មិត្តភក្តិជាយូរអង្វែង ហើយក៏ជាអ្នកប្រកួតប្រជែងរយៈពេលខ្លីរបស់លោកប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni បានប្រកាសពីការចូលប្រកួតប្រជែងក្នុងការធ្វើជាប្រធានាធិបតីរបស់ប្រទេសនេះ។ លោក Amama Mbabazi និយាយថា លទ្ធិប្រជាធិបតេយ្យ និងជោគវាសនារបស់ប្រទេសនេះ ត្រូវតែស្តារឡើងវិញ។ លោកប្រធានាធិបតី Museveni កំពុងធ្វើការរិះគន់តបទៅលើគូប្រកួតរបស់លោក។
បន្ទាប់ពីមានការប៉ាន់ស្មានអស់រយៈពេលជាច្រើនឆ្នាំមក ពលរដ្ឋអ៊ូហ្គង់ដាទើបតែដឹងព័ត៌មានកាលពីសប្តាហ៍មុនថា អតីតនាយករដ្ឋមន្រ្តី លោក Amama Mbabazi នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៦ ខាងមុខនេះ។ លោក Mbabazi បានប្រកាសនៅលើបណ្តាញ YouTube ដោយនិយាយថា ប្រព័ន្ធរដ្ឋាភិបាលសព្វថ្ងៃ ត្រូវការពង្រឹងបន្ថែមដើម្បីឲ្យមានភាពល្អប្រសើរជាងនេះ។
ការប្រកាសនេះ ត្រូវបានគេមើលឃើញថា ជាការប៉ះពាល់យ៉ាងខ្លាំងមួយទៅលើលោកប្រធានាធិបតី Yoweri Museveni ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងលោក MbabazI អស់រយៈពេលជិត៣០ឆ្នាំមកហើយ។ អ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាដើម្បីបង្កើតគណបក្សកំពុងកាន់អំណាចដែលមានឈ្មោះថា ចលនាជាតិតស៊ូប្រឆាំង ដែលហៅជាភាសាអង់គ្លេសថា National Resistance Movement ក៏ដូចជាដឹកនាំរដ្ឋាភិបាលពេលបច្ចុប្បន្នជាមួយគ្នា។
ក៏ប៉ុន្តែ ២ឆ្នាំកន្លងទៅនេះ អ្នកទាំងពីរចាប់ផ្តើមមានជម្លោះនឹងគ្នា។ មនុស្សជាច្រើនបានគិតទុកថា ការបែកបាក់គ្នានេះ គឺដោយសារតែលោក Mbabazi លូកដៃចូលជ្រុលទៅក្នុងរឿងនយោបាយ ដោយព្យាយាមដណ្តើមយកអំណាចពីលោក Museveni។
ប្រធានាធិបតី Museveni បានឆ្លើយតបទៅនឹងការប្រកាសរបស់លោក Mbabazi ជាមួយនឹងវីដេអូផ្ទាល់របស់លោកមួយ ដោយធ្វើការចោទប្រកាន់អតីតនាយករដ្ឋមន្រ្តីថា បានធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់មនុស្សគ្រប់គ្នា ដោយការប្រកាសដ៏តក់ក្រហល់មួយបែបនេះ។ លោកក៏បានសួរថាតើមនុស្សម្នាក់ដែលធ្លាប់ជាមនុស្សសំខាន់នៅក្នុងជួររដ្ឋាភិបាលអស់រយៈពេលយ៉ាងយូរមកហើយនោះ អាចធ្វើឲ្យខូចនូវទម្រង់ដឹកនាំជាតិនាពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច។
នៅខណៈដែលមនុស្សមួយចំនួនរិះគន់វីដេអូឆ្លើយតបនោះ ដោយនិយាយថា លោក Museveni ហាក់ដូចជាមានភាពភ័យខ្លាច និងមានការការពារខ្ពស់ អ្នកសរសេរប្លុកពីបញ្ហានយោបាយឈ្មោះ Michael Freeman Ojula គិតថា វាជាចលនាដ៏ត្រឹមត្រូវមួយ។
«ការបង្ហោះវីដេអូរបស់លោក Museveni នៅតាមអ៊ីនធឺណិត នោះជាអ្វីដែលប្រធានាធិបតីអ៊ូហ្គង់ដាគាត់ចង់ធ្វើ។ ពួកគេចង់ឃើញប្រធានាធិបតីដែលមិនចេះតែរត់គេច នៅពេលអ្វីមួយខុសប្រក្រតីកើតឡើង។ ពួកគេចង់បានប្រធានាធិបតីដែលចេះធ្វើការឆ្លើយតប។ វាបង្ហាញថា លោកបានផ្តល់ឲ្យលោក Mbabazi នូវសេរីភាពក្នុងការនិយាយស្តីអ្វីដែលគាត់ចង់និយាយ។ ដូច្នេះ វាពិតជាជួយឲ្យគាត់យ៉ាងខ្លាំងនៅក្នុងបរិបទប្រជាប្រិយភាពសាធារណៈ»។
គណៈកម្មាការបោះឆ្នោតបានរិះគន់លោក Mbabazi យ៉ាងខ្លាំង ចំពោះការប្រកាសរបស់លោក ដែលគណៈកម្មការនោះ និយាយថា បានធ្វើឡើងនៅមុនកាលកំណត់នៃកម្មវិធីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
លោក Ofwan Opondo អ្នកនាំពាក្យរបស់រដ្ឋាភិបាល ក៏មានជំហរប្រឆាំងនឹងលោក Mbabazi នៅលើបណ្តាញផ្សព្វផ្សាយសង្គមផងដែរ ដោយនិយាយថា លោក Mbabazi «បានចាប់ផ្តើមសង្រ្គាមមួយដែលខ្លួនលោកនឹងមិនឈ្នះ»។ ចំណែកឯអ្នកគាំទ្រលោក Mbabazi វិញបានចោទប្រកាន់រដ្ឋាភិបាលពីបទហែកផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ និងចាប់ខ្លួនអ្នកគាំទ្រជាច្រើននាក់។
ក៏ប៉ុន្តែមនុស្សជាច្រើនមើលឃើញថា ការប្រកាសនេះជាការផ្លាស់ប្តូរស្ថានភាពដ៏សំខាន់មួយ ដែលបានធ្វើឲ្យមានការសួរដេញដោលគ្នានៅទូទាំងក្រុង Kampala ដោយបានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើអ្វីទៅជាជំហានបន្ទាប់ ដែលលោក Mbabazi នឹងយកអនុវត្តសម្រាប់អនាគតនៃរដ្ឋាភិបាល «គណបក្សចលនាជាតិតស៊ូប្រឆាំង» របស់លោក ក៏ដូចជាសម្រាប់ប្រទេសអ៊ូហ្គង់ដាទាំងមូល៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ