កងទ័ពចិនជាង ៧០០ នាក់ នឹងចូលរួមធ្វើសមយុទ្ធយោធាជាមួយកម្ពុជា ដែលនឹងធ្វើឡើងក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ផ្តើមពីសប្តាហ៍នេះ។ នេះបើយោងតាមមន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា។
កម្ពុជានិងចិនបានត្រៀមរៀបចំសមយុទ្ធយោធាប្រចាំឆ្នាំលើកទី ៥ ដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៤» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនេះប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលផ្តល់ដោយលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នាថ្ងៃចន្ទនេះ។
លោក ថោង សូលីម៉ូ ប្រាប់វីអូអេថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៤ នេះ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹក ដោយកងទ័ពជើងគោកធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។ លោកបន្ថែមថា កម្លាំងចូលរួមធ្វើសមយុទ្ធមានចំនួនសរុប២.០៧៥ នាក់ ក្នុងនោះកងទ័ពភាគីកម្ពុជាចំនួន ១.៣១៥ នាក់ និងកងទ័ពភាគីចិន ចំនួន ៧៦០ នាក់។
គ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុបចំនួន ៦៩ គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារជាច្រើនឈុតទៀត។ នេះបើតាមលោក ថោង សូលីម៉ូ។ លោកបន្ថែមថា សមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុបចំនួន ១៤ គ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង។
ក្រសួងការពារជាតិចិននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ប្រទេសចិននឹងបញ្ជូននាវាហ្វឹកហ្វឺនកងទ័ពជើងទឹកដ៏ធំបំផុតរបស់ខ្លួន Qijiguang រួមជាមួយនឹងនាវាចម្បាំងដ៏ធំសម្បើម Jinggangshan ទៅកាន់ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើតសម្រាប់ការហ្វឹកហ្វឺនជាមួយយោធាកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «បេសកកម្មនេះមានគោលបំណងបង្កើនសមត្ថភាពដល់សិស្សនាយទាហានកងទ័ពជើងទឹកក្នុងប្រតិបត្តិការជាក់ស្តែង និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមករបស់កងទ័ពជើងទឹកចិនជាមួយកងទ័ពជើងទឹកនៃប្រទេសគោលដៅទាំងពីរ ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍ដែនសមុទ្រជាមួយនឹងអនាគតរួមគ្នា»។
បើតាមការបង្ហោះនៅទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ មាននាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ១ គ្រឿង លេខ ៩៨៥ ជាប្រភេទនាវាពហុមុខងារ Type-071 បានមកដល់កម្ពុជាហើយនៅថ្ងៃចន្ទនេះ ដើម្បីចូលរួមសមយុទ្ធយោធា។
លោក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ប្រាប់វីអូអេបន្ថែមថា មាននាវាតែមួយទេចូលមកកម្ពុជា។
លោកបញ្ជាក់ថា៖ «អត់មានទេ មានតែមួយទេ អាហ្នឹងក៏ខ្ញុំមិនដឹងដែរ។ បើចិនគាត់ថាពីរៗហើយ ប៉ុន្តែវានាអត់មានពីរទេ វាជាការងារហ្វឹកហ្វឺនផ្សេងទេ»។
កាលពីឆ្នាំ ២០២៣ កម្ពុជានិងចិនក៏បានធ្វើសមយុទ្ធនាគមាសនេះម្តងហើយ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារវិបត្តិជំងឺកូវីដ១៩។ សមយុទ្ធក្នុងឆ្នាំ ២០២៤ នឹងក្លាយជាសមយុទ្ធលើកទី ៦ ដែលកម្ពុជាបានធ្វើជាមួយចិន ដែលសមយុទ្ធនាគមាសដំបូងចាប់ផ្តើមតាំងពីឆ្នាំ ២០១៦។
កម្ពុជាត្រូវបានគេមើលឃើញថាងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថា កាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Katherine Diop ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាមានសិទ្ធិអធិបតេយ្យភាពក្នុងការជ្រើសរើសដៃគូសន្តិសុខរបស់ខ្លួន។
កញ្ញាបញ្ជាក់បន្ថែមថា៖ «ប្រជាជនកម្ពុជា ប្រទេសជិតខាងអាស៊ាន និងតំបន់ទាំងមូលនឹងទទួលបានអត្ថប្រយោជន៍ពីតម្លាភាពអំពីសមយុទ្ធ និងសកម្មភាពយោធាទ្វេភាគីនិងពហុភាគី និងរបៀបដែលពួកគេរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់»។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រាប់វីអូអេថាការធ្វើសមយុទ្ធនេះ «មិនមានបំណងគំរាមកំហែង ឬប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។
លោកបន្ថែមថា៖ «ចំពោះការធ្វើសមយុទ្ធ កម្ពុជាសហការជាមួយបណ្ដាប្រទេសទាំងអស់រឿងសកលលោក មិនបានរើសអើងជាមួយប្រទេសណាមួយទេ។ ដូច្នេះការលើកឡើងអំពីថាកម្ពុជាលម្អៀងឬធ្វើសមយុទ្ធតែជាមួយចិន នេះជាសិទ្ធិរបស់គេនិយាយ សម្រាប់កម្ពុជាគឺធ្វើអ្វីៗតាមការដឹកនាំរបស់រាជរដ្ឋាភិបាល»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថាការការបញ្ជូននាវាចម្បាំងរបស់ចិនមកនេះបង្ហាញពីសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន និងថាកិច្ចសហប្របត្តិការយោធារវាងកម្ពុជានិងចិនក៏មានភាពជិតដិតបំផុតដែរ។ លោកបន្ថែមថា សមយុទ្ធយោធានេះនឹងពង្រឹងដល់សមត្ថភាពកងទ័ពកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈទ័ពទៀតផង។
បើតាមលោក សេង វណ្ណលី ភាពជិតដិតផ្នែកកងទ័ពនៃប្រទេសទាំងពីរក៏នឹងនាំបញ្ហាដល់កម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «យ៉ាងណាមិញ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនេះវាអាចនឹងបង្កហានិភ័យច្រើនដែរសម្រាប់កម្ពុជា ដោយសារតែយើងឃើញហើយថារាល់ការពង្រឹងសកម្មភាពសមយុទ្ធយោធាឬក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហ្នឹងវានឹងធ្វើឱ្យការចោទប្រកាន់របស់បច្ចឹមលោក ដែលថា កម្ពុជាផ្តល់មូលដ្ឋានទ័ពជើងទឹកដល់ចិនហ្នឹងកាន់តែបន្ថែមទម្ងន់ ហើយវានឹងដាក់សម្ពាធដល់កម្ពុជាកាន់តែខ្លាំង»។
លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថាដើម្បីធ្វើម៉េចបង្ការហានិភ័យ ជាពិសេសពីការរិះគន់ក៏ដូចជាសម្ពាធពីភាគីបរទេសជាពិសេសអាមេរិក កម្ពុជាគួរតែធ្វើពិពិធកម្មទំនាក់ទំនងក្នុងវិស័យសន្តិសុខ ជាពិសេសដែនសមុទ្រជាមួយប្រទេសមហាអំណាចនានា ដូចជាឥណ្ឌា ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអូស្ត្រាលី ជាមួយអាមេរិក ក៏ដូចជាជាមួយជប៉ុន និងបារាំងឱ្យកាន់តែបន្ថែមទៀត»។
គួររំឭកថា ចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕