លោក ស៊ុន ចន្ធី ធ្លាប់ចេញមុខតវ៉ាជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ លោកបានចូលរួមជាមួយអតីតគណបក្ស សម រង្ស៊ី តាំងពីអំឡុងចុងទសវត្សរ៍ ១៩៩០។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ខែឧសភា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ទីដែលលោកជួបសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សកម្លាំងជាតិ ដែលលោកបានបង្កើតកាលពីឆ្នាំមុន។
អ្នកដែលស្គាល់រូបលោកបានអះអាងថា លោក ស៊ុន ចន្ធី ជាអ្នកនយោបាយម្នាក់ដែលមានជំហររឹងមាំក្នុងការតស៊ូជាមួយគណបក្សជំទាស់ ដោយមិនប្រែប្រួលឡើយ។
កើតក្នុងគ្រួសារកសិករដែលមានស្រុកកំណើតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ លោក ស៊ុន ចន្ធី អាយុ ៤៤ ឆ្នាំ ជាកូនទី ២ ក្នុងចំណោមបងប្អូន៥នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស២នាក់។ ឪពុកឈ្មោះ ដូង សឿន អាយុ៨៧ ឆ្នាំ នៅរស់។ ចំណែកម្តាយឈ្មោះ យឹម ភន ស្លាប់ដោយសារជំងឺបេះដូង កាលពីឆ្នាំ ២០២៣។
លោក ស៊ុន ចន្ធី បានជាប់បាក់ឌុបក្នុងឆ្នាំ ១៩៩៩ នៅវិទ្យាល័យកំពង់ធំ ហើយលោកបានបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយរៀនផងធ្វើការផង និងបានចូលរួមធ្វើនយោបាយក្នុងនាមជាយុវជនរបស់គណបក្ស សម រង្ស៊ី។
ក្នុងឆ្នាំ ២០១៦ លោក ស៊ុន ចន្ធី បានរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ឯកទេសរដ្ឋបាល និងសាធារណៈនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
ការងារនយោបាយរបស់លោកសម្រាប់គណបក្សជំទាស់ គឺលោកធ្វើការនៅក្នុងខុទ្ទកាល័យប្រធានគណបក្ស សម រង្ស៊ី។ លោកចាប់ផ្តើមការងារដំបូងជាអ្នករដ្ឋបាលមួយរូប។ រហូតមកដល់ឆ្នាំ ២០១២ ទើបលោក ស៊ុន ចន្ធី ត្រូវបានគណបក្សចាត់ឱ្យទៅជួយការងារគណបក្សនៅក្នុងខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់លោក។ នេះបើតាមអ្នកស្គាល់រូបលោក។
ក្នុងឆ្នាំ ២០១៤ ពេលគណបក្សជំទាស់បានរៀបចំគណៈកម្មាធិការប្រតិបត្តិខេត្តទូទាំងប្រទេស លោក ស៊ុន ចន្ធី ក៏ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំរបស់អតីតគណបក្សសង្រ្គោះជាតិ។
រហូតមកដល់ឆ្នាំ ២០១៧ នៅពេលគណបក្សត្រូវរំលាយ លោក ស៊ុន ចន្ធី ត្រូវបានគេបិទសិទ្ធិធ្វើនយោបាយ ហើយកាលនោះ លោកមិនបានភៀសខ្លួនទៅក្រៅប្រទេស ឬចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដូចអ្នកនយោបាយជំទាស់មួយចំនួននោះទេ។
រហូតមកដល់ដើមឆ្នាំ ២០២២ បន្ទាប់ពីគណបក្សភ្លើងទៀនដំណើរការឡើងវិញបានមួយរយៈ លោក ស៊ុន ចន្ធី ក៏បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីចូលរួមជាមួយគណបក្សភ្លើងទៀននេះបន្តទៀត។ លោក ស៊ុន ចន្ធី ធ្លាប់ថ្លែងថា លោកជាអ្នកចាប់ផ្តើមសកម្មភាពនយោបាយរបស់គណបក្សភ្លើងទៀនមុនគេ។
នៅគ្រាដែលគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតកាលពីឆ្នាំ ២០២៣ លោក ស៊ុន ចន្ធី ចាប់ផ្តើមគិតថា មានតែការបង្កើតគណបក្សថ្មីទេ ទើបអាចជាក្តីសង្ឃឹមមួយសម្រាប់គណបក្សជំទាស់។
កាលពីខែមិថុនា ឆ្នាំមុន លោកបានបង្កើតគណបក្សកម្លាំងជាតិមួយ ដែលលោកជាប្រធានគណបក្ស។
ភរិយារបស់លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន អាយុ ៣៣ ឆ្នាំ ដែលទើបតែពរពោះពីរខែ ប្រាប់វីអូអេថា ស្វាមីរបស់គាត់ជាមនុស្សស្រឡាញ់យុត្តិធម៌ និងស្អប់អំពើអយុត្តិធម៌ក្នុងសង្គម។
អ្នកស្រីបញ្ជាក់ថា៖ «បងចន្ធី! អត្តចរិតរបស់គាត់ជាមនុស្សម៉ឺងម៉ាត់ ជាមនុស្សគោរពការងារ ឱ្យតម្លៃការងារ ចេះជួយចែករំលែកមនុស្សជុំវិញខ្លួន ហើយគាត់ក៏ជាមនុស្សស្រឡាញ់យុត្តិធម៌។ គាត់តែងតែឈឺឆ្អាលពីអ្វីដែលអយុត្តិធម៌ ហើយនៅពេលទំនេរគាត់ចូលចិត្តអានសៀវភៅច្រើន និងស្រាវជ្រាវ»។
លោក រ៉ុន ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លើកឡើងថា មូលហេតុដែលលោក ស៊ុន ចន្ធី ចាប់អារម្មណ៍ចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងតាំងពីដើមមក ដោយសារតែលោកចង់ឃើញសង្គមកម្ពុជាទទួលបានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សមួយពិតប្រាកដ និងមិនឃើញរឿងអយុត្តិធម៌ដែលកើតឡើងក្នុងសង្គមបន្តទៀត។
លោកថ្លែងថា៖ «គាត់មើលឃើញរឿងអយុត្តិធម៌សង្គមដែលកើតមាននៅក្នុងសង្គមកម្ពុជាយើងច្រើន អ៊ីចឹងហើយបានគាត់សម្រេចចិត្ត…គាត់ចូលរួមជាមួយនយោបាយនៅខាងអ្នកប្រជាធិបតេយ្យ ឬមួយយើងហៅថា បក្សប្រឆាំងហ្នឹងតែម្តង»។
លោក រ៉ុង ឈុន បញ្ជាក់ថា លោក ស៊ុន ចន្ធី ជាមនុស្សសកម្ម ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ស្មោះត្រង់នឹងការងារ និងប្រជាពលរដ្ឋ ហើយមានគោលជំហរនយោបាយរឹងមាំ។
លោកថ្លែងថា៖ «បើតាមខ្ញុំស្គាល់ចន្ធី គោលជំហររបស់គាត់រឹងមាំ។គាត់មិនអាចមានអ្នកណាមកផ្លាស់ប្តូរជំហររបស់គាត់បានទេ ព្រោះគាត់ស្មោះត្រង់ជាមួយនឹងអ្នកប្រជាធិបតេយ្យ ស្មោះត្រង់ជាមួយនឹងគណបក្ស ហើយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ មិនមានអ្នកណាមកអាចផ្លាស់ប្តូរនូវជំហរនយោបាយរបស់គាត់បានទេ»។
នៅក្នុងប្រទេសជប៉ុន លោក ស៊ុន ចន្ធី បានថ្លែងទៅអ្នកគាំទ្រគណបក្សកម្លាំងជាតិថា៖ «ខ្ញុំស៊ុន ចន្ធី ខ្ញុំថាយើងត្រូវប្រថុយក្នុងការតស៊ូ ការលះបង់។ បើគ្មានការធ្វើពាលីកម្មទេ គ្មានការលះបង់ទេ ការតស៊ូគ្មានន័យទេ មិនអាចផ្លាស់ប្តូរបានទេ...។ ខ្ញុំក្នុងឋានៈប្រធានគណបក្សកម្លាំងជាតិ តាងនាមឱ្យគណបក្សកម្លាំងជាតិទាំងមូល សូមសច្ចាចំពោះមុខបងប្អូននៅទីនេះថា គណបក្សកម្លាំងជាតិស្មោះត្រង់ជានិច្ចចំពោះមាតុភូមិរបស់ខ្លួន ស្មោះត្រង់ជានិច្ចចំពោះប្រជាពលរដ្ឋខ្មែរ។ គណបក្សកម្លាំងជាតិមិនរួមជាមួយបរទេសដើម្បីក្បត់ជាតិខ្លួនឯងជាដាច់ខាត»។
លោកថ្លែងដូច្នេះ ក្នុងពេលជួបសកម្មជននិងអ្នកគាំទ្រក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ គឺ ៤ ថ្ងៃមុនពេលលោកត្រូវចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញពេលលោកត្រឡប់មកដល់មាតុភូមិវិញ។
លោក រ៉ុង ឈុន យល់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ព្រោះលោក ស៊ុន ចន្ធី គ្រាន់តែបញ្ចេញមតិក្នុងន័យស្ថាបនានូវចំណុចខ្វះខាតរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ការដែលគាត់លើកឡើងនេះ ជាការបង្ហាញនូវចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងគោលបំណងលើកឡើងរិះគន់ស្ថាបនានោះទេ។ ដូច្នេះយើងមើលការចោទ វាមិនឆ្លើយតបទៅនឹងសង្គមយើងដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ...ដែលយើងមើលទៅវាមិនមែនជារឿងការអនុវត្តច្បាប់ទេ។ វាជារឿងនយោបាយច្រើនជាង បើតាមការវាយតម្លៃមតិអន្តរជាតិ ជាតិក្តី»។
ក្នុងពេលជួបសកម្មជននិងអ្នកគាំទ្រក្នុងប្រទេសជប៉ុន នោះ លោក ស៊ុន ចន្ធី បានថ្លែងក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានរយៈពេល ២ ម៉ោងនិង ៤០ នាទី។
លោកបានលើកឡើងថា៖ «គេថា បើអត់បោះឆ្នោតឱ្យគេទេ គេអត់ឱ្យដើរលើផ្លូវហ្នឹងទេ។ គេអត់ឱ្យកូនទៅរៀនទេ។ គេអត់ឱ្យបណ្ណក្រីក្រទេ។ អ្នកឯងឈឺទៅពេទ្យ គេអត់យកចិត្តទុកដាក់ទេ។ អ្នកឯងទៅសាលាឃុំស៊ីញ៉េឯកសារ គេអត់ស៊ីញ៉េឱ្យទេ តែគាត់ថា អត់តក់ស្លុត អ្ហែងអត់ឱ្យក៏ហីទៅ! អញបោះឱ្យភ្លើងទៀន។ ពេលភ្លើងទៀនឈ្នះឆ្នោត អញចង់បានអីក៏បាន»។
ការថ្លែងនេះទំនងត្រូវបាននគរបាលនិងតុលាការប្រើប្រាស់ដើម្បីឃាត់ខ្លួន លោក ស៊ុន ចន្ធី ភ្លាមៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
តុលាការបានលើកឡើងថា ការថ្លែងរបស់លោក ស៊ុន ចន្ធី «បានទម្លាក់កំហុសដោយអសុទ្ធចិត្តចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រថា មានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ»។
អ្នកស្រី យាន ស្រីយ៉ាន ភរិយារបស់លោក ស៊ុន ចន្ធី លើកឡើងថា ការថ្លែងរបស់ស្វាមីខ្លួនគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ។ អ្នកស្រីស្នើឱ្យតុលាការពិចារណាឡើងវិញចំពោះការចោទប្រកាន់ស្វាមី។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសូមសំណូមពរទៅដល់តុលាការដែលបានចោទប្តីនាងខ្ញុំ សូមពិចារណាសាឡើងវិញ។ សូមឱ្យគាត់ទម្លាក់បទចោទដែលគាត់ ខាងតុលាការបានចោទមកលើប្តីរបស់នាងខ្ញុំហ្នឹង ពីព្រោះការនិយាយពីការណ៍ពិត ពីសង្គម វាមិនមានកំហុសទេ»៕