យោធាមីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃអង្គារថា ខ្លួននឹង «ចាត់វិធានការ» ប្រសិនបើការតវ៉ាលើលទ្ធផលនៃការបោះឆ្នោតមិនត្រូវបានដោះស្រាយ និងថែមទាំងបានបញ្ជាក់ផងដែរថា ខ្លួនក៏នឹងមិនច្រានចោលជម្រើសនៃការធ្វើរដ្ឋប្រហារដែរ ប្រសិនបើការទាមទាររបស់ខ្លួនមិនត្រូវបានដោះស្រាយឲ្យ។ ការលើកឡើងដូច្នេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋសភាថ្មីចាប់ផ្ដើមសម័យប្រជុំរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ត្រី Zaw Min Tun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ប្រហែលជាអាចមានការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Aung San Suu Kyi ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
លោកបានថ្លែងសំដៅដល់គណៈកម្មការរៀបចំការបោះឆ្នោតថា៖ «យើងនឹងចាត់វិធានការស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានស្រាប់ ប្រសិនបើពួកគេមិនដោះស្រាយបញ្ហានេះ»។
អ្នកនាំពាក្យរូបនោះមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ យោធាចង់ឲ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលខ្លួនបានអះអាងថា មានភាពមិនប្រក្រតី។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានអះអាងថា ខ្លួនទទួលបានជ័យជម្នះខ្លាំងក្លានៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលជាការបោះឆ្នោតសភាលើកទីពីរ ចាប់តាំងពីយោធាបានកាន់អំណាចអស់រយៈពេលរាប់ទសវត្សរ៍មក ដែលក្នុងអំឡុងពេលនោះ គណបក្សនេះនិងក្រុមអ្នកគាំទ្ររបស់ខ្លួនត្រូវបានគេធ្វើទុក្ខបុកម្នេញ។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាជាការបោះឆ្នោតស្ទង់មតិទៅលើរដ្ឋាភិបាលបែបប្រជាធិបតេយ្យថ្មីថ្មោងរបស់អ្នកស្រី Suu Kyi។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក Myo Nyunt បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា វាអាស្រ័យលើគណៈកម្មការរៀបចំការបោះឆ្នោតជាអ្នកសម្រេច ថាតើមានការលួចបន្លំការបោះឆ្នោតដែរឬក៏យ៉ាងណានោះ៕