សកម្មជន​មីយ៉ាន់ម៉ា​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ស្លាប់​​អ្នក​កាសែត

លោក Min Ko Naing (នៅ​លើ​រថយន្ត) ប្រធាន​ក្រុម​និស្សិត Myanmar Prominent 88 Generation Students Group ថ្លែង​ខណៈ​ដែល​សកម្មជន​កាន់​បដា​តវ៉ា​នៅ​ខាង​ក្រៅ​សាលាក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៤ ​អំពី​ការ​សម្លាប់​អ្នក​កាសែត​មិន​ជាប់​កិច្ច​សន្យា។ (AP)

អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ​កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញដល់​ការ​ស្លាប​របស់​អ្នក​កាសែតម្នាក់​ខណៈ​ដែលស្ថិត​នៅ​ការ​ឃុំ​ឃាំង​របស់​ពួក​យោធា។

​លោក Aung Kyaw Naing ​ដែល​គេ​ស្គាល់​ថា Par Gyi ​ជា​អ្នកកាសែត​ភាសា​ភូមា​ ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា ​បន្ទាប់​ពី​ឆ្លង​ចូល​ក្នុង​ប្រទេស​ភូមានៅ​ក្នុង​ការ​ធ្វើ​ដំណើរ​រាយការណ៍​មួយ​ដោយ​ចាក​ចេញពី​ផ្ទះ​របស់​លោក​នៅ​ក្រុង​ Mae Sot ក្នុង​ប្រទេស​ថៃ។

​លោក Ye Aung ​នៃ​សមាគម​អតីតអ្នក​ទោស​នយោបាយ​ភូមា​បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ភូមា​ថា ​ក្រុម​របស់​លោក​និង​អង្គការ​សង្គម​ស៊ីវិលកំពុង​ទាមទារឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ។

លោក​និយាយ​ថា ​មុន​ដំបូង​ ​យើង​ទាម​ទារ​ឲ្យ​ពួក​រដ្ឋអំណាច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេតការ​សម្លាប់​នោះ។

​លោក Aung Kyaw Naing ​បាន​ត្រូវ​ឃុំ​ខ្លួនបន្ទាប់​ពី​រាយការណ៍​ពី​ការ​ប្រយុទ្ធ​គ្នារវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​អ្នក​ប្រយុទ្ធ​ជនជាតិ​ភាគ​តិច​ការ៉ែន។ ​កាល​ពី​សប្តាហ៍​មុន ​កងទ័ព​បាន​ប្រកាស​ថា ​លោក​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ឆ្មាំ​ការពារ​ម្នាក់​ខណៈ​ដែល​លោក​ព្យាយាម​រត់​គេច​ខ្លួន៕