ក្រុមប្រឆាំងនឹងការដឹកនាំរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុបចោលពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីនៅថ្ងៃអង្គារនេះ ហើយជំនួសមកវិញ បានបង្ហាញកំហឹងរបស់ខ្លួនចំពោះការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈរបស់យោធា តាមរយៈការបង្ហាញការប្រឆាំងដោយស្ងៀមស្ងាត់និងការតវ៉ាទ្រង់ទ្រាយតូចនៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកប្រើ Twitter ម្នាក់ដែលដាក់ឈ្មោះថា Shwe Ei បានសរសេរថា៖ «ពួកយើងមិនប្រារព្ធពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះទេ ដោយសារតែមនុស្សដ៏អង់អាចក្លាហានស្លូតត្រង់របស់យើងជាង ៧០០ នាក់ ត្រូវបានសម្លាប់ [នៅក្នុងការបង្ក្រាបរបស់យោធា]»។
ស្ត្រីដែលស្លៀកសម្លៀកបំពាក់ស្អាតបាតសម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំដ៏សំខាន់នេះ បានធ្វើការតវ៉ានៅថ្ងៃអង្គារនេះ តាមរយៈការកាន់ថូប្រពៃណីដែលមានផ្កាចំនួន ៧ ទង។
ពលរដ្ឋជាច្រើនបានគូសសញ្ញាម្រាមដៃបីនៅលើថូប្រពៃណីឆ្នាំថ្មីរបស់ស្ដ្រីដែលជាអ្នកតវ៉ាទាំងនេះ។
ការតវ៉ាទ្រង់ទ្រាយតូចផ្សេងទៀតក៏បានធ្វើឡើងផងដែរនៅតាមទីប្រជុំជនជាច្រើន។ នេះបើយោងតាមរូបភាពនានាដែលបានបង្ហោះតាមបណ្តាញព័ត៌មានសង្គមអនឡាញ។
នៅតាមទីកន្លែងខ្លះ ពលរដ្ឋបានសរសេរសារមួយចំនួននៅលើថូប្រពៃណីឆ្នាំថ្មីដូចជា «ជួយសង្គ្រោះមីយ៉ាន់ម៉ា» ជាដើម ដើម្បីបង្ហាញការប្រឆាំងនឹងយោធាដោយស្ងៀមស្ងាត់។
សកម្មជននានាបានអំពាវនាវឲ្យមានការតវ៉ាស្រដៀងគ្នានេះនៅពេញរដូវចូលឆ្នាំថ្មីនេះរហូតដល់ថ្ងៃសៅរ៍ខាងមុខ ដើម្បីរក្សាសន្ទុះនៃយុទ្ធនាការតវ៉ារបស់ពួកគេ៕