ភ្នំពេញ —
ប្រជាពលរដ្ឋ ដែលមកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរយៈពេលបីថ្ងៃកន្លងមកនេះ ភាគច្រើនមានប្រវត្តិជាជនរងគ្រោះដោយការរំលោភដីធ្លី រងគ្រោះពីអំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងសង្គម តាមរយៈប្រព័ន្ធដឹកនាំរដ្ឋសព្វថ្ងៃ។
ខណៈពេលកំពុងដើរមកសម្រាកក្នុងតង់ផ្នែងខាងចុងសួនប្រជាធិបតេយ្យ លោកសឿន ស៊ីណា អាយុ៣៨ឆ្នាំ ជាពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លីម្នាក់មកពីឃុំគោលមេទ ខេត្តបន្ទាយមានជ័យ បាននិយាយថា៖ «ខ្ញុំមានការឈឺចាប់ណាស់ដែលអាជ្ញាធរ និងអ្នកមានអំណាចរំលោភយកដីពលរដ្ឋអស់។ ខ្ញុំឈឺចាប់ណាស់ ទើបមកចូលរួមនេះដើម្បីឱ្យរដ្ឋាភិបាលចុះចេញពីអំណាច។ បើមិនដូច្នេះទេ ពលរដ្ឋនឹងស្លាប់ហើយ។ ការឈឺចាប់របស់ខ្ញុំប្រៀបដូចជាគេមកសម្លាប់ទាំងរស់។ ពលរដ្ឋក្រីក្រ ដូច្នេះពេលបាត់បង់ដីអញ្ចឹងនាំគ្នាធ្វើចំណាកស្រុកសឹងតែរកអ្នកនៅក្នុងភូមិគ្មាន»។
បុរសដែលមានសម្បុរខ្មៅស្រអែម និងចងក្បាលហ្នឹងក្រណាត់ដែលសរសេរថា «មានយុត្តិធម៌ មានសន្តិភាព»ម្នាក់នេះ បានឱ្យដឹងថា ដីទំហំ៧៤០ហិចតារបស់ពលរដ្ឋសរុប១៥០គ្រួសារក្នុងភូមិរបស់លោក ត្រូវបានអាជ្ញាធរដកទៅប្រគល់ឱ្យឈ្មួញស្តុកស្តម្ភម្នាក់ ក្នុងខេត្តបាត់ដំបងដើម្បីដាំដំឡូងមីវិញ។
លោកសឿន ស៊ីណាបន្ថែមថា ពលរដ្ឋរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការ និងគ្រប់ស្ថាប័នពាក់ព័ន្ធរួចហើយ ប៉ុន្តែមកទល់ពេលនេះនៅតែគ្មានដំណោះស្រាយ។ ដូច្នេះទើបពួកគាត់សម្រេចចិត្តមកគាំទ្រគណបក្សសង្គ្រោះជាតិ។
ចំណែកឯបាតុករម្នាក់ទៀត លោកចក់ ហួរ អាយុ៣០ឆ្នាំ ថ្លែងដោយកំហឹងថា លោកមកចូលរួមមហាបាតុកម្មនេះ ដោយសារប្រទេសវៀតណាមបានបង្ខិតព្រំដែនរំលោភយកដីស្រែចម្ការពីដូនតារបស់លោក។
«ខ្ញុំជាអ្នកដែលរស់នៅតាមព្រំដែន ដូច្នេះអ្វីដែលឈឺចាប់បំផុតគឺការបាត់បង់ដីធ្លី និងស្រែចម្ការ ដែលជាទីសង្ឃឹមរបស់ខ្ញុំ។ ជនជាតិវៀតណាមគេមិនឱ្យធ្វើទេ។ ដីស្រែពីដូនតារបស់យើង ឥឡូវគេធ្វើព្រំដែនព័ទ្ធយក ឈប់ឱ្យយើងធ្វើស្រែហើយ។ ខ្ញុំមិនដឹងជាមានមធ្យោបាយអ្វីទេគឺមានតែមកចូលរួមបាតុកម្មដើម្បីតស៊ូទាមទារយកដីស្រែពីដូនតាមកវិញ»។
លោកចក់ ហួរបានបាត់បង់ដីស្រែទំហំ២,៥ហិចតាដែលគាត់ធ្វើតជំនាន់មកហើយ។
លោកមិនបានទទួលសំណងអ្វីទាំងអស់ នៅពេលអាជ្ញាធរវៀតណាមបោះបង្គោលកំណត់ព្រំដីរបស់ខ្លួនកាលពី២ឆ្នាំមុន។ អ្នកភូមិរបស់លោកប្រហែល២០០នាក់ផ្សេងទៀត ដែលរងគ្រោះដោយការបាត់បង់ដីដូចគ្នានេះ ក៏បានមកចូលរួមដែរ។ ការបាត់បង់ដីស្រែធ្វើឱ្យបុរសជាកសិករម្នាក់នេះធ្លាក់ខ្លួនក្លាយជាកម្មករស៊ីឈ្នួលដាំដំឡូងមីឱ្យគេ។
បុរសវ័យចំណាស់ជនជាតិកម្ពុជាក្រោមម្នាក់ ដែលឈរក្បែរនោះ បាននិយាយដោយសូមមិនបញ្ចេញឈ្មោះ ព្រោះខ្លាចអាជ្ញាធរវៀតណាមធ្វើបាប ពេលត្រឡប់ទៅស្រុកកំណើតវិញ។ បុរសនេះមកពីខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោមដែលសព្វថ្ងៃស្ថិតក្នុងប្រទេសវៀតណាម។ លោកថ្លែងថាលោកនិងជនជាតិខ្មែរកម្ពុជាក្រោមប្រមាណ៣០នាក់ផ្សេងទៀតតែងតែឆ្លងដែនមកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដោយសារការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលវៀតណាម។
«ចំពោះបញ្ហាគឺថា កៀបសង្កត់ណាស់នៅទីនោះ គឺថា ពេលយុវជនយើងគ្រាន់តែផឹកកាហ្វេពេលព្រឹកជុំគ្នា វាតាមដាន ហើយដល់ល្ងាចឡើង មេភូមិមេឃុំគេហៅយើងទៅសាកសួរ ហើយថា យើងជំនុំរឿងអីគឺថា ពិបាកណាស់ មិនដឹងគិតយ៉ាងម៉េចទេ។ យើងមកទីនេះជួយបាតុកម្ម។ ពេលគណបក្សប្រឆាំងឈ្នះ គេជួយបញ្ហាសិទ្ធិមនុស្សពលរដ្ឋកម្ពុជាក្រោមឱ្យប្រសើរឡើងបន្តិច»។
លោកសេង ស៊្រុន អាយុ៤៩ឆ្នាំកំពុងអង្គុយជុំគ្នាជាមួយបាតុករដទៃទៀត។លោកមានសម្បុរស និងពាក់អាវពណ៌ស។ លោកមកពីស្រុកកងមាស ខេត្តកំពង់ចាម។ លោកថ្លែងថា លោកចូលរួមដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
«យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា សុខចិត្តចូលរួមមហាបាតុកម្ម ដោយមិនគិតពីជីវភាពលំបាកក្នុងគ្រួសារទេ។ សព្វថ្ងៃប្រជាពលរដ្ឋម្នាក់ៗដែលមកនេះគឺខ្វះមុខខ្វះក្រោយ ប៉ុន្តែដោយសារកំហឹងឈឺចាប់ បានជាមកទាមទារយុត្តិធម៌ និងស្វែងរកការណ៍ពិត ថាតើសន្លឹកឆ្នោតប្រជាពលរដ្ឋហ្នឹងបាត់ទៅណា?»
ពេលចៅស្រីគាត់កំពុងគេងលើភ្លៅ អ្នកស្រីធុច សំនៀងនិយាយបណ្តើរ បក់ផ្លិតឱ្យចៅបណ្តើរ។ គាត់និយាយថា ការចូលរួមនេះគឺដើម្បីភាពយុត្តិធម៌ក្នុងសង្គម។
«ខ្ញុំមានការឈឺចាប់ក្នុងការដឹកនាំសព្វថ្ងៃរបស់រដ្ឋាភិបាល និងភាពអយុត្តិធម៌ក្នុងសង្គម។ ក្នុងការកាត់ក្តី អ្នកក្រមិនដែលឈ្នះម្តងណាទេ។ អ្នកមានដឹងតែគេឈ្នះ។ ខ្ញុំមានការឈឺចាប់បំផុតក្នុងប្រព័ន្ធតុលាការ។ អញ្ចឹងខ្ញុំចង់ប្តូរអ្នកដឹកនាំ»។
អ្នកស្រីសំនៀងតែងតែនាំចៅមកចូលរួមបាតុម្មនៅពេលរសៀល បន្ទាប់ពីជូនចៅចេញពីរៀននៅពេលព្រឹក។
អ្នកស្រីប៊ូ សារុំ អាយុ៤៧ឆ្នាំកំពុងអង្គុយជំនុំគ្នាជាមួយស្ត្រីចំណាស់ម្នាក់។ អ្នកស្រីមកពីស្រុកពញាក្រែក ខេត្តកំពង់ចាម។ អ្នកស្រីជាអាជីវករលក់បបរ។ អ្នកស្រីរំពឹងថា ការដឹកនាំរបស់គណបក្សសង្គ្រោះជាតិអាចជួយជីវភាពគ្រួសារអ្នកស្រីឱ្យធូរធារជាងនេះ។
«មកចូលរួមនេះដើម្បីឱ្យប្រទេសបានរីកចម្រើន ឱ្យកូនចៅជំនាន់ក្រោយបានសិរីសួស្តី ដូចប្រទេសគេដទៃ។ អាជីវកម្មកៅស៊ូក៏ដោយ ធ្វើការអ្វីៗឱ្យបានរីកចម្រើន ដោយមានប្រទេសអន្តរជាតិគេជួយដឹកនាំអញ្ចឹង។ ពេលខ្ញុំយកកូនខ្ញុំទៅពេទ្យ សូមមើលកូនខ្ញុំផង! ពេលខ្ញុំយកកូនមកពេទ្យ គេអត់មើលកូនខ្ញុំទេ។ ខ្ញុំសូមថ្នាំគេមួយគ្រាប់ គេអត់ឱ្យខ្ញុំទេ។ ខ្ញុំដើរយំពេញភ្នំពេញ។ ខ្ញុំឈឺចាប់ណាស់»។
ក្រៅពីនិយាយពីការរងគ្រោះដែលពួកគេជួបប្រទះ បាតុករភាគច្រើនដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសន៍ ក៏បានរិះគន់រដ្ឋាភិបាលបច្ចុប្បន្នពីបញ្ហាពុករលួយ ការគ្រប់គ្រងធនធានធម្មជាតិ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែនជាដើម។
លោកជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថ្លែងថា ករណីដែលពលរដ្ឋលើកឡើងទាំងនេះមានកម្រិតតិចតួចប៉ុណ្ណោះ។
«ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជា យើងមិនអាចជៀសផុតពីកង្វះខាតដែលមានហ្នឹងទេ ពីព្រោះកូនយើងតែពីរនាក់យើងពិបាកគ្រប់គ្រងផង។ ដូច្នេះទម្រាំយើងដឹកនាំប្រទេសជាតិដែលមានប្រជាជន១៤,៥លាននាក់ ដូច្នេះសមាជិកគណបក្សខ្លះមានការរំលោភអញ្ចឹង។ ប៉ុន្តែលោកអត់បណ្តែរបណ្តោយទេគឺដាក់ទោសទណ្ឌតាមអ្វីដែលបានប្រព្រឹត្ត»។
គណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត បានសន្យាជាមួយម្ចាស់ឆ្នោតថា ខ្លួននឹងដោះស្រាយបញ្ហាប្រឈមទាំងនោះនៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោត៕