អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន មិនបង្ហាញខ្លួននៅក្នុងការប្រកាសសាលក្រមកាត់ទោសរូបលោកនៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។ ក្រុមមេធាវីការពារក្តីអ្នកតំណាងរាស្ត្ររូបនេះចាត់ទុកការកាត់ទោសនេះថា មានលក្ខណៈអាក្រក់ខ្លាំង និងត្រៀមប្តឹងទៅសាលាឧទ្ធរណ៍។
សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃច័ន្ទបានសម្រេចផ្តន្ទាទោស លោកអ៊ុំ សំអាន ឲ្យជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំនិង៦ខែ ហើយត្រូវបង់ពិន័យប្រាក់ចំនួន៤លានរៀល (១.០០០ដុល្លារអាមេរិក) ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់ឲ្យមានការរើសអើង»។ នេះបើយោងទៅតាមការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញនេះ។
ការកាត់ទោសលោកអ៊ុំ សំអាន ដោយកំបាំងមុខនេះ ធ្វើឡើងប្រហែលជា៣០នាទីនៅក្នុងបន្ទប់អង្គសវនាការ ដោយមានលោកចៅក្រម ហេង សុខណា អានសាលក្រម ដោយមិនមានវត្តមានលោក អ៊ុំ សំអាន និងមេធាវីរបស់អ្នកតំណាងរាស្ត្រនេះទេ។
លោក ហែម សុជាតិ មេធាវីការពារក្តីលោក អ៊ុំ សំអាន បានបា្រប់ VOA ថា ការកាត់ទោសកូនក្តីលោកមានលក្ខណៈធ្ងន់ធ្ងរ ដោយលោកពន្យល់ថា៖
«អញ្ចឹងការកាត់ក្តីរបស់សាលាដំបូងនេះ គឺវាមានការដាក់ទោសនេះ មានលក្ខណៈធ្ងន់ធ្ងរសម្រាប់កូនក្តីខ្ញុំណាស់ បើសិនណាជាយើងប្រៀបធៀបទៅអ្នកដែលវាយតំណាងរាស្ត្រ ដែលប៉ុនប៉ងធ្វើឃាតដល់តំណាងរាស្ត្រពីរបីនាក់ ហើយតុលាការដាក់ទោសតែមួយឆ្នាំ ហើយអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិបញ្ចេញទស្សនៈដើម្បីការពារទឹកដី ការពារប្រយោជន៍របស់ខ្មែរ បែរទៅជាប់គុក។ រឿងនេះវាអយុត្តិធម៌សម្រាប់កូនក្តីខ្ញុំខ្លាំងណាស់បាទ»។
លោកបញ្ជាក់ថា ក្រុមមេធាវីបានបដិសេធមិនចូលរួមក្នុងសវនាការកាត់ទោសលោក អ៊ុំ សំអាន តាំងពីដើមដំបូងមក ដោយក្រុមមេធាវីយល់ថា តុលាការបានបំពានលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ដែលនិយាយពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។ លោកបន្ថែមថា ក្រុមមេធាវីបានស្នើឲ្យមានការពិនិត្យទៅលើអ្វីទៅដែលហៅថា បទល្មើសជាក់ស្តែង និងថាតើការអធិប្បាយបញ្ចេញមតិលើបណ្តាញសង្គមមានទោសឬយ៉ាងណា។ លោកថា តុលាការយ៉ាងណាក៏ដោយច្រានចោលការស្នើសុំរបស់ក្រុមមេធាវី។
VOA មិនអាចទាក់ទងលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនារសៀលថ្ងៃច័ន្ទនេះ។
លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកាំងត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមេសា នៅខេត្តសៀមរាប ក្រោយពីលោកបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។
លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុកពាក់ព័ន្ធនឹងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីខែសីហា ឆ្នាំ២០១៥។
ការចាប់ខ្លួនលោក អ៊ុំ សំអាន បានកើតឡើង បន្ទាប់ពីការព្រមានចាប់ខ្លួនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា តុលាការត្រូវតែកាត់ទោសបញ្ចប់នីតិវិធីលើសំណុំរឿងលោក អ៊ុំ សំអាន ហើយថា ការលើកលែងទោសអ្នកតំណាងរាស្ត្ររូបនេះ ឬក៏មន្ត្រីគណបក្សប្រឆាំងផេ្សងទៀត បានឬយ៉ាងណា គឺអាស្រ័យលើស្ថានភាពនយោបាយក្នុងប្រទេស។
«ដំណោះស្រាយវាអាស្រ័យទៅលើស្ថានការណ៍នយោបាយ បើសិនជានយោបាយបានធូរស្រាល ពេលនោះខ្ញុំគិតថា ការសុំលើកលែងទោសពីមហាក្សត្រអី នឹងអាចកើតមាន។ បើសិនជាស្ថានភាពនយោបាយនៅតានតឹង យើងពិបាកសម្លឹងមើលនូវស្អីដែលជាការវិវត្តវិជ្ជមាននៅពេលខាងមុខបាទ»។
លោក អ៊ុំ សំអាន គឺជាអ្នកតំណាងរាស្ត្រគណបក្សជំទាស់មណ្ឌលខេត្តសៀមរាបដែលសកម្មក្នុងការរិះគន់រដ្ឋាភិបាលអំពីការប្រើប្រាស់ផែនទី សម្រាប់បោះបង្គោលព្រំដែនកម្ពុជាវៀតណាម។ មុនពេលចាប់ខ្លួន លោកបានចំណាយពេលមួយរយៈនៅឯសហរដ្ឋអាមេរិកដើម្បីស្វែងរកឯកសារផែនទី សម្រាប់ផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលប្រើក្នុងការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម។
ក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាមដដែលនេះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ ក៏កំពុងស្ថិតក្នុងពន្ធនាគារក្រោមបទចោទថា បានក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩។
ឯកសារដែលមន្ត្រីគណបក្សជំទាស់ចាត់ទុកថាជាការបញ្ចេញមតិការពារបូរណភាពដែនដីនោះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះផងដែរ។
ក្រុមមេធាវីការពារក្តីលោក អ៊ុំ សំអាន និយាយថា ពួកគេគ្រោងនឹងប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីតវ៉ាទម្លាក់ចោលការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ។ ការកាត់ទោសលោក អ៊ុំ សំអាន បានកើតឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិបន្តធ្វើពហិការមិនចូលប្រជុំសភា។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សជំទាស់អះអាងថា ពួកគេមិនចូលសភា ដោយបារម្ភពីបញ្ហាសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ គឺនៅគ្រាសភាបើកសម័យប្រជុំពេញអង្គ បានសរសេរលើទំព័រហ្វេសប៊ុកលោកថា៖
«ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ»៕