រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ជំរុញ​ប្រេសិត​ពិសេស​អាស៊ាន​កុំ​ឲ្យ​ទាក់ទង​ជាមួយ​ក្រុម​«ភេរវជន»

  • Reuters

រូបឯកសារ៖ ប៉ូលិស​ម្នាក់​ឈរ​នៅ​ក្បែរ​ទង់ជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៥ នៅ​ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤។ (REUTERS)

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​រិះគន់​ការ​អំពាវនាវ​ឲ្យ​ប្រេសិត​ពិសេស​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍(អាស៊ាន) សម្រាប់​មីយ៉ាន់ម៉ា​ ឲ្យ​ជួប​ជាមួយ​ក្រុម​នានា​ដែល​ជំទាស់​ប្រឆាំង​រដ្ឋប្រហារ​កាលពី​ឆ្នាំទៅ​ដែល​ពួក​យោធា​បាន​ប្រកាស​ថា ជា​«ក្រុម​ភេរវជន»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​មាន​សញ្ញា​តិចតួច​ដែល​ថា ពួក​យោធា​អនុវត្ត​ផែនការ​សន្តិភាព​៥​ចំណុច​ដែល​បាន​ព្រមព្រៀង​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំ​ទៅ​ ដែល​រួមមាន​ការបញ្ចប់​ជា​បន្ទាន់​នូវ​អរិភាព​ហើយ​នឹង​អនុញ្ញាត​ឲ្យ​បេសកជន​ពិសេស​សម្របសម្រួល​ការ​សន្ទនា ការ​បែកបាក់ដែល​កំពុង​កើន​ឡើង បាន​លេចចេញ​នៅ​ក្នុង​ប្លុក​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​ អំពី​ថា​តើ​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​យ៉ាង​ដូចម្តេច។

បន្ទាប់ពី​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយ​ថា វា​ជា​ការ​សំខាន់​សម្រាប់​ប្រេសិត​ពិសេសជួប​គ្រប់​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​នោះ ដោយ​ប្រទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ជា​ក្រុម​មួយ​ដែល​មាន​សមាជិក​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ាដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​និង​ពួក​អ្នក​ប្រឆាំង​នឹង​ពួកយោធា​ផ្សេង​ទៀត។

ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ក្រសួង​បាន​កត់​សម្គាល់​ថា ខណៈដែល​ការពិភាក្សា​ខ្លះមាន​លក្ខណៈ​ស្ថាបនាអំពី​ការ​អនុវត្តកិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​៥ចំណុចនោះ សមាជិក​២របស់​អាស៊ាន បាន​ស្នើ​ឲ្យ​ប្រសិតពិសេស​ធ្វើ​ការទាក់ទងជាមួយ​ក្រុម​ខុស​ច្បាប់​និង​ក្រុម​ភេរវជន»។

នៅ​ក្នុង​ការឆ្លើយតប​ជា​សាធារណៈ​របស់​ខ្លួន​លើក​ដំបូង​ចំពោះជំនួប​របស់​អាស៊ាន​កាលពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា សំណើ​ឲ្យ​បេសកជន​អាស៊ាន​ធ្វើ​ការទាក់ទង​ជាមួយក្រុម​ផ្សេងៗ​ទៀត​នោះ «មិន​ត្រឹមតែ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​នៃធម្មនុញ្ញ​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែម​ទាំងធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ខំប្រឹងប្រែង​នៃ​ការ​ប្រឆាំង​ភេរវកម្ម​របស់​អាស៊ាន​ដែរ»។

​អ្នក​តំណាង​ពី​រដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ា មិន​បាន​ត្រូវ​គេ​គេ​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ជំនួប​របស់​អាស៊ាន​ចាប់តាំង​ពី​ចុងឆ្នាំ​ទៅ​មក​ម៉្លេះ៕