ពលរដ្ឋកម្ពុជាពេញកម្លាំងពលកម្មដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងនិងក្នុងតំបន់បាននាំមកនូវទឹកប្រាក់ដែលរកបានមួយចំនួនដើម្បីចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាប៉ុន្តែក៏មានផលប៉ះពាល់ដល់ការធ្វើកសិកម្មក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តដែលទទួលបន្ទុកកិច្ចការនារី កុមារនិងពលករចំណាកស្រុកនៃ ខុទ្ទកាល័យ ប្រធានក្រុមសំឡេងភាគតិចនៃរដ្ឋសភាជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា ជារឿយៗពលករទាំងនោះរងនូវការរំលោភបំពានលើសិទ្ធិរបស់ពួកគេ។
លោកស្រី បន្ថែមថា៖ «គ្នាខំធ្វើចំណាកស្រុកហើយប៉ុន្តែទម្រាំតែបានគឺចាញ់បោកក្រុមហ៊ុននៅទីនេះផង។ សេវាក៏ត្រូវតែចេញដោយខ្លួនឯងផង។ ទម្រាំតែទៅដល់បានការងារធ្វើនៅប្រទេសជិតខាង នៅប្រទេសម៉ាឡេស៊ី ឬ ប្រទេសកូរ៉េនោះគឺនៅមានកំណត់ទៀតក្នុងការដែលគ្នាទទួលបាននូវសុវត្ថិភាពគ្រប់គ្រាន់»។
Your browser doesn’t support HTML5
មានពលករខ្មែរជាងមួយលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េនិងជប៉ុនដោយសារខ្វះដីប្រកបរបរកសិកម្ម ធ្វើកសិកម្មបានហើយតែផលិតផលខ្វះទីផ្សារ អត់មានការងារធ្វើឬការងារដែលមានគឺមិនទទួលបានប្រាក់ខែសមរម្យជាដើម។ ពួកគេមួយចំនួនត្រូវទុកកូនចោលឱ្យនៅជាមួយយាយតា ហើយក៏មានមួយចំនួនត្រូវជំពាក់បំណុលធនាគារផងដែរ។
លោកស្រី មូរ សុខហួរបានបន្ថែមថា៖
«អ្វីដែលធំបំផុតនោះគឺយើងឃើញថា កម្មករដែលទៅធ្វើចំណាកស្រុកនោះគឺជាកូនកសិករភាគច្រើន។ នេះមានន័យថា បញ្ហារបស់យើងគឺកសិកម្មនៅប្រទេសជាតិយើងគឺមិនអាចឱ្យកូនកសិករធ្វើស្រែធ្វើចម្ការ»។
ពលករដែលធ្វើចំណាកស្រុកទៅថៃទៅធ្វើកម្មករគេ នៅតាមស្រែចម្ការគេអាចរកប្រាក់បានយ៉ាងហោចណាស់ជិត១០ដុល្លារក្នុងមួយថ្ងៃ។
លោកស្រីមូរ សុខហួរយល់ថាវិធីដែលល្អគឺការបង្កើតការងារនៅក្នុងស្រុកដើម្បីដោះស្រាយបញ្ហាយុវជនរាប់សិបម៉ឺននាក់ដែលដល់អាយុត្រូវធ្វើការក្នុងមួយឆ្នាំៗ។
ប៉ុន្តែលោកស្រីព្រមានថា៖ «មិនមែនត្រឹមតែបានការងារហ្នឹងចប់រឿងទេ។ ត្រូវទទួលបានការងារសមរម្យប្រាក់ឈ្នួលសមរម្យ»។
ក្នុងពេលទន្ទឹមគ្នានោះដែរលោកស្រីយល់ថា កម្ពុជាគួរមានភាពវ័យឆ្លាតក្នុងការបញ្ជូនពលករទៅក្រៅប្រទេសដើម្បីរក្សាតុល្យភាពនៃកម្លាំងពលកម្មនិងប្រាក់ដែលពលករទាំងនោះរកបានដើម្បីផ្ញើមកឱ្យក្រុមគ្រួសាររបស់គេវិញ។
«យើងត្រូវបែងចែកពលកររបស់យើង។ បើពលករដែលទៅប្រទេសកូរ៉េឬប្រទេសជប៉ុនបានកម្រៃខ្ពស់ដូច្នេះគ្នាចិញ្ចឹមជីវិតនៅក្នុងប្រទេសកូរ៉េឬជប៉ុនហើយគ្នាអាចមានប្រាក់សល់ផ្ញើមកឱពុកម្តាយ»។
ក្រសួងការងារបានឱ្យដឹងថាជារៀងរាល់ឆ្នាំពលករនិសន្តរប្រវេសន៍កម្ពុជាបានផ្ញើប្រាក់ចំនួនជាង១.០០០លានដុល្លារមកឱ្យក្រុមគ្រួសាររបស់ពួកគេ៕