មន្ត្រី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​បាន​ស្លាប់​ក្រោយ​ការ​ចាប់​ខ្លួន

  • ​Reuters

ក្រុម​បាតុករ​មីយ៉ាន់ម៉ា​មានប្រដាប់​ដោយ​ឧបករណ៍​ការពារ​ខ្លួន​ពី​អំពើ​ហិង្សា​របស់​ប៉ូលិស ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

អតីត​សមាជិក​រដ្ឋសភា​មីយ៉ាន់ម៉ា​មួយ​រូប​បាន​និយាយ​ថា មន្ត្រី​មួយ​រូប​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Aung San Suu Kyi បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ស្លាប់​របស់​លោក Zaw Myat Linn នេះ​បាន​កើតឡើង ក្រោយ​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន នៅ​វេលា​ម៉ោង​ប្រមាណ ១ និង ៣០ នាទី​ព្រឹក​កាលពី​ថ្ងៃ​អង្គារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ba Myo Thein ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋប្រហារ​យោធា។

លោក Ba Myo បាន​បញ្ជាក់​ថា៖ «លោក Zaw Myat Linn បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ជា​បន្ត​បន្ទាប់។ ពេល​នេះ ក្រុម​សាច់​ញាតិ​របស់​លោក​កំពុង​ព្យាយាម​យក​សាកសព​របស់​លោក​ពី​មន្ទីរពេទ្យ​យោធា»។

ទាំង​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​យោធា​មិន​បាន​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​ការ​សុំ​យោបល់​បញ្ជាក់​ជុំវិញ​ការ​ស្លាប់​របស់​មន្រ្តី​គណបក្ស​រូប​នេះ​ទេ។

លោក Zaw Myat Linn គឺជា​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ទី ២ ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅ​ក្រោយ​រដ្ឋប្រហារ។

មន្ត្រី​ដំបូង​ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​ផងដែរ​នោះ​គឺ​លោក Khin Maung Latt។ លោក​បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ លោក Khin Maung Latt បាន​បម្រើ​ការ​ជា​អ្នក​ចាត់ចែង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស និង​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​ក្នុង​ឆ្នាំ ២០២០៕