យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៦៣៦២គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជាដែលបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ជនរងគ្រោះដោយសារទឹកជំនន់ទាំងនេះស្ថិតក្នុងខេត្តចំនួនប្រាំមួយ រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង រតនៈគិរី និងខេត្តមណ្ឌលគិរី។
លោក កែវ វី បញ្ជាក់បន្ថែមថា ដីស្រែចំនួនជាង៣១០០ហិកតាត្រូវបានជន់លិច ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត សាលារៀនចំនួន១៩និងវត្តចំនួនប្រាំបីក៏ត្រូវលិចទឹកផងដែរ។
អ្នកនាំពាក្យដដែលបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្ថិតក្នុងស្ថានភាពត្រៀមបម្រុងសម្រាប់ជួយអន្តរាគមដល់ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ។
«គឺថាយើងនៅក្នុងប្រព័ន្ធត្រៀមបម្រុងរបស់រដ្ឋាភិបាល គឺអត់ទាន់មានបញ្ចេញទេ ប៉ុន្តែជាបន្តបន្ទាប់យើងអាចនឹងមានការបញ្ចេញជាស្រូវពូជ ជាគ្រាប់ពូជ បន្លែអី ដល់ប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា ពុំទាន់មានការវាយតម្លៃពីការខូចខាតនិងផលប៉ះពាល់ដោយសារទឹកជំនន់ថា មានទំហំទឹកប្រាក់ប៉ុន្មាននៅឡើយទេ។
ភ្លៀងបានធ្លាក់យ៉ាងច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យខេត្តភាគឦសាននិងខេត្តជាប់មាត់សមុទ្រទទួលរងផលប៉ះពាល់ច្រើនជាងគេ។ ក្នុងនោះមានខេត្តរតនគីរី មណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។
រហូតមកទល់ពេលនេះមានមនុស្សចំនួនបួននាក់បានស្លាប់ដោយសារទឹកជំនន់ និងប្រជាពលរដ្ឋចំនួន១៣៤២គ្រួសារត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានទេ នៅថ្ងៃអង្គារនេះ។ តែលោកប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កម្រិតទឹកក្នុងខេត្តចំនួនបួន គឺខេត្តរតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែលបានជន់កន្លងមក កំពុងស្រកជាបន្តបន្ទាប់។ យ៉ាងណាក្តី លោកថា សម្រាប់ខេត្តពោធិ៍សាត់ ទឹកកំពុងជន់ឡើង ដែលអាចនឹងលិចនៅតំបន់ទំនាប។
ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងនៅថ្ងៃអង្គារនេះដែរថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១៦ខែសីហា។ ហើយខេត្តដែលស្ថិតនៅតាមតំបន់មាត់សមុទ្រ អាចប្រឈមនឹងការជន់លិចបន្តទៀត។
ស្របពេលដែលខេត្តមួយចំនួនទទួលរងគ្រោះដោយសារទឹកជំនន់ បណ្តាខេត្តមួយចំនួននៅភាគពាយ័ព្យប្រទេស ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យកំពុងជួបប្រទះនូវគ្រោះរាំងស្ងួត។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៩ ខែសីហា៕