ជនចំណាកស្រុកជាតិមីយ៉ាន់ម៉ា ២០ នាក់ដែលត្រូវបានគេជួញដូរ បាននៅជាប់គាំងនៅឯព្រំដែនថៃនិងម៉ាឡេស៊ីអស់រយៈពេល២ខែ បានត្រូវជួយសង្គ្រោះ។នេះតាមមន្រ្តីម្នាក់របស់ស្ថានទូតមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាងកក។
លោក U Sai Aye អ្នកបកប្រែផ្លូវការនៃស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក បានប្រាប់ VOA ផ្សាយជាភាសាភូមាថា ពួកជនរងគ្រោះ មានកម្លាំងល្ហិតល្ហៃនៅក្នុងបន្ទប់មួយបន្ទាប់ពីភ្នាក់ងារម្នាក់ដែលបានសន្យាផ្តល់ការងារឲ្យពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី បានបោះបង់ពួកគេចោលក្នុងការប្រឈមមុខការរឹតត្បិតការធ្វើដំណើរដែលទាក់ ទិននឹងការរាតត្បាតនៃមេរោគកូរ៉ូណា។
នៅពេលដែលស្ថានទូត បានទទួលការហៅទូរស័ព្ទមកពីក្រុមនោះ មិនមានជនចំណាកស្រុកណាដឹងថាពួកគេនៅទីណាទេ។ ស្ថានទូតមីយ៉ាន់ម៉ា បានស្នើសុំការជួយមកពីយោធាថៃ។
លោក Sai Aye បានប្រាប់ឲ្យដឹងទៀតថា ពួកយោធាថៃ ដោយមានការជួយពីប៉ូលិសអន្តោប្រវេសន៍ថៃ បានជួយសង្គ្រោះមនុស្សមួយក្រុមនៅក្នុងក្រុង Sungai Kolok នៅខេត្ត Narathiwat នៅជិតព្រំដែនប្រទេសម៉ាឡេស៊ី។ អាជ្ញាធរថៃ បានប្រគល់ជនរងគ្រោះទាំងនោះទៅឲ្យពួកអាជ្ញាធរមីយ៉ាន់ម៉ា។
លោក Sai Aye បាននិយាយទៀតថា ភ្នាក់ងាររកការងារដែលបានជួញដូរពលរដ្ឋភូមា បានយកប្រាក់ពីជនជាតិមីយ៉ាន់ម៉ាម្នាក់ៗចំនួន១ពាន់ដុល្លារហើយបានសន្យាយកពួកគេចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសម៉ាឡេស៊ីកាត់តាមទីក្រុងបាងកក។ភ្នាក់ងារនោះ បានប្រាប់ជនរងគ្រោះថា ពួកគេមិនត្រូវការលិខិត ឆ្លងដែនសម្រាប់ការធ្វើដំណើរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែនខុសច្បាប់។
នៅពេលឆ្លងកាត់ព្រំដែន មានការលំបាក ពីព្រោះតែសន្តិសុខតឹងតែងបំផុត ដែលត្រូវបានគេរៀបចំឡើងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ភ្នាក់ងារនោះ បានបោះបង់ចោលក្រុមជនចំណាកស្រុកទាំងនោះ។
ក្រុមជនចំណាកស្រុកមីយ៉ាន់ម៉ាទាំងនោះដែលមានស្រ្តី២នាក់និងបុរស២៨នាក់ នៅទីបញ្ចប់ពួកគេបានទាក់ទងស្ថានទូតដែលបានផ្តល់ព័ត៌មានតាម GPS មកពីទីកន្លែងដែលពួកគេបានទូរស័ព្ទទៅយោធាថៃ៕