ខណៈការសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានកើនឡើង ទិន្នន័យរបស់ក្រសួងសុខាភិបាលបង្ហាញថា ប្រជាពលរដ្ឋទូទៅនិងកងកម្លាំងយោធា សរុបចូលគ្នាទាំងអស់ មានជាង ២ សែន ៨ ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំង។ ទិន្នន័យនេះសរុបការចាក់វ៉ាក់សាំងរបស់ចិន Sinopharm និងវ៉ាក់សាំង AstraZeneca ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ថា ក្រុមប្រជាពលរដ្ឋអាទិភាពទូទៅ មានជាង ១ សែន ៩ ម៉ឺននាក់ ដែលបានទៅចាក់វ៉ាក់សាំងរួចហើយ។ ចំណែកក្រុមកម្លាំងកងទ័ពដែលជាក្រុមអាទិភាពដែរ មានប្រមាណ ៩ ម៉ឺន ៩ ពាន់នាក់ ក៏បានទៅចាក់វ៉ាក់សាំងហើយដែរ។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ចំនួនប្រជាពលរដ្ឋដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានជាង ១ ម៉ឺន ៥ ពាន់នាក់ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១០ ខែមីនា ដោយសារបញ្ហាសុខភាពរបស់ពួកគេ ដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។
ប្រទេសកម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី ១០ ខែកុម្ភៈ ដែលដំបូងឡើយចាក់វ៉ាក់សាំងផលិតដោយប្រទេសចិនឈ្មោះស៊ីណូហ្វាម (Sinopharm) ចំនួន ៦០ ម៉ឺនដូស ដែលចាក់មនុស្សបាន ៣០ ម៉ឺននាក់។ កាលពីដើមឡើយ ប្រជាពលរដ្ឋមួយចំនួនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ ដោយសារវាមិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ចាប់តាំងពីការឆ្លងសហគមន៍ទ្រង់ទ្រាយធំ គឺពីថ្ងៃទី ២០ ខែកុម្ភៈ ចំនួនអ្នកចាក់វ៉ាក់សាំងបានកើនឡើងជាបន្តបន្ទាប់ ស្របពេលកម្ពុជាក៏ទទួលបានវ៉ាក់សាំង AstraZeneca ជាង ៣២ ម៉ឺនដូស ដែលទទួលបានតាមយន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក។
រដ្ឋាភិបាលបានប្រកាសថាការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ ប៉ុន្តែដោយសារវ៉ាក់សាំងមានកំណត់ ត្រូវចាក់ក្រុមអាទិភាពជាមុនសិន។
ទោះជាយ៉ាងណា មានសេចក្តីរាយការណ៍ថាអស់វ៉ាក់សាំងរបស់ចិនឈ្មោះ ស៊ីណូហ្វាម នៅតាមកន្លែងចាក់វ៉ាក់សាំងមួយចំនួន។
កាលពីថ្ងៃពុធ មន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយលើកឡើងថា មន្ទីរពេទ្យបានអស់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាយុពី ១៨ ឆ្នាំ ទៅ ៥៩ ឆ្នាំ គឺសំដៅទៅលើវ៉ាក់សាំងរបស់ចិន។
សេចក្តីជូនដំណឹងខាងលើក៏បានបញ្ជាក់ផងដែរថា អ្នកចាក់វ៉ាក់សាំងលើកទីពីរ គឺទទួលចាក់ធម្មតា។
ចំណែករដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រឈមនឹងការឆ្លងសហគមន៍ច្រើន បន្ទាប់ពីរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងផងដែរថា រដ្ឋបាលខេត្តសូមផ្អាកការចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ពលរដ្ឋអាយុ ១៨ ឆ្នាំដល់ ៥៩ ឆ្នាំ ជាលើកទីមួយ មួយរយៈសិន ដោយត្រូវរង់ចាំការផ្តល់វ៉ាក់សាំងបន្ថែមទៀតពីក្រសួងសុខាភិបាល។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន និងលោក លី សូវ៉ាន់ បាននៅឡើយទេ។ VOA ក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីបណ្តាប្រធានមន្ទីរពេទ្យទទួលបន្ទុកផ្នែកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានដែរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា លោកសង្កេតឃើញសន្ទុះនៃចំនួនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺមានខ្លាំង ដោយសារការព្រួយបារម្ភជុំវិញការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
លោកបញ្ជាក់ថា៖ «សន្ទុះនៃការទៅចាក់វ៉ាក់សាំងនោះ គឺទីមួយ គឺពួកគាត់មានការព្រួយបារម្ភខ្លាំងពីកូវីដ១៩ ហើយជាពិសេសគឺព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលធ្វើឲ្យពួកគេបារម្ភកាន់តែខ្លាំង។ ហើយដែលម្នាក់ៗ គឺគាត់ប្រឹងប្រែងទៅចាក់ឲ្យបានលឿន និងឲ្យបានឆាប់នោះ»។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ក្រសួងផ្អាកចាក់វ៉ាក់សាំងស៊ីណូហ្វាមជាបណ្តោះអាសន្ន សម្រាប់អ្នកចាក់លើកដំបូង ហើយនឹងជូនដំណឹងឡើងវិញ នៅពេលក្រោយ ដោយសារមានភាពចាំបាច់រក្សាទុកវ៉ាក់សាំងសម្រាប់ចាក់ដូសទីពីរ។
វ៉ាក់សាំងដែលកម្ពុជាមានជាង ៩២ ម៉ឺនដូស ដែលអាចចាក់មនុស្សបានជាង ៤៦ ម៉ឺននាក់។ រដ្ឋាភិបាលប្រទេសចិនបានប្រកាសថា វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ ម៉ឺនដូសទៀត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងអាចចាក់មនុស្ស ២០ ម៉ឺននាក់ នឹងមកដល់កម្ពុជា នៅមុនចូលឆ្នាំខ្មែរ៕