ជន​ជាតិ​កូរ៉េ​ខាង​ជើង​ជាង​១ម៉ឺននាក់​ទទួល​បាន​​ទិដ្ឋាការសហរដ្ឋ​អាមេរិក​​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ

នេះ​ជា​គម្រប​លិខិត​ឆ្លងដែន​ដែល​ចេញ​ដោយ​កូរ៉េ​ខាង​ជើង។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ទិដ្ឋាការ​ជាង​១ម៉ឺន​ដល់​ជន​ជាតិ​កូរ៉េ​ខាង​ជើងក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ ដែល​ក្នុង​នោះ​ទិដ្ឋាការ​ចំនួន​១៨​​ត្រូវ​បានផ្តល់​ក្នុង​ឆ្នាំ​នេះ​ចាប់​​ពី​ខែ​មីនា​ដល់​ខែ​មិថុនា​ នេះ​បើយោង​តាម​ការ​វិភាគ​របស់ ទីភ្នាក់​ងារ​ព័ត៌មាន VOA អំពី​ប្រវត្តិ​នៃ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​នេះ។

អ្នក​វិភាគ​ជា​ច្រើននិយាយ​ថា ការ​ផ្តល់​ទិដ្ឋាការ​ដ៏​ច្រើន​បែបនេះ​ដល់​ជន​ជាតិ​កូរ៉េខាង​ជើង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ងាយ​រងគ្រោះ​ជាង​មុន​ចំពោះ​ភ្នាក់​ងារ​សម្ងាត់​ កូរ៉េខាង​ជើង​ដែល​ស្រដៀង​ទៅ​នឹង​ភ្នាក់ងារ​ចារកម្ម​មកពី​អតីត​សហភាព​សូវៀត​ដែល​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រយៈ​ពេល​វែង​ក្នុង​ការ​ធ្វើ​កិច្ច​ការ​សម្ងាត់​ផ្សេងៗ។

គេ​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ថា ​ជា​អ្នក​ខុស​ច្បាប់​ពីព្រោះ​ពួកគេ​ខ្វះ​ការ​ការពារ​ខាង​ផ្នែក​ការទូត​ផ្លូវការ។ ភ្នាក់ងារ​សម្ងាត់​ទាំង​នោះ​បាន​បន្លំ​អត្ត​សញ្ញាណ​របស់​ខ្លួន​ហើយ​ជា​រឿយៗ​ធ្វើ​ការ​ស៊ី​វិល​ធម្មតា។ ពួកគេ​មាន​តួនាទី​បង្កើន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល ផ្នែក​អាជីវកម្ម ​ផ្នែកសិក្សា​អប់រំ​ ហើយ​នឹង​ផ្នែក​ផ្សេង​ៗ​ទៀត​ដើម្បី​ស្វែងយល់​អំពី​ព័ត៌មាន​ផ្សេងៗ ​តាំង​ពី​ព័ត៌មាន​សេដ្ឋកិច្ច​រហូត​ដល់​ព័ត៌មាន​ខាង​ការពារ​ប្រទេស​ដែល​ពួកគេ​នឹង​អាច​រាយការណ៍​ទៅ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី។

​ពេល​នៅ​បរទេស ​ជន​ជាតិ​កូរ៉េខាងជើង​ក៏​ត្រូវ​បាន​គេ​ប្រគល់​ភារៈកិច្ច​ស្រដៀង​គ្នា​នេះ​ដែរ​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់​នានា។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Kim Byung Ki ​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ និង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Korea University ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។

លោក Kim និយាយ​ថា «សម្រាប់​ជន​ជាតិ​កូរ៉េខាង​ជើង ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ស្វែង​យល់​ពី​សង្គម​អាមេរិក ថាតើ​ពលរដ្ឋ​អាមេរិកាំង​មាន​គំនិត​យ៉ាង​ដូចម្តេច​ចំពោះ​កូរ៉េ​ខាង​ជើង ស្វែងយល់​កាន់​តែ​ច្រើន​អំពី​ឥរិយាបថ ចំណូល​ចិត្ត ទស្សនៈ​នយោបាយ ​និង​ទស្សនៈ​សង្គម​របស់​ពួកគេ។​ ខ្ញុំ​ជឿ​ជាក់​ថា ការណ៍​នេះ​ជា​កិច្ច​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​សម្ងាត់​ដ៏​សំខាន់​មួយ ​ដូចជា​ករណីនៅជំនាន់​សហភាព​សូវៀតដែរ‍»។

លោក Greg Scarlatoiu នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​បាន​ប្រាប់ VOA​ ថា ​ពលរដ្ឋ​កូរ៉េខាង​ជើងដែល​ធ្វើ​ដំណើរ​ទៅបរទេស​ ឬ​រស់​នៅ​បរទេស​ទំនង​ជា​សមាជិក​វណ្ណៈជាន់​ខ្ពស់របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ឧទាហរណ៍ មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un ​បាន​សិក្សា​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។​ ជីតា​និង​ឪពុក​របស់ Kim Jong Un បាន​ដឹកនាំ​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ។

​លោក Scarlatoiu ​បាន​និយាយថា «ពួកគេ​មិន​សូវ​ចេញ​មុខ​មាត់ ​ពួកគេ​រស់​នៅ​លាយ​ឡំ​ជាមួយ​គេ ​ប្រហែល​នៅ​ក្នុង​ករណី​ជា​និស្សិត មិត្តភក្តិ​របស់​ពួកគេ​នឹង​មិន​ដឹង​ថា​ ពួកគេ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ‍»។

​ VOA ​បាន​រក​ឃើញ​ថា កាល​ពី​ឆ្នាំ​ទៅ ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ទិដ្ឋាការ​ចំនួន​១​រយ​ទៅ​ឲ្យជន​ជាតិ​កូរ៉េខាង​ជើង ​ទិដ្ឋាការ​ចំនួន​៥២​នៃ​ទិដ្ឋាការ​ទាំង​នោះ​ជា​ប្រភេទ​ទិដ្ឋាការ​កិច្ចការ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​នៅ​ក្នុង​ប្រភេទ​ទិដ្ឋាការ B-1/B-2។ ទិដ្ឋាការ​ផ្សេង​ទៀត​ជា​អ្នក​ការទូត។

នៅ​ឆ្នាំ​នេះ ​ជន​ជាតិ​កូរ៉េខាង​ជើង​ចំនួន​១៨​នាក់​បាន​ទទួល​ទិដ្ឋាការ​ចាប់​តាំងពី​ខែ​មីនា​រហូត​ដល់​ខែ​មិថុនា ទិដ្ឋាការ​ចំនួន​៧​ជា​ប្រភេទ​ទិដ្ឋាការ​កិច្ចការ​ពាណិជ្ជកម្ម ឬ​ទិដ្ឋាការ​ទេសចរណ៍។

ការិយាល័យ​កិច្ចការ​កុងស៊ុល​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​ស្ថិតិ​ទិដ្ឋាការ​ប្រចាំ​ខែ​កាល​ពី​ខែ​មេសា។

និមិត្តសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គេ​ដាក់​នៅ​ពី​មុខ​អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​នេះ ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

VOA បាន​ពិនិត្យ​មើល​ស្ថិតិ​ទិដ្ឋាការ​មិនមែនអន្តោប្រវេសន៍​ប្រចាំ​ឆ្នាំ​ដែល​បាន​ចេញ​ដោយ​ការិយាល័យ​កិច្ចការ​កុងស៊ុល​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០១៦​និង​តួលេខ​ប្រចាំ​ខែ​ពី​ឆ្នាំទាំង​នោះ។ ទិដ្ឋាការ​អន្តោប្រវេសន៍​មិន​រួម​បញ្ចូល​ក្នុង​នោះ​ទេ ​ពី​ព្រោះ​តែ​ការិយាល័យ​នោះ​មិន​អាច​ធ្វើ​កំណត់​ត្រា​នៃ​ទិដ្ឋាការ​អន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​សញ្ជាតិ។​ ជន​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​បាន​បោះ​បង់ចោល​សញ្ជាតិ​របស់​ខ្លួន​ដូចជា​អ្នករត់​ចោល​ប្រទេស ក៏​មិន​រួម​បញ្ចូល​នៅ​ក្នុង​ការ​វិភាគ​នេះ​ដែរ។

ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០០១​ ពាក់​កណ្តាល​នៃ​អាណត្តិ​ទី​២​នៃ​ការ​កាន់​តំណែង​របស់​ប្រធានា​ធិបតី​គ្លីតុន ​ជន​ជាតិ​កូរ៉េខាង​ជើង​ជាង​១ពាន់​២រយនាក់​បាន​ទទួលទិដ្ឋាការកិច្ចការ​ពាណិជ្ជកម្មឬ​ទេសចរណ៍​ជារៀងរាល់​ឆ្នាំ ​ដោយ​មាន​ចំនួន​រាប់​សិប​នាក់​បាន​ទទួល​ទិដ្ឋាការ​និស្សិត​ ឬ​ការទូត។​ ៩​នាក់​បាន​ទទួល​ទិដ្ឋាការ​ការងារ។

មន្ត្រី​ក្រសួង​ការបរទេស​ម្នាក់​បាន​ប្រាប់ VOA ថា មិន​មាន​កំណត់ត្រា​ពី​ទីកន្លែង​ដែល​ជន​ជាតិ​កូរ៉េខាង​ជើង​បាន​ទទួល​ទិដ្ឋាការ​កិច្ចការ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​នឹងធ្វើ​ដំណើរ​នៅក្នុង​សហរដ្ឋ​អាមេរិក​ទេ។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិ​នបាន​តាមដាន​គោលបំណង​ជាក់​លាក់​របស់​អ្នកដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដើម្បី​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ទេ នេះ​តាម​ព័ត៌មានដែល​បាន​ប្រមូល​តាម​រយៈ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ និង​សម្ភាសន៍។

មន្ត្រី​រូប​នោះ​និយាយ​ថា «មិន​មាន​របៀបតាម​បែប​លក្ខណៈ​ប្រព័ន្ធ​អ្វី​ទេ។ ហើយ​វា​នឹង​មិន​អាច​ធ្វើ​បាន​ទេ​ពី​ព្រោះតែ​ទិដ្ឋាការ​ជា​រឿយៗ​អនុញ្ញាត​ឲ្យចេញចូល​សហរដ្ឋ​អាមេរិក​បាន​ច្រើន​ដង។ ទិដ្ឋាការ​ចូលបាន​ច្រើន​ដង​ឬ Multiple-entry Visa ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ច្រើន​ដង​ទៅ​តាម​ចំនួន​ដែល​ចែងនៅ​ក្នុង​ទិដ្ឋាការ។

​មន្ត្រី​រូប​នោះ​និយាយ​ទៀត​ថា ​អ្នកដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទាំងអស់ «តម្រូវ​ឲ្យធ្វើទៅ​តាមបទដ្ឋានត្រួតពិនិត្យ​ខាង​សន្តិសុខ​យ៉ាង​តឹង​តែង​បំផុត‍» ហើយ​សហរដ្ឋ​អាមេរិក​ចេញ​ទិដ្ឋាការ​ទៅ​ឲ្យ​ជន​ណា​ដែល​បំពេញ​ទៅ​តាម​លក្ខខណ្ឌពាក្យ​សុំ​ទិដ្ឋាការ​ហើយ​នឹង​មិន​គំរាម​កំហែង​ខាង​សន្តិសុខ។ មន្ត្រី​រូប​នោះ​និយាយ​ទៀត​ថា ពី​ព្រោះ​តែ​សហរដ្ឋ​អាមេរិកមិន​មាន​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​កូរ៉េខាង​ជើង ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទាំង​អស់​សម្រាប់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ចេញ​ឲ្យ​ នៅ​ក្រៅ​ប្រទេស។

ក្រៅពី​ទិដ្ឋាការ​ការទូត​សម្រាប់​មន្ត្រី​ដែលធ្វើ​ការ​នៅ​ទីស្នាក់ការ​ធំរបស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ជន​ជាតិ​កូរ៉េខាង​ជើង​ក៏​បាន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ប្រភេទ​ទិដ្ឋាការ​មួយ​ចំនួន​ដែរ។​ នៅចន្លោះ​ឆ្នាំ​១៩៩៧​និង​ឆ្នាំ​២០១៦ ​ជន​ជាតិ​កូរ៉េ​ខាង​ជើង​បាន​ទទួល​ទិដ្ឋាការ​និស្សិត F-1 ចំនួន​២៨១​និង​ទិដ្ឋាការ​ប្រភេទ H-1B ​ចំនួន១៥​ដែល​អនុញ្ញាត​ឲ្យ​និយោជក​សហរដ្ឋ​អាមេរិក​ជួល​កម្មករ​បរទេស​ដែល​មាន​ជំនាញ​ជាក់លាក់។

លោក Keith Luse នាយក​ប្រតិបត្តិរបស់​គណៈកម្មាធិការ​ស្តី​ពី​កូរ៉េ​ខាង​ជើង​បាន​សរសេរ​ប្រាប់ VOA​ ថា ជន​ជាតិ​កូរ៉េខាង​ជើង​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​អប់រំ​ និង​វប្បធម៌​នៅក្នុង​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​មុខ​វិជ្ជា​វេជ្ជសាស្ត្រ​រហូត​ដល់​កសិកម្ម។

ជន​ជាតិ​កូរ៉េ​ខាង​ជើង​ផ្សេង​ទៀត​ដែល​ទទួល​បាន​ទិដ្ឋាការ​រួមមាន​អត្ថពលលិក ​វិចិត្រករ អ្នក​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ​នាវិក​នៅ​លើ​កប៉ាល់​ដែល​មាន​ដាក់​ទង់​ជាតិ​បរទេស បុគ្គលិក​ក្រុមហ៊ុន​អន្តរជាតិ ទេសចរណ៍​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​និង​គូរដណ្តឹង​របស់​ពលរដ្ឋ​សហរដ្ឋ​អាមេរិក។

លោក Kim Jong-un ធ្វើ​ទស្សនកិច្ច​ទៅ​កសិដ្ឋាន​ផ្សិត​នៅ​ក្នុង​រូបភាព​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣។

​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង​ចាប់​តាំ​ង​ពី​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ចូលកាន់​តំណែង។ នៅ​ឆ្នាំ​នេះ ​កូរ៉េខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​១៨​ដង​ហើយ​ក្រសួង​ការបរទេស​អាមេរិក​បាន​រារាំងពលរដ្ឋអាមេរិកាំង​ភាគ​ច្រើន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​បន្ទាប់​ពីការ​ស្លាប់​និស្សិត Otto Warmbier មក។ និស្សិត​សាកល​វិទ្យាល័យ​រូប​នេះត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​១៨​ខែ។ លោក Warmbier បាន​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អា​មេរិក​ដោយ​សន្លប់​មិនដឹង​ខ្លួន​ហើយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី១៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៧។

ក៏ប៉ុន្តែ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ជើង​មិន​តឹង​តែ​ជានិច្ច​កាលដូច​នៅ​ពេល​សព្វថ្ងៃ​នេះ​ទេ។ ​ហើយ​ទោះ​បី​នៅ​ពេល​ឥឡូវ​នេះ ​ការទាក់​ទង​កំពុង​ធ្វើ​ឡើង​ជា​ប្រចាំ​រវាង​លោក Joseph Yun បេសកជន​សហរដ្ឋ​អាមេរិក​សម្រាប់​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​និង​លោក Pak Song II ជា​អ្នក​ការទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​សម្រាប់​បេសកកម្ម​របស់​កូរ៉េ​ខាង​ជើង​នៅ​អង្គការ​សហប្រជាជាតិ នេះ​យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ និង​យោងតាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Associates Press។ មន្ត្រី​ទាំង​នោះ​មិន​ត្រូវ​បានគេ​អនុញ្ញាត​ឲ្យ​ពិភាក្សា​ការផ្តាស់​ប្តូរ​ការ​សម្ងាត់​ហើយ​បាន​និយាយ​ទៅ​កាន់​ទីភ្នាក់​ងារ​ព័ត៌មាន AP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

លោក Robert Gallucci ​ប្រធានអ្នក​ចរចា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​នៃ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ក្នុង​ទសវត្សរ៍​១៩៩០​ប្រាប់ VOA ថា ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០១ ​រដ្ឋ​បាល​របស់​លោក​គ្លីនតុន បាន​កត់​សម្គាល់​នូវ​ភាព​ស្ងប់​ស្ងាត់​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង ​នៅពេល​ដែល​ការ​ខំ​ប្រឹងប្រែងធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ឡើង​វិញ​រវាង​រដ្ឋាភិបាល​ទាំង​២​បាន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត។

លោក Gallucci បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ​រយៈ​ពេល​នោះ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​២​មាន​ភាព​ប្រសើរ​ឡើង​ភាគ​ច្រើន​ពីព្រោះ​តែ​យើង​បានគិតថា ​យើង​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ពី​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ទសវត្សរ៍​៩០‍»។

ក្នុង​អំឡុង​ពេល​នៃ​ការ​តំណែង​របស់​លោក​គ្លីនតុន កូរ៉េខាង​ជើងបាន​ជួប​ប្រទះ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​ហើយ​និង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ច្រើននៅ​ពេល​ដែល​របប​នេះ​បាន​ខិត​ខំ​គេចវេស​ពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​កូរ៉េខាង​ជើង​បាន​យល់​ព្រម​នៅ​ឆ្នាំ​១៩៨៥​ហើយ​បាន​ចាក​ចេញ​នៅ​ឆ្នាំ​២០០៣។

លោក Gallucci បាន​និយាយទៀត​ថា «ទំនាក់​ទំនង​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពីរដ្ឋ​បាល​របស់​លោក George W. Bush ​ដែល​បានចាត់​ទុក​របបក្រុង​ព្យុងយ៉ាង​ជា​ប្រទេស​គាំទ្រ​អំពើ​ភេរវកម្ម​ ឬ Axis of Evil នៅ​ពេល​ដែល​រដ្ឋបាល​លោក Bush មាន​ការ​ខ្វែងគំនិត​អំពី​តម្លៃ​នៃ​នៃ​ការ​ទាក់​ទង​ជាមួយ​កូរ៉េ​ខាង​ជើង‍»។

រដ្ឋបាល​របស់​លោក​ Bush ​រួម​ជាមួយ​ប្រទេស​ចិន ​ជប៉ុន រុស្ស៊ី​ និងប្រទស​កូរ៉េ​ទាំង​២ ​បាន​ចូលរួម​នៅ​ក្នុងការចរចា​៦​ភាគី ​ជាសន្និបាត​មួយ​ដែល​មាន​គោល​បំណង​រុះរើ​ប្រតិបត្តិការ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ប្រទេស​ទាំង៦​នោះ​បាន​កោះ​ប្រជុំ​លើក​ទី​៦​ដែល​ជា​លើក​ចុងក្រោយ​នៅឆ្នាំ​២០០៨ ​នៅពេល​ដែល​កូរ៉េខាង​ជើង​បាន​សម្រេច​បោះ​បង់​ចោល​ការ​ខំ​ប្រឹងប្រែង​ដើម្បី​រុះរើ​រោងចក្រ​នុយក្លេអ៊ែរ​នោះ។

​ការ​ប៉ុនប៉ង​ដើម្បីនាំ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​វិល​ត្រឡប់​មក​កាន់​តុចរចា​វិញ​បាន​គាំង​ដំណើរការ​នៅ​ឆ្នាំ​បន្ទាប់ៗ៕

ប្រែសម្រួលដោយ ជឹង ​ប៉ូជីន