របប​យោធា​មីយ៉ាន់ម៉ា កាត់ទោស​អ្នកស្រី Suu Kyi ឱ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ

រូបឯកសារ៖ មនុស្ស​ម្នាក់​កាន់​រូប​របស់​អ្នកស្រី Aung San Suu Kyi ពេល​ពលរដ្ឋ​មីយ៉ាន់ម៉ា តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មុខ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

នៅ​ថ្ងៃ​ចន្ទ​នេះ របប​យោធា​មីយ៉ាន់ម៉ា​ បាន​កាត់ទោស​អ្នកស្រី Aung San Suu Kyi ឱ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ពី​បទ​ញុះញង់​ប្រឆាំង​នឹង​ក្រុម​យោធា ​និង​បទ​បំពាន​លើ​បម្រាម​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា ដែល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Suu Kyi ដែល​មាន​វ័យ ៧៦ ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន ចាប់តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

អ្នកស្រី​រង​នូវ​ការ​ចោទប្រកាន់​មួយ​ចំនួន ដែល​ក្នុង​នោះ​ មាន​ដូចជា​ការ​បំពាន​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​រដ្ឋ អំពើ​ពុករលួយ និង​ការ​លួចបន្លំ​ការ​បោះឆ្នោត​ជាដើម ហើយ​អ្នកស្រី​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​រាប់​ទស្សវត្សរ៍ ប្រសិនបើ​អ្នកស្រី ​ត្រូវបាន​កាត់ទោស​ថា​ មាន​កំហុស​លើ​រាល់​ការ​ចោទ​ប្រកាន់​ទាំងនេះ។

ពាក់ព័ន្ធ​នឹង​ការ​ផ្តន្ទាទោស​លើក​ដំបូង​លើ​អ្នកស្រី Suu Kyi នេះ អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា​លោក Zaw Min Tun បាន​បញ្ជាក់​ថា តុលាការ​បាន​កាត់ទោស​ឱ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ ២ ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា និង ២ ឆ្នាំ​ពី​បទ​បំពាន​លើ​ច្បាប់​គ្រោះមហន្តរាយ​ធម្មជាតិ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក Win Myint ក៏​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ៤ ឆ្នាំ​ផងដែរ​ ក្រោម​បទ​ចោទ​ប្រកាន់​ដូចគ្នា​នេះ។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ថ្កោលទោស​ការ​កាត់ទោស​នេះ។

អ្នកស្រី Ming Yu Hah អនុ​ប្រធាន​ផ្នែក​យុទ្ធនាការ​ប្រចាំ​តំបន់​របស់​អង្គការ Amnesty International បាន​និយាយ​ថា៖ «ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​លើ​អ្នកស្រី Aung San Suu Kyi ក្រោម​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ​ទាំងនេះ ​គឺជា​ឧទាហរណ៍​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​តាំងចិត្ត​របស់​ក្រុម​យោធា​នៅក្នុង​ការ​លុប​បំបាត់​ក្រុម​ប្រឆាំង​ទាំងអស់​ និង​បំបិទ​សេរីភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕