អ្នកគាំទ្រគណបក្សសាធារណរដ្ឋភាគច្រើនបំផុត ដែលបានចូលរួមការបោះឆ្នោតបឋមក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទកន្លងទៅនេះបាននិយាយថា លោក Donald Trump សក្តិសមនឹងឡើងកាន់តំណែងក្នុងសេតវិមានឡើងវិញ ប្រសិនបើលោកត្រូវបានកាត់ទោសពីបទឧក្រិដ្ឋណាមួយក៏ដោយ។ នេះបើតាមលទ្ធផលស្ទង់មតិកាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលបង្ហាញពីមូលដ្ឋានគាំទ្រខ្លាំងដែលអតីតប្រធានាធិបតីអាមេរិករូបនេះមាននៅក្នុងគណបក្សសាធារណរដ្ឋ។
អ្នកបោះឆ្នោតបឋមចំនួនប្រមាណ ២ភាគ៣ ក៏បាននិយាយផងដែរថា គេមិនជឿថាប្រធានាធិបតីអាមេរិកបច្ចុប្បន្នមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលឆ្នាំ ២០២០ដោយសមហេតុផលនោះឡើយ។ នេះបើយោងលើការស្ទង់មតិនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ខាងក្រោមនេះជាការបង្ហាញការស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវ Edison ស្តីពីការសម្ភាសអ្នកគាំទ្រគណបក្សសាធារណរដ្ឋចំនួន១.៦២៨នាក់ ក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក។
អ្នកឆ្លើយសំណួរចំនួន ៦៦ភាគរយនិយាយថា ពួកគេមិនគិតថា លោក Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០២០ ដោយភាពត្រឹមត្រូវនោះឡើយ។ អ្នកឆ្លើយសំណួរចំនួន ៦៥ភាគរយ និយាយថា ពួកគេបានសម្រេចចិត្តថាអ្នកណាដែលគេត្រូវគាំទ្រ ដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីក្នុងការប្រកួតប្រជែងនៅមុនដំណាច់ខែនេះ។
អ្នកឆ្លើយសំណួរចំនួន ៦៥ភាគរយនិយាយថា លោក Trump នឹងនៅតែសក្តិសមដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី ប្រសិនបើលោកត្រូវបានកាត់ទោសដោយបទឧក្រិដ្ឋណាមួយក៏ដោយ។ មានអ្នកឆ្លើយតបតែ ៣១ភាគរយប៉ុណ្ណោះ ដែលថា លោកមិនសក្តិសមទទួលតំណែងនេះ បើត្រូវបានកាត់ទោសនោះ។
ចំណែកអ្នកឆ្លើយសំណួរចំនួន ៦១ភាគរយ និយាយថា គេចង់បានច្បាប់សហព័ន្ធមួយ ដែលហាមប្រាមដល់ការ រំលូតកូននៅទូទាំងប្រទេស។ ដោយឡែកអ្នកបោះឆ្នោតបថមស្បែកសចំនួន ៥៣ភាគរយដែលកាន់សាសនាគ្រិស្ត បានគាំទ្រលោក Trump ហើយមានតែ ២៧ ភាគរយប៉ុណ្ណោះ ដែលគាំទ្រលោក DeSantis។
អ្នកបោះឆ្នោតចំនួន ៤៦ភាគរយ និយាយថា គេចាត់ទុកខ្លួនគេ ថាជាផ្នែកមួយនៃចលនា MAGA ឬការធ្វើឱ្យអាមេរិកអស្ចារ្យជាថ្មីម្តងទៀត ដែលជាពាក្យស្លោករបស់ Trump។ ចំណែកអ្នកគាំទ្រចំនួន ៥០ភាគរយ និយាយថា ពួកគេមិនមែនជាផ្នែកមួយនៃចលនានេះឡើយ។ លោក Trump មានសំឡេងនាំមុខអ្នកស្រី Haleyនិងលោក DeSantis ក្នុងចំនួនពីរខ្ទង់ក្នុងចំណោមអ្នកគាំទ្របុរសនិងស្ត្រីដូចគ្នា។
ប៉ុន្តែក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ ពួកគេពេញចិត្តលោក Trump ប្រមាណ ៣៧ភាគរយ ចំពោះអ្នកទៅបោះឆ្នោតបឋមនេះ បើប្រៀបធៀបជាមួយអ្នកស្រី Haley មានចំនួនតែ ២៨ភាគរយ ហើយលោក DeSantis មានចំនួនតែ ២៦ភាគរយប៉ុណ្ណោះ។
អ្នកបោះឆ្នោតបឋមចំនួន ៣៨ភាគរយ និយាយថា សេដ្ឋកិច្ចជាបញ្ហាដែលមានសារសំខាន់បំផុត ក្នុងការសម្រេចចិត្តស្តីពីការបោះឆ្នោតបឋមកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយបញ្ហាជនអន្តោប្រវេសន៍មានចំនួន ៣៤ភាគរយ ហើយក្រៅពីនេះគឺលើបញ្ហានយោបាយការបរទេសនិងការរំលូតកូនជាដើម។
អ្នកបោះឆ្នោតចំនួន ១៤ភាគរយ និយាយថា បញ្ហាគុណភាពដ៏ចម្បងបំផុតនោះគឺថាអ្នកទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ត្រូវមានសមត្ថភាពយកឈ្នះលើលោក Biden បើប្រៀបធៀបនឹងចំនួន ៤១ភាគរយ ដែលយល់ថា គុណតម្លៃរួមជាកតា្តចម្បងបំផុត។
វិទ្យាស្ថានស្រាវជ្រាវ Edison បានរៀបចំការស្ទង់មតិនេះក្នុងនាមបណ្តាញការស្ទង់មតិការបោះឆ្នោតជាតិ ដែលជាបណ្តុំអង្គការព័ត៌មានជាច្រើន ដែលរួមមានទីភ្នាក់ងារសារព័ត៌មាន Reuters ផងដែរ៕
ប្រែសម្រួលដោយលោកជ្រា វណ្ណារិទ្ធ