កម្មករ​ជាង​១,៣០០​នាក់ ដាក់​ស្នាម​មេដៃ​សុំ​ឲ្យ​លោក ហ៊ុន សែន សង្គ្រោះ EBA

រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​​នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

សហព័ន្ធ​សហជីព​កម្ពុជា​ដែល​ធ្វើការ​ការ​ពារ​សិទ្ធិ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ បានដាក់​ញត្តិ​មានស្នាម​មេដៃ​កម្មករ​រោង​ចក្រ​ជាង​១,៣០០​នាក់ ​ អំពាវនាវឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បំពេញតាម​សំណើ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​រក្សាទុកប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍»​ ឬ​ហៅ​កាត់​ថា​(EBA)។

សហភាព​អឺរ៉ុប​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBAជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដែល​ការ​រំលោភ​បំពាន​ទាំង​នោះ​ មាន​ការ​បង្ក្រាប​លើ​គណបក្ស​នយោបាយ​ អង្គការ​មិនមែនរដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ក្នុង​ញ្ញត្តិ​របស់​សហព័ន្ធ​សហជីព​កម្ពុជា​ ដែល​ស្ថិត​ក្រោម​សហភាព​សហជីព​កម្ពុជា ​របស់​លោក​រ៉ុង ឈុន​ បានស្នើឲ្យលោក​ហ៊ុន សែន​ ប្រមុខរដ្ឋាភិបាល​កម្ពុជា​ បើក​ចំហរ​ប្រព័ន្ធ​នយោបាយ​ឲ្យ​មាន​លក្ខណៈ​ទូលាយ ​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​ការ​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​វិស័យ។

ញ្ញតិ្ត​ដែល​បាន​ផ្ញើ​ទៅ​លោក ហ៊ុន សែន ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​បញ្ជាក់​ថា៖ «បើ​យើង​ខ្ញុំ​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​តែការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​សហភាព​អឺរ៉ុប យើង​ខ្ញុំ​នឹង​ចាត់​ទុក​ថ្នាក់​ដឹកនាំ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ជាអ្នក​ទទួល​ខុស​ត្រូវ ហើយ​ជា​អ្នក​នាំ​មក​នូវ​ទុក្ខ​លំបាក​ដល់​យើង​ខ្ញុំ និង​ក្រុម​គ្រួសារ​»។

បន្ថែម​លើ​ការ​ដាក់​ញ្ញត្តិនេះ​ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ក្នុងសន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​លោក​ទទូច​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ផងនោះ​ ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​ស្ថិរភាព​ចំណូល​ និង​ការងារ​របស់កម្មករ។

ថ្លែង​នៅ​ស្នាក់​ការ​របស់​សហភាព​សហជីព​កម្ពុជា​ លោក រ៉ុង ឈុន ​សង្កត់​ធ្ងន់​ថា ​ប្រសិនបើ​កម្ពុជា​ត្រូវ​បាត់​បង់ EBA នោះ​កម្ពុជា​នឹង​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។

«បើ​សង្គម​កម្ពុជា​យើង ពលរដ្ឋ​របស់​ខ្លួន​បាត់​បង់​ការងារ ​បាត់បង់​ប្រាក់​ចំណូល ​ពេល​ហ្នឹង​ចលាចល​ហើយ។ នៅ​ពេល​ចលាចល​ហ្នឹង​ហើយ ​សង្គម​មាន​អសន្តិសុខ​សង្គម ប្រជាពលរដ្ឋ​កាប់​ចាក់ លួច​ប្លន់ ​ដណ្តើម​គ្នា​រស់ អាហ្នឹង​ហើយ​វា​ជា​បញ្ហា»។

ខុទ្ទ​កាល័យ​របស់​លោក ​ហ៊ុន សែន​ បាន​បដិសេធ​មិន​ទទួល​យក​ញ្ញត្តិ​របស់​ក្រុម​សហជីព​ដែល​ដឹកនាំ​ដោយ​លោក ​រ៉ុង ឈុន​ នោះ​ទេ។

លោករ៉ុង ឈុន​ដែល​ជាអតីត​សមាជិក​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ហៅកាត់​ថា​ (គ.ជ.ប.)​ ​ បាន​ចាត់​ទុក​ថា​ ការច្រាន​ចោល​ញ្ញតិ្តក្រុម​សហជីព​ដែល​មាន​ស្នាម​មេដៃ​កម្មករ ជាចេតនា​បញ្ជាក់​ពីការមិន​ខ្វាយខ្វល់​របស់​រដ្ឋាភិបាល​ចំពោះ​ទុក្ខ​កង្វល់​របស់​កម្មករ​។

VOA ​មិន​អាច​ទាក់​ទង​សុំ​ការអធិប្បាយ​ពី​លោក​គង់ ចំរើន​ មន្ត្រី​បម្រើ​ការ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ទេ​នៅ​ថ្ងៃសុក្រ​នេះ។

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ចំណែក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ហៅ​ថា​ «គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍» ឬ​ EBA​ ​បាន​ផ្តល់ប្រាក់ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ក្នុង​មួយ​ឆ្នាំៗ តាមរយៈ​ការ​នាំ​ចេញ​ទំនិញ​ដោយ​មិន​បង់ពន្ធ។ សហភាព​អឺរ៉ុប​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ដល់​កម្ពុជា​តាំងពី​ឆ្នាំ​២០០១ ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។

កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកាឆ្នាំ​២០១៩​ សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​វាយតម្លៃពី​ស្ថានភាព​ប្រទេស​កម្ពុជា​លើក​ទី​ពីរ​ ក្រោម​ក្របខណ្ឌ​ឋានៈអនុគ្រោះ​ពន្ធ​ EBAនេះ ទៅកាន់​រដ្ឋាភិបាល​កម្ពុជា។​

រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើម​ខែ​ធ្នូ​កន្លងទៅ​ ក៏​បាន​ផ្ញើ​របាយការណ៍​ឆ្លើយតប​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​ គេមិន​បាន​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ ទៅ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប ពាក់​ព័ន្ធនឹង​ការ​ស្តារ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះទេ​។

លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ ប្រាប់ VOA ថា រដ្ឋាភិបាល​មិន​ចង់​ឲ្យ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ ប៉ុន្តែ​លោក​ថា ការ​បាត់​បង់ EBA ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ដែរ។

«យើង​អត់​ចង់​ឲ្យ​បាត់​បង់​ទេ ក៏​ប៉ុន្តែ​គណៈកម្មការ​អឺរ៉ុប​ហ្នឹង​ដោយសារ​គាត់​មាន​និន្នាការ​អ្នក​នេះ​អ្នក​នោះ គាត់​ចង់​គៀប​សង្កត់រាជ​រដ្ឋាភិបាល​កម្ពុជា អញ្ចឹង​មិន​អាច​ឲ្យរដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ធ្វើ​ទោរ​ទន់​ទៅ​តាម​គាត់ ​ដើម្បី​ដោះ​ដូរ​យក​ឯករាជ្យ​របស់​ខ្លួន​ហ្នឹង​ ទៅ​ដូរ​យក​ EBA ដែល​គាត់​សម្លុត​គេ​នោះ​ទេ»។

បន្ទាប់ពីសហភាព​អឺរ៉ុបដាក់​របាយការណ៍​លើក​ទីពីរ​ស្តីពី​ស្ថានភាព​កម្ពុជា​ក្រោម​ឋានៈអនុគ្រោះពន្ធ​EBA​នោះ​មក​ ​សហគមន៍​ដែល​មាន​សមាជិក​២៨​ប្រទេស​នេះនឹង​សម្រេច​ថា ខ្លួន​ត្រូវ​ព្យួរ​ EBAពី​កម្ពុជា​ ឬ​យ៉ាងណា នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០។ ការសម្រេច​នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កម្មករ​ក្នុង​ឧស្សាកម្ម​កាត់​ដេរ​ជិត​៨០ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី និង​ប្រជាពលរដ្ឋ៣លាននាក់​ទៀត​ ដែល​មិនមែន​ជា​កម្មករ​។​

VOA បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី Carmen MORENO ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​អ្នកនាង Mina Andreeva ​ប្រធាន​ក្រុម​អ្នកនាំ​ពាក្យ​របស់​សហគមន៍​អឺរ៉ុប ​ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ មិនទាន់​មានការ​ឆ្លើយ​តប​នៅ​ឡើយ។

ក្រៅ​ពី​សហភាព​អឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ ​ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ជាបន្ត​បន្ទាប់​លើ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​ ​ពាក់ព័ន្ធនឹង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ផង​ដែរ។​ ​ការ​ព្រមាន​ដកពន្ធ​អនុ​គ្រោះ​របស់​សហភាព​អឺរ៉ុប​ ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ផលិត​ផល​មួយ​ចំនួន​ក៏​អាច​នឹង​ដក​ការ​អនុគ្រោះ​នេះ​ផង​ដែរ៕