អាជ្ញាធរចិននិយាយថា ឥឡូវនេះមានមនុស្សចំនួន៩១នាក់កំពុងបាត់ខ្លួនបន្ទាប់ពីមានការបាក់ដីដ៏ធំមួយ ដែលបានកប់សួនឧស្សាហកម្មមួយនៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong កាលពីថ្ងៃអាទិត្យ។
សាក្សីនិយាយថា មានដីភក់យ៉ាងច្រើនបានហូរមករុំព័ទ្ធសួនឧស្សាហកម្មនោះ ហើយបានកម្ទេចឬបំផ្លិចបំផ្លាញអាគារចំនួន៣៣ ដោយក្នុងនោះរួមមានទាំងរោងចក្រចំនួន១៤ អគារការិយាល័យចំនួន២ និងអន្តេវាសិកដ្ឋានចំនួន៣ផងដែរ។ មន្ត្រីផ្នែកសង្គ្រោះបន្ទាន់ចំនួន១៥០០នាក់កំពុងតែព្យាយាមស្វែងរកនិងជួយសង្រ្គោះជនរងគ្រោះ នៅក្នុងកម្ទេចបាក់បែកដែលមានទំហំ៥ម៉ឺនម៉ែត្រការ៉េនោះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិនបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួននោះរួមមានបុរសចំនួន៥៩នាក់និងស្រ្តីចំនួន៣២នាក់។ ហើយមនុស្សប្រមាណចំនួន៩០០នាក់ត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុមុនពេលមានការបាក់ដីនោះ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងដីនិងធនធានបានឲ្យដឹងថា គំនរនៃសំណល់ពីការសាងសង់និងភក់ដែលមានកំពស់១០០ម៉ែត្រដែលត្រូវបានគេរក្សានៅកន្លែងគាស់ថ្មចំណាស់មួយកន្លែង បានបែកធ្លាយបន្ទាប់ពីមានព្យុះភ្លៀងដ៏ខ្លាំងមួយនៅក្នុងតំបន់។ ការបាក់ដីនេះក៏បានបង្កឲ្យមានការផ្ទុះនៅក្បែរបំពង់ហ្គាសធម្មជាតិមួយដែលជារបស់ក្រុមហ៊ុនផលិតប្រេងនិងហ្គាសធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន PetroChina៕