ខណៈនឹងត្រូវចូលបំភ្លឺក្នុងសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃពុធ ទី ២៩ ខែឧសភា សកម្មជនមាតាធម្មជាតិបានអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់នៅក្នុងសំណុំរឿង«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ»។ ពួកគេអះអាងថាមិនបានប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការឡើយ។
កាលពីខែមិថុនា ឆ្នាំ ២០២១ សកម្មជនមាតាធម្មជាតិចំនួន៦នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេនៅក្នុងវីដេអូមួយនៅក្នុងកិច្ចប្រជុំរបស់ពួកគេ។ នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «ញុះញង់» ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ។
ក្រៅពីសកម្មជនទាំង៦នាក់ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា ក៏ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ»ដែរ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការលើពួកគេជាការបំបិទសិទ្ធិសេរីភាពរបស់ក្រុម និងយុវជនផ្សេងទៀត ដើម្បីកុំឱ្យចូលរួមការពារបរិស្ថានក្នុងប្រទេសកម្ពុជា។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «បើយោងតាមច្បាប់ត្រឹមត្រូវ ឬក៏មាននីតិរដ្ឋត្រឹមត្រូវពួកយើងមិនត្រូវបានចោទប្រកាន់តាំងពីដំបូងទីម៉្លេះបាទ ប៉ុន្តែយើងដឹងហើយថា នៅកម្ពុជាតុលាការត្រូវបានគេមើលឃើញថានៅក្រោមឥទ្ធិពលនយោបាយ។ អ៊ីចឹងចង់មិនចង់យើងបារម្ភពីការចាប់ខ្លួនពួកយើងឡើងវិញ ហើយការចាប់ខ្លួននេះមិនមែន ដើម្បីដោយសារពួកយើងខុសច្បាប់ទេ គឺដើម្បីជាការរឹតត្បិតសិទ្ធិសេរីរបស់ពួកយើងច្រើនជាងដែលពួកយើងយល់ឃើញ បាទ»។
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែមានក្តីសង្ឃឹមថា តុលាការនិងនាយករដ្ឋមន្ត្រីថ្មីនឹងពិចារណាទម្លាក់បទចោទមកលើយុវជនចលនាមាតាធម្មជាតិ ព្រោះសកម្មភាពដែលក្រុមលោកធ្វើទាំងប៉ុន្មានមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់បុគ្គលណាម្នាក់នោះទេ ដោយគ្រាន់តែធ្វើដើម្បីកិច្ចការពារ និងថែរក្សាធនធានធម្មជាតិតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ៊ីចឹងពួកយើងសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌មកកាន់ពួកយើងតាមរយៈការទម្លាក់បទចោទប្រកាន់ ផ្តល់ភាពស្អាតស្អំព្រោះពួកយើងមិនបានរួមគំនិតក្បត់ជាមួយអ្នកណាទេ។ អ្វីដែលយើងធ្វើគឺគ្រាន់តែដើម្បីការការពារធនធានធម្មជាតិ ជាពិសេសនោះយើងក៏សង្ឃឹមថា រដ្ឋាភិបាលថ្មី ឈាមថ្មីដែលជាជំនាន់ក្រោយក៏នឹងស្តារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត ដែលត្រៀមនឹងចូលសវនាការនាថ្ងៃពុធ កញ្ញា ភួន កែវរស្មី ប្រាប់វីអូអេថា មកទល់ពេលនេះ កញ្ញានៅតែមិនអស់ចិត្តចំពោះការចោទប្រកាន់របស់តុលាការដែលថាក្រុមយុវជន «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ កញ្ញាបន្តថា បទចោទប្រកាន់បែបនេះធ្ងន់ធ្ងរសម្រាប់យុវជនដែលស្រឡាញ់បរិស្ថាន។
កញ្ញាបញ្ជាក់ថា៖ «ហើយបើតាមខ្ញុំមើលទៅលើបទហ្នឹង វាដូចជាអត់មានអីពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ចលនាមាតាធម្មជាតិកន្លងមកទេ ដែលពួកយើងកន្លងមកទាំងពាក្យសម្តីក៏ពួកយើងប្រយ័ត្នប្រយែងណាស់។ ពួកយើងអត់ចង់ប្រើពាក្យសម្តីហិង្សាណាមួយដែលជាគំរូមិនល្អដល់យុវជនដល់ប្រជាពលរដ្ឋដែលគាត់ចង់ធ្វើការតស៊ូមតិទេ ព្រោះពួកយើងតែងតែប្រកាន់ជំហរនៅក្នុងការតស៊ូមតិដោយអហិង្សា»។ សកម្មជនបរិស្ថានរូបនេះបានអំពាវនាវឱ្យតុលាការសម្រេចចិត្តទៅតាមអង្គហេតុពិតប្រាកដ ដោយមិនស្ថិតក្រោមអំណាច ឬការគាបសង្កត់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាតុលាការសម្រេចទៅលើភស្តុតាង សាក្សី អង្គហេតុនិងអង្គច្បាប់។
លោកបញ្ជាក់ថា៖ «យុត្តិធម៌ មិនយុត្តិធម៌ មិនផ្អែកនៅលើមាត់គាត់ថា មាត់គាត់និយាយ ឬក៏ការរិះគន់ ការទាមទាររបស់គាត់នោះទេ គឺផ្អែកទៅលើភស្តុតាង សាក្សី អង្គហេតុនិងអង្គច្បាប់ដែលជាមូលដ្ឋាននៃការសម្រេចរបស់តុលាការ»។
សវនាការជំនុំជម្រះនៅថ្ងៃទី ២៩ ខែឧសភា ជាសវនាការលើកទី ១ បន្ទាប់ពីការសុំពន្យារពេល ៣ ដងមកហើយ ដោយលើកទី ១ មេធាវីការពារក្តីជាប់រវល់ភារកិច្ចផ្ទាល់ខ្លួន លើកទី ២ ដោយសារសកម្មជនមួយចំនួនរវល់ចេញទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអ៊ែត និងលើកទី ៣ ដោយសារសកម្មជនមួយចំនួនមិនទទួលបានដីកាកោះពីតុលាការសម្រាប់ត្រៀមខ្លួនទុកជាមុន។ នេះបើតាមសកម្មជនរបស់ចលនាមាតាធម្មជាតិ។
គួរបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិមួយចំនួន រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ធ្លាប់ត្រូវបានចាប់ឃុំខ្លួន កាលពីខែកញ្ញា ឆ្នាំ ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕