្រុះ​ជាតិ​សាសន៍ និង​សាសនា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​យល់​ខុស​ដែល​សន្មត់​ជា​មុន​អំពី​លំដាប់​ថ្នាក់​នៃ​ការ​បែងចែក​ជាតិ​សាសន៍»។

លោក Al Haj Kalifah U Aye Lwin ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​អំពាវនាវ​នេះ​ក្នុង​ឋានៈ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​នៃ​ប្រទេស​មីយ៉ាន់ម៉ា (Islamic Center of Myanmar) បាន​ព្រមាន​ថា ជម្លោះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ធនធាន​ធម្មជាតិ​របស់​ប្រទេស និង​បណ្ដាល​ឲ្យ​យុវជន​ជា​ច្រើន​នាក់​គ្មាន​ការងារ​ធ្វើ។

លោក​បានថ្លែង​ថា​គំនិត​ផ្ដួចផ្ដើម​បែប​សាសនា​នេះ​មាន​គោល​បំណង​លើក​ទឹកចិត្ត​មេដឹកនាំ​នយោបាយ​របស់​ប្រទេស​ឱ្យ​ទៅ​កាន់​តុ​ចរចា នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក Lwin បាន​ប្រាប់​វីអូអេ​ថា៖ «វីរុស​កូរ៉ូណា​ផ្តល់​ឱកាស​ឲ្យ​យើង​ដើរ​តាម​មាគ៌ា​ថ្មី។ ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដោយ​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​រួម​គ្នា​ដោះស្រាយ​បញ្ហា»។

លោក Kyaw Thu ដែល​ជា​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​កណ្តាល​ខាង​សាសនា​ហិណ្ឌូ​ក្នុង​ប្រទេស​ភូមា (All Myanmar Hindu Central Council) និង​ជា​អ្នក​ចុះហត្ថលេខា​ម្នាក់​ទៀត​លើ​លិខិត​នេះ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល ពួក​យោធា និង​ក្រុម​ប្រដាប់​អាវុធ​នានា​នៃ​ប្រទេស​មីយ៉ាន់ម៉ា គួរ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​អាច​ធានា​ឱ្យ​មាន​ស្ថិរភាព​នៅក្នុង​សង្គម​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

លោក Thu បាន​និយាយ​ដូច្នេះ​ថា៖ «សូម​ពន្លឺ​នៃ​ក្តី​សង្ឃឹម សន្តិភាព និង​វិបុលភាព​រះ​ឡើង​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ថ្មី​មួយ នៅ​ពេល​ដែល​យើង​ដើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​បោះឆ្នោត»។

ប្រទេស​មីយ៉ាន់ម៉ា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ផង​នោះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ជា​ការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ធ្វើ​អន្តរកាល​របស់​ប្រទេស​មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ