គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC (Mekong River Commission) នៅថ្ងៃចន្ទនេះ បានជ្រើសតាំងនាយកប្រតិបត្តិថ្មីរបស់ខ្លួនសម្រាប់អាណត្តិ៣ឆ្នាំបន្ទាប់ទៀត ចាប់ពីឆ្នាំ២០២២នេះ។
លោក Anoulak Kittikhoun ជាជនជាតិឡាវ បានចូលកាន់តំណែងថ្មីនេះ បន្តពីនាយកប្រតិបត្តិមុនគឺលោក អាន ពេជ្រ ហត្ថដា ជាជនជាតិខ្មែរ ដែលបានបញ្ចប់អាណត្តិកាលពីសប្តាហ៍មុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
ការជ្រើសតាំងនាយកប្រតិបត្តិថ្មីនេះ ធ្វើឲ្យលោក Anoulak Kittikhoun ក្លាយជាអ្នកដឹកនាំលេខាធិការដ្ឋាននៃស្ថាប័នអន្តររដ្ឋាភិបាលនេះទី៣ហើយដែលមកពីប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គផ្ទាល់។
មុនក្លាយជានាយកប្រតិបត្តិថ្មីរបស់គណៈកម្មការទន្លេមេគង្គ លោក Anoulak Kittikhoun ធ្លាប់បម្រើការងារផ្នែកអភិវឌ្ឍន៍អន្តរជាតិ និងកិច្ចការទន្លេមេគង្គ រួមទាំងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គផងដែរ។
លោក Anoulak Kittikhoun បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចពីសកលវិទ្យាល័យស៊ីធី ទីក្រុង New York (City University of New York) សហរដ្ឋអាមេរិក និងជាបុគ្គលិកអន្តរជាតិមកពីប្រទេសកុម្មុយនីស្តឡាវដំបូងគេ ដែលបានទៅធ្វើការនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង New York។ នេះ បើផ្អែកតាមគណៈកម្មការទន្លេមេគង្គ៕