នៅថ្ងៃទីពីរនៃវេទិកាតំបន់របស់ភាគីពាក់ព័ន្ធលើកទីប្រាំ ដើម្បីពិគ្រោះយោបល់គ្នាជាមុន ចំពោះការអភិវឌ្ឍទំនប់វារីអគ្គិសនី ប៉ាក់ ឡាយ ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ ហៅកាត់ថា (MRC) នៅទីក្រុងវៀងចន្ទន៍ កាលពីសប្តាហ៍មុន អ្នកចូលរួមវេទិកាមួយចំនួនបានផ្តើមចោទសួរពីភាពស្រដៀងគ្នានៃការវាយតម្លៃផលប៉ះពាល់ខាងសង្គម និងបរិស្ថានឆ្លងដែនរបស់គម្រោង ប៉ាក់ ឡាយ ទៅនឹងគម្រោង ប៉ាក់ បេង។
ការចោទសួរពីភាពស្រដៀងគ្នានៃការវាយតម្លៃផលប៉ះពាល់ខាងសង្គម និងបរិស្ថានឆ្លងដែន ក៏ដូចជាផលប៉ះពាល់ផ្សេងទៀតនោះ កើតមានឡើង ក្រោយពីមានការអំពាវនាវពីអង្គការសង្គមស៊ីវិលដែលជាអ្នកតស៊ូមតិការពារទន្លេមេគង្គឲ្យមានការបញ្ឈប់ដំណើរការពិគ្រោះយោបល់ នៅពេលមានការចម្លងយកឯកសារបញ្ជាក់ពីការវាយតម្លៃផលប៉ះពាល់ឆ្លងដែននានា របស់គម្រោងប៉ាក់បេង មកប្រើក្នុងគម្រោង ប៉ាក់ ឡាយ ដែលមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីចំនួន ៧៧០មេហ្គាវ៉ាត់។
អ្នកចូលរួមក្នុងវេទិកាតំបន់ដើម្បីពិគ្រោះយោបល់ជាមុនចំពោះការអភិវឌ្ឍន៍គម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់ឡាយបានចោទសួរពីភាពដូចគ្នានៃការវាយតម្លៃផលប៉ះពាល់ខាងសង្គម និងបរិស្ថានឆ្លងដែន និងផលប៉ះពាល់ដែលអាចកើតមានផ្សេងទៀតរវាងគម្រោងទំនប់វារីអគ្គិសនីប៉ាក់ បេង និងគម្រោងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ។ អ្នកចូលរួមដដែលនោះ ក៏បានចោទសួរថា តើអាចនឹងមានភាពប្រសើរឡើងវិញទេ ប្រសិនបើមានការធ្វើបច្ចុប្បន្នភាពនៃការវាយតម្លៃលើផលប៉ះពាល់ឆ្លងដែនរបស់គម្រោងទាំងពីរ។
លោក Truong Hong Tien នាយកផ្នែកគ្រប់គ្រងបរិស្ថាននៃលេខាធិការដ្ឋានរបស់គណៈកម្មការទន្លេមេគង្គបានបញ្ជាក់តបថា ការពិនិត្យឡើងវិញនៃរបាយការណ៍ផ្សេងៗទាក់ទិនការវាយតម្លៃផលប៉ះពាល់នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរ បីទៅប្រាំមួយខែខាងមុខ។
លោកបានថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«យើងនឹងពិនិត្យឡើងវិញនូវរបាយការណ៍ទំនប់ប៉ាក់ ឡាយ រួចហើយនឹងធ្វើការប្រៀបធៀបជាមួយទំនប់ប៉ាក់ បេង»។
មានការចោទសួរអំពីការប្រើប្រាស់ទិន្នន័យនានា សម្រាប់ការអនុវត្តន៍ទំនប់វារីអគ្គិសនីប៉ាក់ ឡាយ តែមិនមានការបកស្រាយពីគណៈកម្មការទន្លេមេគង្គ ដោយគណៈកម្មការនេះ បានប្រាប់អ្នកចូលរួមក្នុងវេទិកាថា គណៈកម្មការនឹងកត់ត្រាទុកសំណួរទាំងនេះ។ តំណាងក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ទំនប់ប៉ាក់ ឡាយ ក៏មិនមានការថ្លែងបញ្ជាក់អ្វីមួយនោះឡើយ។
នៅថ្ងៃដំបូងនៃការចាប់ផ្តើមវេទិកាតំបន់លើកទីប្រាំរបស់គណៈកម្មការទន្លេមេគង្គនេះ អង្គការ Save the Mekong ដែលធ្វើការលើកិច្ចគាំពារធនធានធម្មជាតិក្នុងទន្លេមេគង្គ បានចេញសេចក្តីប្រកាសមួយ ដោយបានថ្លែងចោទប្រកាន់ថា គម្រោងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ ខ្វះការវាយតម្លៃឆ្លងដែនដែលអាចជឿទុកចិត្តបាន ហើយថាមានការចម្លងឯកសារផ្សេងៗទាក់ទិនការវាយតម្លៃលើផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីប៉ាក់បេង។
អង្គការ Save the Mekong បានអះអាងថា មួយផ្នែកធំនៃរបាយការណ៍អំពីការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន ត្រូវបានចម្លងយ៉ាងសាមញ្ញចេញពីការវាយតម្លៃស្រដៀងគ្នា ពីរបាយការណ៍របស់ទំនប់ប៉ាក់ បេង ដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៥។
សេចក្តីប្រកាសរបស់អង្គការនេះដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា គឺចំថ្ងៃបើកវេទិកាតំបន់របស់គណៈកម្មការទន្លេមេគង្គបានបញ្ជាក់តាមន័យដើមថា៖
«ជាលទ្ធផលរបាយការណ៍គម្រោងប៉ាក់ ឡាយ គឺមិនត្រឹមត្រូវ ហើយចាស់មិនអាចប្រើការបាន ជាមួយទិន្នន័យនិងឯកសារយោងនានាធ្វើឡើងតាំងពីមុនឆ្នាំ២០១១។ ការវាយតម្លៃផលប៉ះពាល់របស់ទំនប់ប៉ាក់បេង ក៏មានការវិភាគនិងទិន្នន័យមិនគ្រប់គ្រាន់ ដែលបង្កឲ្យមានសំណួរជាច្រើនចំពោះភាពគ្រប់គ្រាន់នៃព័ត៌មាន ដែលអាចពឹងផ្អែកបានដើម្បីជម្រាបពីដំណើរការពិគ្រោះយោបល់ជាមុននោះ»។
អង្គការ Save the Mekong បានបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសរបស់ខ្លួនតាមន័យដើមថា៖«យ៉ាងហោចណាស់៩០ភាគរយនៃផ្នែកនិយាយពីលក្ខខណ្ឌសង្គមជាច្រើន នៃទំនប់ប៉ាក់ ឡាយ ត្រូវបានចម្លងដោយផ្ទាល់ពីការវាយតម្លៃទំនប់ប៉ាក់ បេង ក្នុងនោះមានរូបថត តារាងផ្សេងៗ និងអត្ថបទ»។
យ៉ាងណាក៏ដោយ ក្រោយការបិទបញ្ចប់វេទិកាតំបន់លើកទីប្រាំស្តីពីការពិគ្រោះយោបល់ជាមុនចំពោះទំនប់ប៉ាក ឡាយនោះ គណៈកម្មការទន្លេមេគង្គបានចេញសេចក្តីប្រកាសមួយបញ្ជាក់ អំពីការលើកឡើងរបស់ភាគីពាក់ព័ន្ធមួយចំនួន ដែលបានកត់សម្គាល់ថា «ផ្នែកខ្លះនៃការវាយតម្លៃផលប៉ះពាល់ខាងសង្គម និងបរិស្ថានឆ្លងដែននិងផលប៉ះពាល់ដែលអាចកើតមានបន្ថែមរបស់គម្រោងប៉ាក់ ឡាយ ហាក់ដូចជាស្រដៀងគ្នានឹងការវាយតម្លៃផលប៉ះពាល់ទាំងឡាយរបស់ទំនប់ប៉ាក់ បេង»។
គណៈកម្មការទន្លេមេគង្គក៏បានបង្ហាញពីឆន្ទៈ នៃការពិនិត្យឡើងនូវភាពស្រដៀងគ្នាទាំងនោះ។
សេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចែកជូនបណ្តាញព័ត៌មានតាមសារអេឡិចត្រូនិចឬអ៊ីម៉ែលបានសរសេរក្នុងន័យដើមថា៖
«លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនឹងពិនិត្យវិសាលភាពនៃភាពស្រដៀងគ្នាក្នុងការវាយតម្លៃទាំងឡាយរវាងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ និងទំនប់វារីអគ្គិសនីប៉ាក់ បេង ព្រមទាំងឲ្យដឹងពីឱកាស ដើម្បីធ្វើឲ្យប្រសើរឡើងនូវការវាយតម្លៃនានា ដោយមានរាប់បញ្ចូលទិន្នន័យនិងព័ត៌មានថ្មីៗ។ លេខាធិការដ្ឋាននឹងចងក្រងការរកឃើញទាំងឡាយនៅក្នុងរបាយការណ៍ពិនិត្យឡើងវិញខាងបច្ចេកទេស និងផ្តោតការយកចិត្តទុកដាក់ជាពិសេសថា តើចំណុចខ្វះខាតទាំងនេះ នឹងប៉ះពាល់លើការវាយតម្លៃគម្រោងដែលសមហេតុផលនិងត្រឹមត្រូវយ៉ាងដូចម្តេចនោះ»។
គម្រោងប៉ាក់ ឡាយ គឺស្ថិតនៅចម្ងាយជិត៤០០គីឡូម៉ែត្រតាមខ្សែទឹកពីគម្រោងប៉ាក់ បេង និងប្រហែលជា១៩០គីឡូម៉ែត្រតាមផ្លូវគោក។ ទោះបីជាយ៉ាងណាក៏ដោយ បើមើលទៅលើផលប៉ះពាល់ឆ្លងដែន និងផលប៉ះពាល់ដែលអាចកើតមានបន្ថែមទៀតនោះ គម្រោងទាំងពីរស្ថិតក្នុងតំបន់ស្រដៀងគ្នានៃទន្លេដែលមានប្រវែងជាង៤០០០គីឡូម៉ែត្រ។
ការរៀបចំវេទិកាតំបន់លើកទីប្រាំសម្រាប់ភាគីពាក់ព័ន្ធស្តីពីការពិគ្រោះយោបល់ជាមុននៃគម្រោងប៉ាក់ ឡាយ នេះបានធ្វើឡើង ប្រមាណជាពីរខែ ក្រោយហេតុការណ៍បាក់ទំនប់ Xe-Pian Xe-Namnoyក្នុងខេត្ត Attapeu ប្រទេសឡាវ ដែលស្ថិតនៅក្បែព្រំដែនប្រទេសកម្ពុជា។ មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងប្រមាណ៧ពាន់នាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានក្រោយពីមានហេតុការណ៍បាក់ទំនប់វារីអគ្គីសនីដ៏មហន្តរាយនេះ។ ការបាក់ទំនប់នេះ ជាការបាក់ទំនប់លើកទីពីរនៅប្រទេសឡាវ ក្នុងរយៈពេលមួយឆ្នាំ។
ក្រៅពីផែនការសង់ទំនប់វារីអគ្គិសនី ប៉ាក់ ឡាយ នៅលើតួមេទន្លេមេគង្គក្រោមនោះ ប្រទេសឡាវ កំពុងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅលើតួមេទន្លេមេគង្គក្រោមដដែល ក្នុងនោះមានទំនប់សាយ៉ាប៊ូរី (Xayaburi) និង ដន សាហុង (Don Sahong) ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានទឹក និងត្រី។
ប្រទេសឡាវគ្រោងសាងសង់ទំនប់ជាង១៤០ នៅលើទន្លេមេគង្គ ក្នុងនោះមានចំនួនប្រាំគឺស្ថិតលើតួមេនៃទន្លេនេះ៕