បាតុករក្មេងៗមីយ៉ាន់ម៉ារាប់រយនាក់ដែលបានត្រូវកងកម្លាំងសន្តិសុខឡោមព័ទ្ធជាប់នៅក្នុងសង្កាត់មួយនៃក្រុងរ៉ង់ហ្គូនកាលពីពេលយប់អាចចេញវិញបានហើយ បន្ទាប់ពីមានការអំពាវនាវពីមហាអំណាចលោកខាងលិច និងអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យពួកគេចាកចេញបាន។ នេះបើតាមការបញ្ជាក់របស់ក្រុមសកម្មជននៅថ្ងៃអង្គារនេះ និងរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
មនុស្សរាប់ពាន់នាក់បានបំពានបម្រាមគោចរនៅពេលយប់ថ្ងៃច័ន្ទ ដើម្បីចេញមកតាមដងផ្លូវនៅក្នុងក្រុងធំជាងមួយនេះរបស់មីយ៉ាន់ម៉ា ដើម្បីគាំទ្រក្រុមយុវជនដែលជាប់នៅក្នុងសង្កាត់ Sanchaung ជាទីកន្លែងដែលពួកគេបានធ្វើបាតុកម្មរាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
ការដណ្តើមកាន់កាប់អំណាចរបស់កងទ័ពនិងការចាប់ខ្លួនអ្នកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចល។ កងកម្លាំងសន្តិសុខបានសម្លាប់បាតុករជាង៦០នាក់ ហើយបានចាប់ខ្លួនមនុស្សជាង១.៨០០នាក់ចាប់តាំងពីពេលនោះមក។
នៅសង្កាត់ Sanchaung ប៉ូលិសដែលបានបាញ់គ្រាប់កាំភ្លើងនិងប្រើគ្រាប់បែកធ្វើឱ្យងងីងងើ បានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថា ពួកគេនឹងឆែកឆេរនៅតាមផ្ទះដើម្បីស្វែងរកជនមកពីខាងក្រៅសង្កាត់ ហើយនឹងដាក់ទោសជនណាដែលចាប់បានដែលលាក់ខ្លួនពួកគេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវ«ឱ្យមានការអត់ធ្មត់ជាអតិបរមា» ហើយឱ្យដោះលែងបាតុករទាំងអស់ដោយគ្មានហិង្សាឬការចាប់ខ្លួន។ ការអំពាវនាវនេះក៏ត្រូវធ្វើឡើងដោយស្ថានទូតសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅប្រទេសមីយ៉ាន់ម៉ាដែរ៕