មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ហាង Walmart នៅ​រដ្ឋ Virginia របស់​អាមេរិក

ប៉ូលិស​រួម​មាន​ទាំងភ្នាក់ងារ FBI ផង កំពុងពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ ដែល​មាន​ការ​បាញ់​ប្រហារ​នៅ​ហាង​លក់​ទំនិញ Walmart នៅ​ក្រុង Chesapeake រដ្ឋ Virginia ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប៉ូលិស​នៅ​ក្នុង​រដ្ឋ Virginia សហរដ្ឋ​អាមេរិក​កំពុង​ស៊ើប​អង្កេតការ​បាញ់​ប្រហារ​មួយ​នៅ​យប់​ថ្ងៃ​អង្គារ នៅ​ហាង​ទំនិញ Walmart នៅ​ទី​ក្រុង Chesapeake នៃ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​មួយ​នេះ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់ រួម​ទាំង​ខ្មាន់​កាំភ្លើង​ផង​ដែរ។

ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​ដក​ស្រង់​ប្រភព​ពី​ប៉ូលិស​និង​សាក្សី​ថា អ្នក​គ្រប់គ្រង​ម្នាក់​នៃ​ហាង Walmart បាន​បាញ់​ប្រហារ​ទៅ​លើ​សហការី​នៅ​ក្នុង​បន្ទប់​សម្រាក​របស់​បុគ្គលិក ហើយ​ទំនង​ជា​បាន​សម្លាប់​ខ្លួន​ឯង​មុន​ពេល​ប៉ូលិស​តាមរក​ឃើញ​រូប​គេ។​

អាជ្ញាធរ​មិន​ទាន់​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ រួម​ទាំង​ថាតើអ្នក​បាញ់​ប្រហារ​មាន​គោលដៅ​អ្វីក្នុង​ការ​បាញ់​ប្រហារ​នេះ។​

ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ទី​ក្រុង Colorado Springs រដ្ឋ Colorado ដែល​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​ធ្វើ​ឱ្យ​របួស​១៨​នាក់៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters