ក្រុម​ប្រឹក្សា​យោធាមីយ៉ាន់ម៉ា​បន្ត​ស្ថានភាព​គ្រាអាសន្ន​ចំនួន៦ខែ

ទាហាននៃបក្ស​​ United Wa State Army (UWSA)​ចូលរួម​ការ​ហ្វឹកហាត់​មួយ​នៅទីក្រុង Panghsang កាលពីថ្ងៃទី​១៤​ មេសា​ ឆ្នាំ​២០១៩។

ក្រុម​ប្រឹក្សា​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ពុធ​បាន​បន្ត​ស្ថានភាព​គ្រាអាសន្ន​ចំនួន​៦ខែ​ទៀត​ ដែល​នេះ​ជា​ការ​ពន្យារពេល​ការបោះឆ្នោតម្តង​ទៀត​ដែល​ខ្លួន​បាន​សន្យា​ថា​នឹងរៀបចំ​ ក្នុង​ពេល​ដែល​ខ្លួន​ប្រយុទ្ធ​នឹង​ក្រុម​ប្រឆាំង​នឹងរដ្ឋប្រហារ​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្នុង​ស្ថានភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ ​ឆ្នាំ២០២១ ​ដែល​បាន​បញ្ចប់​ពិសោធន៍​១០ឆ្នាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការតវ៉ា​ដ៏​ធំ​មួយ​និង​ការបង្ក្រាប​លើ​ពួក​ប្រឆាំង។

៣ឆ្នាំ​កន្លះ​ក្រោយ​មក ពួក​យោធា​កំពុង​ខិតខំ​ដោយ​លំបាក​ដើម្បី​បង្ក្រាប​ការរាលដាល​នៃ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​ហើយ​កាលពី​ពេលថ្មីៗ​នេះ​បាន​ខូចខាត​ជា​ទម្ងន់​ដោយ សារ​ការចង​សម្ព័ន្ធ​របស់​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។

ពួក​មេដឹកនាំ​យោធា​មិន​អាច​ធ្វើ​ការបោះឆ្នោត​ថ្មី​ទៅតាម​ផែនការ​បន្ទាប់ពី​ស្ថានភាព​គ្រា​អាសន្ន​២​ឆ្នាំ​ដំបូង​«បណ្តាល​មកពី​សកម្មភាព​ភេរវកម្ម»។ នេះ​បើ​តាម​ទូរទស្សន៍ MRTV។

ទូរទស្សន៍ MRTV បាន​រាយការណ៍​ថា​សមាជិក​ទាំងអស់​របស់​ក្រុមប្រឹក្សា​ការពារ​ជាតិ​និង​សន្តិសុខ​ជាតិ​របស់​ក្រុម​យោធា​«បាន​សម្រេច​ជា​ឯកឆន្ទ​ដើម្បី​បន្ត​ពេល​នៃ​ស្ថាន ភាព​គ្រាអាសន្ន​សម្រាប់​រយៈពេល​៦ខែ​ទៀត»។

ប្រធាន​ក្រុម​ប្រឹក្សា​យោធា​លោក Min Aung Hlaing បាន​ស្នើ​បន្ត​«ដើម្បី​រៀបចំ​ការបោះ​ឆ្នោត​ប្រកប​ដោយ​សុពលភាព​និង​សុក្រិត​មួយដែល​ជា​ការបោះឆ្នោត​មួយ​ដែល​ពួក​យោធា​សន្យា​នឹងអាច​ធ្វើ​ឡើង​នៅ​ឆ្នាំ២០២៥៕