មន្ត្រីប៉ូលិសនិងយោធាច្រើនជាង១០រថយន្ត បានបើកកាត់អ្នកសារព័ត៌មានដែលបានបោះជំរំប៉ុន្មានម៉ែត្រពី Kyagulanyi Sentamu គេហដ្ឋានរបស់លោក Bobi Wine។ មន្ត្រីយោធាផ្សេងទៀតយាមល្បាតដោយថ្មើរជើងនៅក្បែរនោះ។
គេហដ្ឋានរបស់បេក្ខភាពប្រធានាធិបតីប្រឆាំងកំពូល គឺលោក Robert Kyagulanyi ដែលត្រូវបានគេស្គាល់ថា Bobi Wine ត្រូវបានបិទឡោមព័ទ្ធដោយអាជ្ញាធរនិងបិទការចេញចូលពីសាធារណៈជនរួមទាំងអ្នកសារព័ត៌មានផងដែរ។
សមាជិកសភាលោក Francis Zaake និងជាអ្នកគាំទ្រលោក Wine ដែលធ្លាប់ត្រូវបានចាប់ខ្លួននិងធ្វើទារុណកម្មដោយកងកម្លាំងសន្តិសុខ ត្រូវបានហាមឃាត់មិនឲ្យចូលតាំងពីកន្លែងបិទផ្លូវ។ លោកត្រូវបានគេទាញចេញពីរថយន្ត ហើយត្រូវបានគេវាយដំមុននឹងរុញច្រានចូលរថយន្តប៉ូលិសមួយ។ អ្នកសារព័ត៌មានត្រូវបានគេឲ្យនៅទីតាំងឆ្ងាយ ហើយនៅពេលដែលរថយន្តប៉ូលិសបើកកាត់ សំឡេងស្រែករបស់លោក Zaake អាចឮចេញពីក្នុងរថយន្ត។
សមាជិកសភានៃគណៈបក្ស National Unity Platform អ្នកស្រី Joyce Bagala ដែលទើបនឹងជាប់ឆ្នោត បានប្រាប់អ្នកសារព័ត៌មានពីអ្វីដែលអ្នកស្រីបានឃើញ។
«នៅពេលដែលពួកគេបានចេញមក ខ្ញុំបានតាមពួកគេដើម្បីដឹងថាតើពួកគេនាំលោក Zaake ទៅទីណា។ ដោយសារតែនៅពេលដែលគាត់បានចេញមក គាត់កំពុងស្រែក ហើយអ្នកអាចឮសំឡេងស្រែកនោះបាន។ ដូច្នេះខ្ញុំបានតាមដានពួកគេទៅកាន់ស្ថានីយ៍ប៉ូលិស Kasangati។ ពួកគេបានទម្លាក់គាត់នៅទីនោះ។ ពួកគេបានទាញគាត់ចេញពីឡាន ប៉ុន្តែខ្ញុំគិតថាគាត់ត្រូវបានគេវាយដំយ៉ាងខ្លាំង»។
នាយកគណៈកម្មការបោះឆ្នោត លោកSimon Byabakam បានប្រកាសបន្ទាប់ពីម៉ោង៤ល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមករាថា លោកYoweri Museveni បានឈ្នះឆ្នោត ហើយទទួលបានតំណែងប្រធានាធិបតីលើកទី៦ ក្នុងអាណត្តិដែលមានរយៈពេល៥ឆ្នាំ។
«បេក្ខជនលោក Yoweri Museveni Tibuhaburwa Kaguta ដោយទទួលបានសំឡេងឆ្នោតខ្ពស់បំផុតក្នុងការបោះឆ្នោត គឺច្រើនជាង៥០ភាគរយនៃសំឡេងឆ្នោតមានដែលមានសុពលភាពនៅពេលបោះឆ្នោត គណៈកម្មការបោះឆ្នោត ប្រកាសថាលោក Yoweri Museveni Tibuhaburwa Kaguta ជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋអ៊ូហ្គាន់ដា»។
មន្ត្រីនានានិយាយថា លោកប្រធានាធិបតី Museveni ទទួលបានសំឡេងឆ្នោត៥៨.៦៤ភាគរយហើយលោក Wine ទទួលបាន៣៤.៨៣ភាគរយ នៃសំឡេងឆ្នោតសរុបកាលពីការបោះឆ្នោតថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា។
លោក Byabakama អំពាវនាវប្រជាជនអ៊ូហ្គាន់ដាជាពិសេសអ្នកគាំទ្របេក្ខជនដែលចាញ់ឆ្នោតឲ្យរក្សាភាពស្ងៀមស្ងាត់។
បន្ទាប់ពីការប្រកាសភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាច ផ្លូវដែលគ្មានមនុស្សធ្វើដំណើរ និងវត្តមានរបស់កងកម្លាំងសន្តិសុខយ៉ាងច្រើនបានកើតឡើង។ ពលរដ្ឋអ្នកបោះឆ្នោតម្នាក់គឺលោក Dennis Kimbugwe និយាយថាលោកមិនជឿលើលទ្ធផលដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតឡើយ។
លោកនិយាយថា លោកជ្រើសរើសការតាមដានការបោះឆ្នោតពីទីតាំងរបស់លោកដើម្បីបញ្ជាក់បានថាបេក្ខជនដែលលោកបានបោះឆ្នោតឲ្យឈ្នះឬចាញ់។ ប៉ុន្តែលោកមិនចង់ឲ្យគេប្រាប់ថាលោកគួរតែទៅស្តាប់វិទ្យុ ដោយបានបន្ថែមថាអាជ្ញាធរបានពង្រាយយោធា។
មិនមែនមានតែលោក Kimbugwe នោះទេ។ លោក Kalibala John Bosco និយាយថាវាដល់ពេលហើយដែលរដ្ឋាភិបាលគួរតែលុបចោលការបោះឆ្នោត។
លោក Bosco និយាយថា សំណើរបស់លោកគឺថាលោក Museveni គួរតែលុបចោលការបោះឆ្នោតបើសិនជាលោកនៅតែចង់ធ្វើប្រធានាធិបតី ដោយសារតែវាគឺគួរឲ្យតានតឹងណាស់សម្រាប់ប្រជាជនអ៊ូហ្គាន់ដា។ លោកបាននិយាយថារដ្ឋាភិបាលមិនបានរាប់សំឡេងឆ្នោតរបស់ប្រជាជនទេ ហើយពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ។
កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានអត្ថាធិប្បាយមួយពីគណៈបក្សកាន់អំណាចត្រូវបរាជ័យ ហើយពួកគេមិនទទួលទូរស័ព្ទរបស់ប្រព័ន្ធផ្សព្វផ្សាយឡើយ។
មេដឹកនាំគណៈប្រឆាំងនានាបានច្រានចោលលទ្ធផលឆ្នោតដោយនិយាយថា ពួកគេនឹងមិនរស់នៅដូចជនវណ្ណៈទាបឡើយ ហើយលទ្ធផលឆ្នោតគឺត្រូវបានប្រឌិតឡើងទាំងស្រុង។ នៅថ្ងៃបោះឆ្នោត អ្នកអង្កេតការច្រើនជាង៣០នាក់ត្រូវបានចាប់ខ្លួន។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ូហ្គាន់ដា បដិសេធចូលរួមអង្កេតការបោះឆ្នោតបន្ទាប់ពីអាជ្ញាធរបានបដិសេធច្រើនជាង៧៥ភាគរយនៃសំណើសុំទទួលស្គាល់ជាផ្លូវការរបស់ពួកគេ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ