យោធា​មីយ៉ាន់ម៉ា​មិន​​បដិសេធ​​លទ្ធភាព​នៃ​រដ្ឋប្រហារ​ជុំវិញ​​ការ​​ចោទ​ប្រកាន់​ថា​មាន​ការ​បន្លំ​សន្លឹកឆ្នោត

មន្ត្រីយោធាមីយ៉ាន់ម៉ាម្នាក់ឈរប្រចាំការការពារសន្តិសុខក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅសារមន្ទីរការពារជាតិ ក្នុងរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អង្គារ មិន​បាន​បដិសេធ​ពី​លទ្ធភាព​នៃរដ្ឋប្រហារ​ដែល​អាច​កើត​ឡើងជុំវិញ​រឿងការ​ចោទ​ប្រកាន់​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២០​ មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត។​

អ្នក​ជំនាញ​ព្រមាន​ថា​ ជម្លោះ​នេះ​កំពុង​នាំ​ទៅ​រក​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​នេះ​ ដែល​ទើប​តែ​កកើត​ឡើង​ បន្ទាប់​ពី​ការ​ដឹកនាំ​ដ៏​ឃោរឃៅរបស់​របប​យោធា​មួយ​ទសវត្ស​មុន។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​វិទ្យុអាស៊ីសេរី​ភាសា​មីយ៉ាន់ម៉ា។

​អ្នកស្រី Aung San Suu Kyi មក​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) បាន​ឈ្នះការ​បោះឆ្នោត​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ភ្លូក​ទឹក​ភ្លូក​ដី ប៉ុន្តែ​គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​សហភាព​(USDP) ដែល​មាន​យោធា​នៅ​ពី​ក្រោយ អះអាង​ថា​ មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ទូលំទូលាយ និង​បាន​បង្កើន​សម្ពាធ​លើ​អាជ្ញាធរ​បោះឆ្នោត​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត។

ក្រុម​យោធា ដែល​មាន​អាសន:​ក្នុង​រដ្ឋសភា​ដោយ​ស្វ័យប្រវត្តិ​ ២៥%​ ស្រាប់ ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​គណបក្ស USDP ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​យោធា អះអាង​ថា​ មាន​ករណី​មិន​ប្រក្រតី​ចំនួន ៨,៦ លាន​ករណី​ នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​ទី​ប្រជុំជន​ ៣១៤ ដែល​អាច​ឲ្យ​អ្នក​បោះឆ្នោត​បាន​ច្រើន​ដង ឬ​ «ធ្វើ​ការបោះ​ឆ្នោតមិន​ត្រឹម​ត្រូវ»។

ប៉ុន្តែ​ក្រុមយោធា​និង​គណបក្ស​ USDP ដែល​ចំណុះ​យោធា​បាន​ទទួល​សំឡេង​ឆ្នោត​តិច​តួច​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ហើយ​មិន​បាន​បង្ហាញ​ភស្តុតាង​អំពី​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ទេ។

អ្នក​គាំទ្រក្រុម​យោធា និង​គណបក្ស USDP ​បាន​ធ្វើ​បាតុកម្មនៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ក្នុង​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ​នេះ៕