សាលក្រមនៅក្នុងការកាត់ទោសចុងក្រោយលើមេដឹកនាំដែលគេបណ្តេញចេញពីតំណែងអ្នកស្រី Aung San Suu Kyi ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែធ្នូ។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃចន្ទរបស់មន្ត្រីច្បាប់ម្នាក់ដែលបានដឹងពីការចោទប្រកាន់ប្រឆាំងអ្នកស្រី។
តុលាការដែលស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ ដើមឡើយគ្រោងធ្វើការសម្រេចការ ចោទប្រកាន់ពីការមានវិទ្យុទាក់ទងអៃកូម (Walkie-talkie)។ អ្នកស្រី Aung San Suu Kyi អាយុ ៧៦ឆ្នាំបានប្រឈមការជាប់ពន្ធនាគារចំនួន៣ឆ្នាំនិងការជាប់ពន្ធនាគារមួយឆ្នាំនៅក្នុងការចោទប្រកាន់នីមួយៗនៃការចោទប្រកាន់ទាំងនោះ ។
ទោះជាយ៉ាងណាក៏ដោយ ចៅក្រមបានសម្រេចពន្យារពេលសាលក្រមនោះ។ ប្រភពនៃព័ត៌មាននេះដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយការភ័យខ្លាចពីការធ្វើទុក្ខទោសដោយពួកអាជ្ញាធរ បាននិយាយថា ចៅក្រមមិនបានផ្តល់ពីមូលហេតុទេ។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi មក ពួកយោធាមីយ៉ាន់ម៉ា បានដណ្តើមកាន់កាប់ត្រួតត្រាប្រទេសហើយបានចាប់ខ្លួនអ្នកស្រី។ គេហដ្ឋានរបស់អ្នកស្រី បានត្រូវគេឆែកឆេរ ហើយវិទ្យុទាក់ទងបានត្រូវគេរកឃើញនៅទ្វារចេញចូលគេហដ្ឋានរបស់អ្នកស្រីនិងនៅកន្លែងយាមល្បាតរបស់អង្គរក្សអ្នកស្រី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ វិទ្យុទាក់ទងនោះ ជាចំណុចស្នូលក្នុងការកាត់ទោសអ្នកស្រី។
អ្នកស្រី Suu Kyi ដំបូងឡើងបានរងការចោទប្រកាន់ពីការនាំចូលខុសច្បាប់វិទ្យុទាក់ទងអៃកូមហើយនឹងការប្រើប្រាស់វិទ្យុទាំងនោះដោយគ្មានការអនុញ្ញាត ដែលជាការរំលោភច្បាប់នាំចេញនាំចូលឆ្នាំ២០១២។ ពួកអាជ្ញាធរបានប្រើការចោទប្រកាន់ទាំងនេះធ្វើការឃុំឃាំងអ្នកស្រី។ នៅខែបន្ទាប់ អ្នកស្រីបានរងការចោទប្រកាន់ពីការមានវិទ្យុខុសច្បាប់។
មេធាវីរបស់អ្នកស្រី បានបដិសេធថា អ្នកស្រីមិនបានធ្វើអ្វីខុសទេ ដោយបានជជែកឲ្យហេតុផលថា វិទ្យុទាក់ទងនោះ មិនមែនជារបស់អ្នកស្រីទេ ក៏ប៉ុន្តែផ្ទុយទៅវិញបានត្រូវគេប្រើប្រាស់ដើម្បីរក្សាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកស្រី។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានបដិសេធដោយមិនបានច្រានចោលការចោទប្រកាន់ទាំងនោះទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។