ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា​នៅ​ឥណ្ឌា​ខ្លាច​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​មីយ៉ាន់ម៉ា​វិញ

រូបឯកសារ៖ ជនភៀសខ្លួន​មីយ៉ាន់ម៉ា​រស់នៅ​ក្រុង​ដែលី​បួងសួង​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទិវា​ជនភៀសខ្លួន នៅទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៣។

ជនភៀសខ្លួន​ដែល​គេចចេញ​ពី​សង្គ្រាម​អូស​បន្លាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​កំពុង​ស្វែងរក​ទីជម្រក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ជិតខាង​បាន​ប្រាប់ VOA ថា ពួកគេ​ភ័យខ្លាច​ថា​អាច​ត្រូវ​គេ​ចាប់ខ្លួន​និង​បញ្ជូន​ដោយ​បង្ខំ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ បន្ទាប់ពី​រដ្ឋបាល​រដ្ឋ Manipur នៃ​ប្រទេស​ឥណ្ឌា​បាន​ចេញ​វិធានការ​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ការ​ចាប់ផ្តើម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា អភិបាល​រដ្ឋ Manipur លោក Nongthombam Biren Singh បាន​ប្រកាស​អំពី​ការ​បញ្ជូន «ជន​អន្តោប្រវេសន៍​ខុសច្បាប់» ចំនួន ៧៧ នាក់ ​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​របស់​លោក ដោយ​លោក​បាន​ហៅ​ការ​បញ្ជូន​ត្រឡប់​ទៅវិញ​នេះ​ថា​ជា «ដំណាក់កាល​ទី​មួយ»។

លោក Biren Singh បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​ថា ដំណើរការ​នៃ​ការ​បញ្ជូន​ត្រឡប់​ទៅវិញ​នូវ «ជន​អន្តោប្រវេសន៍​ខុស​ច្បាប់» ប្រហែល ៥.៤០០ នាក់​បន្ថែម​ទៀត «កំពុង​ធ្វើឡើង»។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន (UNHCH) បាន​បញ្ជាក់​ថា ជនភៀសខ្លួន​ជិត ៦០.០០០ នាក់​ បាន​រត់គេច​ទៅកាន់​ប្រទេស​ឥណ្ឌា ​តាំងពី​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​និង​បាន​ដណ្ដើម​អំណាច​នៅ​ឆ្នាំ ២០២១ មក។ រដ្ឋប្រហារ​នេះ​បាន​បណ្ដាល​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ដែល​បាន​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​អស់​រាប់​ពាន់​នាក់។

ជនភៀសខ្លួន​ទាំងនេះ​បាន​ជ្រកកោន​នៅ​ទូទាំង​ខេត្ត​ចំនួន ៣ នៅ​ភាគ​ខាងកើត​បំផុត​នៃ​ប្រទេស​ឥណ្ឌា​ជាប់​នឹង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ Manipur បាន​ចាត់​វិធានការ​ដ៏​ខ្លាំងក្លា​បំផុត​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ។ មន្ត្រី​នៅ​ទីនោះ​បាន​បន្ទោស​ជនភៀសខ្លួន​ទាំងនោះ​ថា​បាន​ជំរុញ​បន្ថែម​នូវ​សន្ទុះ​នៃ​ការ​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​នៅក្នុង​រដ្ឋ​នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។

ឥណ្ឌា​មិន​ទទួលស្គាល់​ជនភៀសខ្លួន​ជា​ផ្លូវការ​ទេ ហើយ​ក៏​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដែរ។

ជនភៀសខ្លួន​នៅ​ក្នុង​រដ្ឋ Manipur បាន​និយាយ​ថា ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅវិញ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើឱ្យ​ពួកគេ​ជ្រួលច្រាល់​ក្នុង​ចិត្ត។ ជនភៀសខ្លួន​ខ្លះ​បាន​ចាប់ផ្តើម​ផ្លាស់ទី​ទៅ​កន្លែង​ថ្មី​ដើម្បី​គេចចេញ​ពី​ការ​បញ្ជូន​ចេញ។

លោក Seithang Haokip ដែល​ជា​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ពី​កន្លែង​លាក់ខ្លួន​ដែល​ស្ថិត​នៅ​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​ពី​ព្រំដែន​ថា៖ «នេះ​ជា​រឿង​ដែល​យើង​ខ្លាច​បំផុត។ ហេតុ​នេះ​ហើយ​បានជា​យើង​ផ្លាស់ទី​ទៅកាន់​ភូមិ​មួយ​ទៀត​នៅ​ព្រំដែន ពីព្រោះ​យើង​ខ្លាច​រដ្ឋបាល​រដ្ឋ Manipur»។

លោក Seithang Haokip បាន​បញ្ជាក់​ថា​ លោក​បាន​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​ខុសច្បាប់​កាលពី ២ ឆ្នាំ​ មុន​ពី​រដ្ឋ Chin នៃ​ប្រទេស​មីយ៉ាន់ម៉ា។ កាលនៅ​មីយ៉ាន់ម៉ា លោក​បាន​ចូលរួម​នៅក្នុង​ចលនា​មិន​ស្តាប់​បង្គាប់​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស ហើយ​បាន​ជួយ​ដឹកនាំ​កូដកម្ម​ក្នុង​មូលដ្ឋាន​ប្រឆាំង​នឹង​របប​យោធា។

ក្រុម​អ្នកស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​បាន​ចោទប្រកាន់​របប​យោធា​មីយ៉ាន់ម៉ា​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចាប់​រំលោភ​ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ទាំង​ជន​ស៊ីវិល​និង​យុទ្ធជន​ក្រុម​ឧទ្ទាម​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ផងដែរ។

ក្រុម​អ្នកស៊ើបអង្កេត​នេះ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​និង​ដោយ​កាំភ្លើង​ធំ​មិន​រើសមុខ​លើ​ការតស៊ូ​ប្រឆាំង​នេះ​បាន​បំផ្លាញ​ភូមិ​នានា​ទាំងស្រុង។ មនុស្ស​ប្រហែល ២ លាន ៥ សែន​នាក់​ បាន​ផ្លាស់ទី​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយសារ​ការ​ប្រយុទ្ធគ្នា។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

កាលពី​ខែ​មេសា របប​យោធា​មីយ៉ាន់ម៉ា​ក៏​បាន​ចាប់ផ្តើម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កេណ្ឌ​ទាហាន​ដែល​មាន​អាយុកាល​រាប់​ឆ្នាំ​មក​ហើយ​ផងដែរ ដោយ​តម្រូវ​ឱ្យ​បុរស​ទាំងអស់​ដែល​មាន​អាយុ​ពី ១៨ ទៅ ៣៥ ឆ្នាំ ​ចូល​បម្រើ​កងទ័ព​យ៉ាងតិច ២ ឆ្នាំ ហើយ​ហាមឃាត់​បុរស​ទាំងអស់​ដែល​មាន​អាយុ​ជាប់​កាតព្វកិច្ច​យោធា​នេះ​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស។

លោក Salai Dokhar អាយុ ៣១ ឆ្នាំ ដែល​ជា​ជនភៀសខ្លួន​ម្នាក់​ទៀត បាន​និយាយ​ថា លោក​អាច​ត្រូវ​គេ​បង្ខំ​ឱ្យ​ប្រយុទ្ធ​ឱ្យ​ពួក​យោធា​ដែល​លោក​ស្អប់ខ្ពើម និង​អាច​ត្រូវ​គេ​បញ្ជា​ឱ្យ​សម្លាប់​ជន​រួមជាតិ​របស់​លោក ប្រសិនបើ​លោក​ត្រូវបាន​គេ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

ទោះបីជា​មាន​សុវត្ថិភាព​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស​ឥណ្ឌា​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ២.០០០ គីឡូម៉ែត្រ​ពី​ព្រំដែន​ក៏ដោយ ក៏​លោក​បាន​និយាយ​ថា លោក​មាន​ការ​ភ័យខ្លាច​កាន់តែ​ខ្លាំងឡើង​ថា​អាច​ត្រូវបាន​គេ​ចាប់ខ្លួន​និង​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

ដោយសារ​សង្គ្រាម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​នៅតែ​មាន​សភាព​ខ្លាំងក្លា អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់​ថា អាជ្ញាធរ​ឥណ្ឌា​គួរតែ​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​បន្ត​ស្នាក់នៅ​រហូត​ទាល់តែ​ដល់​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ដោយ​ខ្លួនឯង។

អ្នកស្រី Meenakshi Ganguly អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​ប្រាប់ VOA ថា៖ «ស្ថានភាព​គឺ​គ្រោះថ្នាក់​បំផុត​សម្រាប់​ជន​ស៊ីវិល​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជម្លោះ​ប្រដាប់​អាវុធ​កំពុង​បន្ត​កើតឡើង។ ជន​ស៊ីវិល​ជាច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​រត់គេច​ដើម្បី​ស្វែងរក​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «អាជ្ញាធរ​ឥណ្ឌា​គួរតែ​ការពារ​សិទ្ធិ​របស់​ពួកគេ។ ទោះបីជា​ឥណ្ឌា​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ជនភៀសខ្លួន​ក៏ដោយ ក៏​ឥណ្ឌា​នៅ​មាន​កាតព្វកិច្ច​ក្នុង​ការ​មិន​បញ្ជូន​ជនភៀសខ្លួន​ដោយ​បង្ខំ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ដែរ នៅពេល​ដែល​មាន​ហានិភ័យ​ខ្លាំងក្លា​ចំពោះ​អាយុ​ជីវិត​និង​សេរីភាព [របស់​ពួកគេ] បែបនេះ»។

ជនភៀសខ្លួន​បាន​និយាយ​ថា ពួកគេ​ជឿ​ថា ​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ Manipur នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ឃុំខ្លួន​មនុស្ស​ជាង ១០០ នាក់​ មកពី​មីយ៉ាន់ម៉ា​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង ហើយ​ពួកគេ​ភ័យខ្លាច​ថា​នៅ​ថ្ងៃ​ណាមួយ​ពួកគេ​អាច​នឹង​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

រដ្ឋបាល​និង​អភិបាល​រដ្ឋ Manipur មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់ VOA ដែល​សុំ​សម្ភាសន៍​ឬ​សុំ​ឱ្យ​បញ្ចេញ​មតិ​នោះទេ។

ជនភៀសខ្លួន​និង​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​ថា យុទ្ធនាការ​របស់​រដ្ឋ​នោះ​ក្នុង​ការ​បញ្ជូន​ជនភៀសខ្លួន​ចេញ​គឺជា​រឿង​នយោបាយ ដែល​ជំរុញ​ឡើង​ដោយសារ​ការ​ស្វះស្វែង​របស់​គណបក្ស​កាន់​អំណាច Bharatiya Janata នៅ​ក្នុងការ​រក​សំឡេងឆ្នោត​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​ឥណ្ឌា ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មេសា​និង​បន្ត​រហូត​ដល់​ខែ​មិថុនា​ខាងមុខ។

លោក Biren Singh ដែល​ជា​សមាជិក​ម្នាក់​របស់​គណបក្ស Bharatiya Janata ដែល​ជា​គណបក្ស​ជាតិ​និយម​ហិណ្ឌូ បាន​បន្ទោស​ជនភៀសខ្លួន​ទាំងនោះ​ថា​បាន​ធ្វើ​ឱ្យ​មាន​ជម្លោះ​សហគមន៍​កើតឡើង​ដែល​បាន​ហែកហួរ​រដ្ឋ Manipur តាំងពី​ខែ​ឧសភា ឆ្នាំ ២០២៣ មក ដោយ​បាន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​រវាង​ជាតិសាសន៍​ភាគច្រើន Meitei ដែល​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ និង​ជាតិសាសន៍​ភាគតិច Kuki ដែល​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត។ ជាតិសាសន៍ Kuki ក៏​ជាប់​សែ​ស្រឡាយ​ជាមួយ​នឹង​ជាតិសាសន៍ Chin នៅ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ ដែល​ជាតិសាសន៍ Chin នេះ​គឺជា​ជនភៀសខ្លួន​ភាគច្រើន​នៅ​ក្នុង​រដ្ឋ Manipur៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន