ម្រុមមានការនិយមច្រើន ទាំងក្នុងចំណោមពលរដ្ឋកម្ពុជានិងបរទេសថែមទៀត ដោយយករុក្ខជាតិនេះ ត្រូវគេទទួលទានជាបន្លែផងនិងប្រើជាថ្នាំផង។ ប៉ុន្តែថ្វីបើរុក្ខជាតិនេះមានប្រយោជន៍ច្រើនខាងសុខភាពក្តី ក៏អ្នកជំនាញថា ម្រុមមិនមែនជាថ្នាំព្យាបាលដោយផ្ទាល់សម្រាប់ជំងឺជាច្រើន ដូចដែលមានជំនឿតៗគ្នានោះទេ។
លោក វេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida ថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធី Hello VOA សុខភាព កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលោកបានលើកឧទាហរណ៍អំពីជំងឺទឹកនោមផ្អែមថា៖
«បើយើងមានទឹកនោមផ្អែម ហើយយើងលេបម្រុម យើងមិនមែនឈប់ត្រឹមហ្នឹងទេ។ យើងត្រូវតែបន្តឲ្យពេទ្យគេមើលទៀត ហើយយើងមិនត្រូវឈប់លេបថ្នាំឬថ្នាំចាក់សម្រាប់ទឹកនោមផ្អែមទេ។ យើអាចលេប[ម្រុម]បន្ថែមជាជំនួយ តែយើងមិនត្រូវបញ្ឈប់ថ្នាំគ្រាប់ឬថ្នាំចាក់ទេ»។
សូមចុចស្តាប់កម្មវិធី Hello VOA ទាំងស្រុងត្រង់នេះ៖
Your browser doesn’t support HTML5
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ រុក្ខជាតិម្រុមត្រូវគេនិយមបរិភោគយ៉ាងខ្លាំង រហូតមានក្រុមហ៊ុនដែលផ្តោតទៅលើការលក់ដូរចែកចាយរុក្ខជាតិនេះជាលក្ខណៈអាជីវកម្មទៀតផង។ ក្រៅពីរស់ជាតិ ប្រជាប្រិយភាពនេះមួយផ្នែកក៏ដោយសារពលរដ្ឋខ្មែរជាច្រើនមានជំនឿថា ការបរិភោគម្រុមអាចព្យាបាលជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម រហូតដល់ជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺរលាកក្រពះ ជាដើមទៀត។
លោកវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងរូបនេះថ្លែងថា បើថ្វីបើរុក្ខជាតិម្រុមមិនមែនជាថ្នាំដោយផ្ទាល់ចំពោះជំងឺទាំងនេះក្តី ក៏ការទទួលទានរុក្ខជាតិម្រុម អាចផ្តល់ផលប្រយោជន៍វេជ្ជសាស្ត្រជាច្រើនដូចជា វាមានជីវជាតិខ្ពស់ មានសារជាតិ antioxidant ដែលជួយជម្រះជាតិពុល អាចជួយបញ្ចុះកម្រិតស្ករនៅក្នុងឈាម (ជួយដល់អ្នកមានជំងឺទឹកនោមផ្អែម) និងជាតិ cholesterol ហើយជួយបន្ថយភាពរលាក ជាដើម។
លោកថា អ្នកប្រើប្រាស់មិនត្រូវច្រឡំផលប្រយោជន៍ទាំងនេះរបស់មុ្រមជាមួយនឹងឱសថដែលមានបទដ្ឋានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតមិនហាមឃាត់ការបរិភោគជាប្រចាំដោយប្រុងប្រយ័ត្ននោះទេ។
លោកពន្យល់ថា៖
«បើយើងធ្លាប់ទទួលទានហើយ យើងបន្តទៀតចុះ។ ប៉ុន្តែយើងត្រូវដឹងថា [ផ្នែកផ្សេងៗនៃ]ម្រុម វាមិនដូចគ្នាទាំងអស់ទេ។ នៅកន្លែងខ្លះវាមានប្រសិទ្ធភាព កន្លែងខ្លះវាជាតិល្អ កន្លែងខ្លះវាមានជាតិមិនត្រឹមត្រូវ។ ដូច្នេះយើងមិនអាចសន្និដ្ឋានថាដូចគ្នាទាំងអស់ទេ»។
លោកវេជ្ជបណ្ឌិត តាំង តេកហុង បញ្ជាក់ថា ករណីគ្រោះថ្នាក់មួយចំនួននៃការបរិភោគម្រុមរួមមាន ស្ត្រីមានផ្ទៃពោះអាចរលូតកូនបើទោះបីម្រុមជួយឲ្យកើនទឹកដោះក្តី ហើយ ការប្រើប្រាស់ឫសម្រុមក្នុងកម្រិតច្រើនអាចធ្វើឲ្យមានជាតិពុល ដែលអាចបង្កឲ្យមានពិការភាពនិងការស្លាប់ទៀតផង៕