រុស្ស៊ី នៅថ្ងៃសុក្រ បានស្វាគមន៍នូវការប្រកាសរបស់រដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីថ្ងៃព្រហស្បត៍ ដែលថា សហរដ្ឋអាមេរិកនឹងស្វះស្វែងការបន្តរយៈពេល៥ឆ្នាំទៀតនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលត្រូវផុតកំណុតនៅថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ។ រដ្ឋាភិបាលវិមានក្រឹមឡាំងបញ្ជាក់ថា ខ្លួននឹងរង់ចាំមើលសេចក្តីលម្អិត។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ី «អាចស្វាគមន៍ឆន្ទៈនយោបាយដើម្បីបន្តសន្ធិសញ្ញានេះ»។ លោកបាននិយាយបន្ថែមទៀតថា «ប៉ុន្តែ អ្វីៗទាំងអស់នឹងអាស្រ័យលើសេចក្តីលម្អិតនៃសំណើនោះ»។
លោក Bob Menendez សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលជាប្រធានថ្មីនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រចំណាត់ការរបស់រដ្ឋបាលលោក Biden នេះ។
លោក Menendez បាននិយាយថា សន្ធិសញ្ញា New STARTថ្មីនេះ «មានសារៈសំខាន់សម្រាប់សន្តិសុខជាតិសហរដ្ឋអាមេរិក។ សន្ធិសញ្ញាថ្មីនេះទប់កម្លាំងនុយក្លែអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ផ្តល់វិធានការខ្លាំងនិងលម្អិតដើម្បីធ្វើឲ្យប្រាកដថា រុស្ស៊ីធ្វើទៅតាមការសន្យារបស់ខ្លួន និងធ្វើឲ្យប្រាកដថា សហរដ្ឋអាមេរិកមានភាពបត់បែនដែលខ្លួនត្រូវការដើម្បីរក្សាសុវត្ថិភាព ការពារសន្តិសុខ និងគ្រប់គ្រងការប្រើប្រាស់នុយក្លែអ៊ែរប្រកបដោយប្រសិទ្ធភាព។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក Menendez បានថ្លែងថា រដ្ឋបាលរបស់លោក Biden «ត្រូវ តែប្រឈមមុខនឹងការសងសឹករបស់រុស្ស៊ីដែលបន្តគំរាមកំហែងដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន៕