ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលយោធាដែលឆក់យកអំណាចនៅមីយ៉ាន់ម៉ា នឹងមានទំនាក់ទំនងល្អក្នុងរយៈពេលវែងជាមួយនឹងប្រទេសចិន ដែលជាប្រទេសប្រើអំណាចផ្តាច់ការនៅជិតខាងខ្លួន បើទោះបីជាមិនមានប្រវត្តិល្អជាមួយគ្នាក៏ដោយ ហើយទំនាក់ទំនងនេះនឹងបន្តកាន់តែស្អិតរមួត ប្រសិនបើទណ្ឌកម្មអន្តរជាតិបានកាត់ផ្តាច់មីយ៉ាន់ម៉ាចេញពីប្រទេសលោកខាងលិច។
យោធាមីយ៉ាន់ម៉ាបានចូលកាន់កាប់ប្រទេស កាលពីថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ និងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ មេដឹកនាំគាំទ្រដោយជនស៊ីវិលលោកស្រី អោង សាន ស៊ូជី ដែលជាអ្នកជ័យលាភីពានរង្វាន់ណូបែល ត្រូវបានចាប់ខ្លួននៅក្នុងការផ្លាស់ប្តូរអំណាចនេះ ដែលបង្កឲ្យមានការថ្កោលទោសពីបណ្តារដ្ឋាភិបាលនៅបស្ចឹមលោក។
លោក Thitinan Pongsudhirak សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Chulalongkorn នៅទីក្រុងបាងកក បាននិយាយថា ចិនប្រហែលមានភាពរអាក់រអួលនៅដំណាក់កាលដំបូងជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាថ្មីលោក Min Aung Hlaing ដោយសារតែយោធាមីយ៉ាន់ម៉ាធ្លាប់ខឹងសម្បារនឹងការពាក់ព័ន្ធរបស់ចិន នៅក្នុងគម្រោងទំនប់វារីអគ្គិសនីមួយ ដែលត្រូវបានព្យួរនាពេលបច្ចុប្បន្ន ការដឹកជញ្ជូនឧស្ម័នធម្មជាតិឆ្លងព្រំដែនរបស់មីយ៉ាន់ម៉ា និងឥទ្ធិពលមកលើសេដ្ឋកិច្ចមីយ៉ាន់ម៉ាក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
លោកសាស្រ្តាចារ្យបានបន្តថា ភាគីទាំងពីរទីបំផុតនឹងមានការវិវត្តទៅមុខ ពីព្រោះមិនដូចមេដឹកនាំនៅប្រទេសលោកខាងលិច រដ្ឋាភិបាលកុម្មុយនីស្តចិនមិនយល់ថា មានសម្ពាធនៅក្នុងស្រុកក្នុងការថ្កោលទោសរដ្ឋផ្តាច់ការមួយទៀតនោះទេ។
លោកបានថ្លែងថា៖ «ចិនគឺជាមិត្តគ្រប់រដូវកាល ហើយអ្នកអាចឃើញថា នៅពេលបណ្តាប្រទេសនានាងាកទៅរកអំណាចផ្តាច់ការដូចប្រទេសមីយ៉ាន់ម៉ាបានធ្វើនាពេលថ្មីៗនេះ វាគឺជារឿងល្អសម្រាប់ចិន ពីព្រោះចិនមិនមានលក្ខខណ្ឌកំណត់ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ចំពោះអភិបាលកិច្ចក្នុងស្រុកនោះទេ ដូចនេះ អាចជារបបដឹកនាំប្រភេទណាក៏បាន ហើយគឺមិនមានបញ្ហានោះទេសម្រាប់ប្រទេសចិន»។
នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយ កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកនឹងព្យាយាមយល់ពី «ស្ថានភាព» នៅមីយ៉ាន់ម៉ា។ ហើយលោកត្រូវបានដកស្រង់សម្តីនៅក្នុងគេហទំព័ររបស់ក្រសួងថា ចិនគឺជា «ប្រទេសជិតខាងរួសរាយ» មួយជាមួយនឹងមីយ៉ាន់ម៉ា ហើយ «យើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ាអាចដោះស្រាយជម្លោះ និងរក្សាស្ថិរភាពសង្គម និងនយោបាយ តាមរយៈការប្រើប្រាស់រដ្ឋធម្មនុញ្ញ និងច្បាប់»។
ការចូលកាន់កាប់អំណាចរបស់យោធានៅមីយ៉ាន់ម៉ាផ្តើមចេញពីការបោះឆ្នោតសភា កាលពីខែវិច្ឆិកា។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំប្រទេសកាលពីគ្រាមុននេះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីលើគណបក្សរណសិរ្សសាមគ្គីភាព និងអភិវឌ្ឍន៍របស់យោធា។
យោធា ដែលដឹកនាំប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជិត ៥០ ឆ្នាំមកនេះ មុនពេលរដ្ឋាភិបាលប្រជាធិបតេយ្យបានលេចឡើងនៅឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី បានធ្វើការចោទប្រកាន់ពីការបន្លំសន្លឹកឆ្នោត។
ចិននិងមីយ៉ាន់ម៉ាត្រូវរ៉ូវគ្នា មុនពេលព្រឹត្តិការណ៍នាពេលថ្មីៗនេះ ទោះបីជាមីយ៉ាន់ម៉ាព្យាយាមស្វែងរកទំនាក់ទំនងរឹងមាំជាងមុនជាមួយនឹងជប៉ុន និងប្រទេសលោកខាងលិចស្របពេលព្យាយាមបន្ថយឥទ្ធិពលរបស់ចិនក៏ដោយ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក Joe Biden បេជ្ញានឹងចាត់ «វិធានការសមស្រប» ហើយពិនិត្យលើទណ្ឌកម្មដែលអាចមានប្រឆាំងនឹងមីយ៉ាន់ម៉ា។ អូស្រ្តាលី អង់គ្លេស សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន និងសិង្ហបុរី បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួននាពេលថ្មីៗនេះផងដែរ អំពីស្ថិរភាពរបស់ប្រទេសមីយ៉ាន់ម៉ា។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់ពីតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី បាននិយាយថា មានតែរដ្ឋាភិបាលនៅបណ្តាប្រទេសបស្ចឹមលោកទេ ដែលមាន«អារម្មណ៍ចង់បានជាការធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យ»។
លោក Thitinan Pongsudhirak សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn នៅទីក្រុងបាងកក បានលើកឡើងថា ប្រសិនបើបស្ចឹមប្រទេសដាក់ទណ្ឌកម្មធ្ងន់ធ្ងរនោះ «យោធាមីយ៉ាន់ម៉ាមិនមានជម្រើសអ្វីក្រៅពីងាកទៅប្រទេសចិននោះទេ»។
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់មីយ៉ាន់ម៉ានៅឆ្នាំ ២០១១ ដោយជំនួសតំណែងប្រទេសថៃ ជាមួយនឹងការនាំចូល និងនាំចេញតម្លៃ ៥,៣ ពាន់លានដុល្លារកាលពីឆ្នាំនោះ។ ចិនជាទូទៅដឹកជញ្ជូនវត្ថុធាតុដើម និងគ្រឿងសម្ភារៈសម្រាប់គម្រោងវិនិយោគផ្សេងៗ ខណៈមីយ៉ាន់ម៉ាបញ្ជូនវត្ថុធាតុដើមទៅចិន។ ព្រំដែនប្រវែង ២២០០ គីឡូម៉ែត្រ បានសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការបរទេសនៃសាកលវិទ្យាល័យជាតិ Chengchi ក្នុងក្រុងតៃប៉ិ បាននិយាយថា៖ «ឥឡូវនេះបន្ទាប់ពីរដ្ឋប្រហារយើងឃើញពីរបៀបដែលរដ្ឋាភិបាលយោធាគ្រប់គ្រងលើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ នេះគឺអាចនិយាយបានថា ប្រសិនបើសហរដ្ឋអាមេរិកដាក់សម្ពាធមកលើមីយ៉ាន់ម៉ា នោះរដ្ឋាភិបាលយោធានឹងពិតជាស្វែងរកមធ្យោបាយងាកទៅរករដ្ឋាភិបាលក្រុងប៉េកាំង និងពង្រឹងទំនាក់ទំនង»។
អ្នកវិភាគជឿថា ទោះបីជាមិនមានទណ្ឌកម្មក៏ដោយ ទំនាក់ទំនងផ្នែកនយោបាយ ពាណិជ្ជកម្ម និងវិនិយោគនឹងរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មីយ៉ាន់ម៉ាត្រូវការជំនួយអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រ។ ចិនចាត់ទុកមីយ៉ាន់ម៉ាជាប្រទេសមួយនៅក្នុងបណ្តាញប្រទេសនៅតំបន់អាស៊ីអឺរ៉ុប ជាទីដែលខ្លួនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបើកផ្លូវពាណិជ្ជកម្ម។
លោក Alistair Cook អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអន្តរជាតិ S. Rajaratnam បាននិយាយថា៖ «ចិននៅតែជាដៃគូសេដ្ឋកិច្ចសំខាន់បំផុតមួយរបស់មីយ៉ាន់ម៉ា ពីព្រោះចិនមានព្រំដែនវែងបំផុតជាមួយនឹងមីយ៉ាន់ម៉ា និងមានការវិនិយោគធំបំផុត»។
នៅពេលរដ្ឋមន្ត្រីការបរទេសចិនជួបជាមួយនឹងអគ្គមេបញ្ជាការយោធាលោក Min Aung Hlaing នាពេលថ្មីៗនេះ ដែលឥឡូវនេះលោកជាមេដឹកនាំរដ្ឋាភិបាលគ្រប់គ្រងដោយយោធា លោករដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ថា ចិននឹង «បន្តគាំទ្រមីយ៉ាន់ម៉ាក្នុងការរក្សាបូរណភាពដែនដី កិត្តិយសជាតិ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់» នៅលើ «មាគ៌ាអភិវឌ្ឍន៍ស្របទៅនឹងលក្ខខណ្ឌរបស់ជាតិខ្លួន»។
ប៉ុន្តែទំនាក់ទំនងរវាងរដ្ឋាភិបាលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាជាមួយចិន នឹងថមថយ ប្រសិនបើបញ្ហាព្រំដែនញាំញីកាន់តែអាក្រក់ជាងមុន ក្រោមការបង្ក្រាបណាមួយដោយយោធា។
ជាឧទាហរណ៍ ភាគីទាំងពីរត្រូវប្រឈមនឹងបញ្ហាចោទពីកាស៊ីណូថ្មីៗជាច្រើន ដែលស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមានជនជាតិចិនឆ្លងតំបន់ព្រំដែនទៅលេងល្បែងយ៉ាងច្រើនកកកុញ និងត្រូវបានស្គាល់ជាជម្រុកឧក្រិដ្ឋកម្មផ្សេងៗ។
លោក Cook បាននិយាយថា ការបញ្ចប់បទឈប់បាញ់គ្នាដ៏ស្តួចស្តើងរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមកុលសម្ព័ន្ធប្រដាប់អាវុធរស់នៅជិតប្រទេសចិន អាច «មានឥទ្ធិពលលើទំនាក់ទំនងរបស់ចិន» ជាមួយនឹងរដ្ឋាភិបាលយោធាថ្មី ប្រសិនបើមនុស្សម្នានាំគ្នាចាប់ផ្តើមឆ្លងព្រំដែន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា