មីយ៉ាន់ម៉ា​ដោះលែង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង ៦០០ នាក់

ក្រុមអ្នកតវ៉ាប្រឆាំងយោធាដែលត្រូវបានចាប់ខ្លួន លើកដៃ ខណៈពួកគេត្រូវបានដោយលែងពីពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​បាន​ដោះលែង​អ្នក​ជាប់​ឃុំ​ជាង ៦០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា ស្រប​ពេល​ដែល​មាន​ការ​ខឹង​សម្បារ​កាលពី​ពេល​ថ្មីៗ​នេះ ​ចំពោះ​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​យោធា​លើ​ក្រុម​បាតុករ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​ជាប់​ឃុំ​ជាង ៦០០ នាក់​នេះ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ Insein នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។

មន្ត្រី​ពន្ធនាគារ​ជាន់​ខ្ពស់​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «យើង​បាន​ដោះលែង​បុរស​ចំនួន ៣៦០ នាក់ និង​ស្ត្រី ២៦៨ នាក់ ចេញពី​ពន្ធនាគារ Insein នៅ​ថ្ងៃ​នេះ»។

លោក​មេធាវី Khin Maung Myint ដែល​បាន​ស្ថិត​នៅ​ឯ​ពន្ធនាគារ Insein ដើម្បី​ចូលរួម​ក្នុង​សវនាការ​របស់​កូន​ក្ដី​ពីរ​នាក់​ផ្សេង​ទៀត បាន​និយាយ​ថា រថយន្ត​ដឹក​មនុស្ស​ចំនួន ១៦ គ្រឿង បាន​ចាកចេញ​ពី​ពន្ធនាគារ​នេះ​នៅ​ម៉ោង ១០ ព្រឹក ម៉ោង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​ដែល​ពាក់ព័ន្ធ មុន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។ ...អ្នក​ខ្លះ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ប្រាប់​អំពី​ការ​ដោះលែង​នេះ»។

ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហាញ​រូបភាព​របស់​អ្នក​ទាំង​នោះ​នៅ​លើ​រថយន្ត​ដែល​ដឹក​ពួកគេ ដោយ​ពួកគេ​បាន​លើក​ម្រាម​ដៃ​បី ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​រដ្ឋប្រហារ នៅ​ពេល​ដែល​មនុស្ស​ដែល​កំពុង​រង់ចាំ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​បាន​គ្រវី​ដៃ​ដាក់​ពួកគេ និង​ធ្វើ​សញ្ញា​ម្រាម​ដៃ​បី​ត្រឡប់​ទៅ​វិញ៕