គណៈ​កម្មការ​ទន្លេ​មេគង្គ​ជំរុញ​ឲ្យ​ប្រើ​ប្រព័ន្ធ​ចែក​រំលែក​ទិន្នន័យ​ដែល​មាន​ស្រាប់ ​ក្រោយចិន​សន្យា​ផ្តល់​ទិន្នន័យ​ជលសាស្រ្ត​

រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់នៅ​តាម​ដង​ទន្លេ​មេគង្គ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)​ នៅ​ថ្ងៃ​អង្គារ​នេះ​ទទួល​ស្វាគមន៍​ការ​សន្យា​របស់​ប្រទេស​ចិន​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ជលសាស្រ្ត​មក​ប្រទេស​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ដើម្បី​អាច​យក​មក​វិភាគ​ដោយ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ទម្រង់​ដែល​មាន​ស្រាប់​របស់​គណៈ​កម្មការ​នេះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​MRC ​នៅថ្ងៃអង្គារ​នេះ។​

កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​កិច្ច​ប្រជុំ​មេគង្គឡានឆាង​លើក​ទី៣​ ដែល​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ​ នាយករ​ដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាង ​(Li Keqiang)​ បាន​សន្យា​ថា ​ នឹង​ផ្តល់​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​ផ្នែក​ជលសាស្រ្ត​មក​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ​លោក​អាន ពេជ្រហត្ថដា​ (An Pich Hatda) ​មាន​ប្រសាសន៍​ថា ​ក្រៅពី​ការ​ទទួល​ស្វាគមន៍គណៈ​កម្មការ​ទន្លេ​មេគង្គ​ជំរុញ​ឲ្យមាន​ការ​ពិភាក្សា​ថា​ តើ​ទិន្នន័យ​អ្វីនឹង​ត្រូវ​ចែក​រំលែក​ឲ្យ​ពិត​ប្រាកដ​ និង​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​ចែក​រំលែក​ទិន្នន័យ​ដែល​មាន​ស្រាប់។​

លោក​មាន​ប្រសាសន៍​ថា៖​«ដើម្បីឲ្យ​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សម្រាប់​ប្រយោជន៍​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ទាំងអស់ ​និង​ប្រជាជន​របស់​ពួក​គេ ​ ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ពិភាក្សា​ថា​ ទិន្នន័យ​អ្វី​ឲ្យ​ពិតប្រាកដ​ដែល​នឹង​មាន​ការ​ចែករំលែក ​និង​ពី​របៀប​នៃ​ការ​ចែក​រំលែក»។​

លោក​បន្ថែម​ថា​ គណៈ​កម្មការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ធ្វើ​ការជាមួយ​ប្រទេស​ចិន ​និង​មីយ៉ាន់ម៉ា ​ដើម្បី​បង្កើត​ទម្រង់​នៃ​ការ​ចែក​រំលែក​ទិន្នន័យ ​ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមាជិក​ទាំង​៤​ប្រទេស​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្រើប្រាស់​ទម្រង់​ដែល​បង្កើត​ឡើង​យូរ​មក​ហើយ ​និង​មាន​ស្រាប់​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។​

បើ​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ចាប់​ តាំង​ពី​ឆ្នាំ​២០០៣ប្រទេស​ចិន​បាន​ផ្តល់​ឲ្យ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នូវ​ទិន្នន័យ​ទាក់ទង​នឹង​កម្រិត​ទឹក ​និង​ភ្លៀង​ធ្លាក់​ពី​ស្ថានីយ​ជលសាស្រ្ត​ចំនួន​ពីរ​នៅ​ផ្នែក​ខាង​លើ គឺ​នៅ​ស្ថានីយ​ជីងហុង ​(Jinghong)​និង​នៅលើ​ដៃ​ទន្លេ​នៅ​Manan។ ​ទិន្នន័យ​ទាំង​នេះ​ត្រូវបាន​ចែក​រំលែក​តែ​អំឡុង​ពេល​រដូវ​ទឹក​ជំនន់​ពី​ខែ​មិថុនា​ដល់​ខែ​តុលា​ប៉ុណ្ណោះ។​

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​កម្ពុជា ​លោក​គល់ វឌ្ឍនា​ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្រុម​ការងារ​បច្ចេក​ទេស​នឹង​ពិភាក្សា​គ្នា​អំពី​ទិន្នន័យ​ដែល​ត្រូវ​សុំ​ពី​ប្រទេស​ចិន។​ លោក​ឯកភាព​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​ចង់​ឲ្យ​ប្រើ​ទម្រង់​មាន​ស្រាប់ ​មិន​បាច់​បង្កើត​ថ្មី​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «បើចិន​គាត់​អាច​អនុលោម​តាម​ទម្រង់​ហ្នឹង​បាន​ ល្អមែន​ទែន​ហើយ»។​

នាយក​កម្ម​វិធី​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Stimson Center លោក ​Brian Eyler ​ថ្លែង​ប្រាប់​ VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ការ​សន្យា​របស់​ប្រទេស​ចិន​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​នោះ ​មិន​ទាន់មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ​ថាតើនឹង​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​ទំនប់​វារី​អគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាង​លើ​ ឬ​យ៉ាងណា។​

លោក​Brian Eyler ​ដែល​និពន្ធ​សៀវភៅ​Last Days of the Mighty Mekong ​មាន​ប្រសាសន៍​ថា៖​«ប្រទេស​ចិន​គួរតែ​ចែក​រំលែក​សូចនាករ​ទាំង​អស់​ រួមមាន​ស្ថានភាព​កំពុង​ដំណើរ​ការ​នៃ​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​ទាំង​១១ ​និង​ទិន្នន័យ​លំហូរ​ដី​ល្បាប់ ​និង​បម្លាស់​ទី​របស់​ត្រី។​បើ​គ្មាន​ទិន្នន័យ​ទាំងអស់​នេះ​ទេ​ ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​មិន​អាច​វាយ​តម្លៃ​អំពី​ទឹក​ទន្លេ​មួយ​នេះ​ឲ្យ​បាន​ល្អ ​ ហើយ​ក៏​មិន​អាច​ប្រើប្រាស់​ធនធាន​ទឹក​ឲ្យ​បាន​ល្អ​បំផុត​ដែរ»។​

យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ​Eyes on Earth ​ចេញ​ផ្សាយ​កាលពី​ខែ​មេសា​ឆ្នាំ​២០២០​ ប្រទេស​ចិន​បាន​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​បរិមាណ​យ៉ាង​ច្រើន​កាលពី​ឆ្នាំ​២០១៩ ​ដោយសារ​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​កន្លែង​ក្នុង​ប្រទេស​ខ្លួន។​ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ​ដោយ​លើក​ឡើង​ពី​ភាព​រាំងស្ងួត​ ដោយសារ​អាកាសធាតុ៕