បេក្ខជន​បវរកញ្ញា​ចក្កវាឡ​របស់​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​របប​យោធា​ក្នុង​អំឡុង​ការ​ប្រកួត​​ផ្ដាច់ព្រ័ត្រ

  • Reuters

កញ្ញា Ma Thuzar Wint Lwin ដែល​ជា​បេក្ខជន​ Miss Universe តំណាង​ប្រទេស​មីយ៉ាន់ម៉ា លើក​បដា​មួយ​សរសេរ​ថា «បួងសួង​ឲ្យ​មីយ៉ាន់ម៉ា» ក្នុង​ពេល​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

បេក្ខជន​បវរកញ្ញា​ចក្កវាឡ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ កញ្ញា Thuzar Wint Lwin បាន​ប្រើប្រាស់​វេទិកាប្រកួតប្រជែងរបស់​នាង​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដោយសុំ​ឲ្យ​ពិភពលោក​ធ្វើ​ការ​ប្រឆាំងនឹង​របប​យោធាក្នុង​ប្រទេស​របស់​នាង​ ដែល​ក្រុម​កង​សន្តិសុខ​នៅ​ទី​នោះ​បាន​សម្លាប់ក្រុម​អ្នក​តវ៉ា​ប្រឆាំង​អស់ជា​ច្រើន​រយ​នាក់ ចាប់​តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ​កន្លង​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

​នៅ​ក្នុង​សារតាម​វីដេអូ​មួយ​ថត​សម្រាប់​ការប្រកួត​របស់​បេក្ខជន​បវរកញ្ញា​រូប​នេះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅទីក្រុង Hollywood ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក នាង​កញ្ញា Thuzar Wint Lwin ថ្លែង​ថា៖ «ពលរដ្ឋមីយ៉ាន់ម៉ា​របស់​យើងកំពុង​ស្លាប់​និង​ត្រូវបាន​ក្រុម​យោធា​បាញ់​ប្រហារ​ជា​រៀងរាល់​ថ្ងៃ»។

នាង​ថ្លែងថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់គ្នា​ និយាយ​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា។ ​ក្នុង​នាមជា​បេក្ខជន​បវរកញ្ញា​ចក្កវាឡសម្រាប់​មីយ៉ាន់ម៉ាចាប់​តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​មក​ ខ្ញុំ​បាន​និយាយ​ប្រឆាំង​នឹង​របប​យោធា​យ៉ាង​ខ្លំាង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​

យ៉ាង​ហោច​ណាស់​ មាន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ប្រមាណ ៧៩០​នាក់​ បាន​ត្រូវអាជ្ញាធរ​មីយ៉ាន់ម៉ា​បាញ់​សម្លាប់​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ​មក។ នេះ​បើ​តាមស្ថិតិ​របស់សមាគម​ផ្តល់​ជំនួយសម្រាប់ក្រុមសកម្មជន​អ្នក​ទោស​នយោបាយក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ ​សមាគម​នេះក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ មាន​មនុស្ស៥.០០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​៤.០០០នាក់ត្រូវ​បាន​ឃុំ​ខ្លួន​ ដែល​ក្នុង​នោះ​ក៏​មាន​តារាល្បីៗរបស់​ប្រទេស​នេះ​ ជា​ច្រើន​នាក់​ផង​ដែរ៕